(ភ្នំពេញ)៖ អតីតតំបន់សាំងដូមីនិក (Saint Domingue) ដែលជាប្រទេសហៃទីនាសម័យបច្ចុប្បន្ននេះ ពីមុនមកធ្លាប់ជាដែនដីអាណានិគមរបស់ប្រទេសបារាំង នៅលើកោះអេស្ប៉ាញ៉ុលឡា (Hispaniola) នៃតំបន់សមុទ្រការីបង់ ចាប់តាំងពីឆ្នាំ១៦៥៩។

ក្រោយទទួលបានឥទ្ធិពលពីបដិវត្តបារាំង ទាសករបាននាំគ្នាក្រោកឈរដើម្បីប្រយុទ្ធប្រឆាំងនឹងអ្នកជិះជាន់ដែលជាចៅហ្វាយនាយរបស់ពួកគេ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៧៩១។ អតីតទាសករសរុបជាង១០០,០០០នាក់បានចូលរួមក្នុងបុព្វហេតុនេះ ដោយសម្លាប់ម្ចាស់ចម្ការ និងបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ។ ក្រុមម្ចាស់អាណានិគមបារាំងបានត្រៀមខ្លួនសម្រាប់ចលនាបះពោរនោះ ប៉ុន្តែវាមិនអាចជួយអ្វីច្រើននោះឡើយ។ បដិវត្តន៍នេះដឹកនាំដោយអតីតទាសករឈ្មោះ ទូសសាំង លូវែរតៀរ (Toussaint L'Ouverture) ក្រុមអ្នកបដិវត្តបានកាន់កាប់១ភាគ៣នៃកោះហ៉ីស្ប៉ានីញ៉ូឡានៅត្រឹមឆ្នាំ១៧៩២។ ដើម្បីបញ្ឈប់ការបង្ហូរឈាម សភានៅប្រទេសបារាំងក៏បានសម្រេចផ្តល់សិទ្ធិដល់ក្រុមជនជាតិស្បែកខ្មៅនៅតំបន់សាំងដូមីនិក។

នៅឆ្នាំ១៧៩៣ ក្រុមប្រជាជនស្បែកសដែលតាំងទីនៅលើដែនដីអាណានិគមនោះ បានធ្វើកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេស។ ចក្រភពអង់គ្លេសដែលកំពុងព្រួយបារម្ភអំពីការបះបោរក្នុងទឹកដីខ្លួននៃតំបន់ការីបង់នោះ (ជាពិសេសនៅហ្សាម៉ាអ៉ីក) បានយល់ព្រមដណ្តើមយកតំបន់សាំងដូមីនិកពីបារាំង ហើយស្តាររបបទាសភាពឡើងវិញ។ ប្រទេសអេស្ប៉ាញក៏បានចូលទៅក្នុងជម្លោះនេះដែរ ដោយសារតែដែនដីអាណានិគមរបស់ពួកគេ គឺសាន់តូដូមីងហ្គោ (Santo Domingo) ក៏មានទីតាំងនៅលើកោះហ៉ីស្ប៉ានីញ៉ូឡានោះដូចគ្នា។ បន្ទាប់ពីបារាំងបានលុបបំបាត់ទាសភាពជាផ្លូវការនៅតំបន់សាំងដូមីនិកក្នុងឆ្នាំ១៧៩៤ មេដឹកនាំ លូវែរតៀរ បានប្តូរពីការប្រយុទ្ធប្រឆាំងនឹងបារាំងទៅជាការប្រយុទ្ធឱ្យបារាំងវិញ។ នៅទីបំផុត អង់គ្លេសបានបោះបង់កិច្ចប្រឹងប្រែងរបស់ខ្លួនបន្ទាប់ពីការបរាជ័យជាបន្តបន្ទាប់។ នៅឆ្នាំ១៨០១ លោក លូវែរតៀរ បានប្រកាសខ្លួនឯងថាជាអគ្គទេសាភិបាលអស់មួយជីវិតនៅលើកោះហ៉ីស្ប៉ានីញ៉ូឡា។

យ៉ាងណាក៏ដោយ មេដឹកនាំបដិវត្តន៍រូបនេះត្រូវបានចាប់ខ្លួនដោយកងទ័ពរបស់ណាប៉ូឡេអុង ដែលត្រូវបញ្ជូនឱ្យទៅដណ្តើមយកតំបន់សាំងដូមីនិកមកវិញ។ លូវែរតៀរ បានស្លាប់នៅក្នុងគុកបារាំង ប៉ុន្តែមេទ័ពម្នាក់របស់លោក គឺលោក ហ្សង់ហ្សាក់ ដេសសាលីន (Jean-Jacques Dessalines) បានដឹកនាំកងកម្លាំងរបស់លោកឱ្យទទួលជ័យជម្នះនៅសមរភូមិវែរតៀរ៉េ (Vertieres) ក្នុងឆ្នាំ១៨០៣។ នៅថ្ងៃចូលឆ្នាំថ្មីឆ្នាំ១៨០៤ ហៃទីបានក្លាយជាសាធារណរដ្ឋជនជាតិស្បែកខ្មៅដំបូងគេ នៅពេលដែលលោក ដេសសាលីន បានប្តូរឈ្មោះដែនដីអាណានិគមសាំងដូមីនិក និងប្រកាសឯករាជ្យរបស់ខ្លួន។ ក្រុមអ្នកប្រវត្តិសាស្រ្តចាត់ទុកបដិវត្តហៃទីជាការបះបោរទទួលជោគជ័យធំជាងគេរបស់ក្រុមទាសករនៅលោកខាងលិច ដោយវាបានជះឥទ្ធិពលនៅទូទាំងទ្វីបអាមេរិក៕