(ភ្នំពេញ)៖ សូរ្យគ្រាសអាចកើតឡើងទៅបាន ទាល់តែនៅអំឡុងដំណើរគោចររបស់ផែនដី និងព្រះចន្ទជុំវិញព្រះអាទិត្យ វត្ថុទាំងបីឈានដល់ចំណុចមួយ ដែលធ្វើឲ្យពួកវាស្ថិតក្នុងលក្ខណៈតម្រៀបជួរគ្នាជាខ្សែបន្ទាត់ត្រង់មួយ ដោយព្រះអាទិត្យ និងផែនដីស្ថិតនៅចំហៀងម្ខាងម្នាក់នៃព្រះចន្ទ។ រីឯសម្រាប់ចន្ទគ្រាសវិញ គឺនៅពេលផែនដីស្ថិតនៅចន្លោះព្រះអាទិត្យ និង​ព្រះចន្ទ។ ជាទូទៅ ក្នុងមួយឆ្នាំ បាតុភូតសូរ្យគ្រាស និងចន្ទគ្រាសអាចកើតមានចន្លោះ២-៥ដង។

* តើសូរ្យគ្រាស និងចន្ទគ្រាសមានប៉ុន្មានប្រភេទ?

យោងតាមការកំណត់របស់ក្រុមអ្នកតារាសាស្រ្ត បាតុភូតសូរ្យគ្រាសត្រូវបានបែងចែកចេញជា៣ប្រភេទ រួមមាន៖ សូរ្យគ្រាសពេញលេញ (Total Solar Eclipse), សូរ្យគ្រាសមិនពេញលេញ (Partial Solar Eclipse) និងសូរ្យគ្រាសចិញ្ចៀនភ្លើង (Annular Eclipse)។

១. សូរ្យគ្រាសពេញលេញ៖ វាកើតឡើងនៅពេលយើងមើលពីផែនដីទៅ គឺព្រះចន្ទបាំងព្រះអាទិត្យជិតឈឹងតែម្តង។ សូរ្យគ្រាសប្រភេទនេះអាចត្រូវមើលឃើញ តែនៅតំបន់មួយចំនួនតូចប៉ុណ្ណោះលើផែនដី ពេលវាកើតមានម្តងៗ។

២. សូរ្យគ្រាសមិនពេញលេញ៖ វាកើតឡើងនៅពេលយើងមើលពីផែនដីទៅ គឺព្រះអាទិត្យមិនត្រូវបានកំបាំងជិតឈឹងដោយព្រះចន្ទឡើយ ដែលវាអាចកើតឡើងនៅក្រោមកម្រិត ១០០ភាគរយ ដែលពន្លឺព្រះអាទិត្យនៅមានជាធម្មតា គ្រាន់តែស្រទន់ជាងមុនបន្តិច។

៣. សូរ្យគ្រាសចិញ្ចៀនភ្លើង៖ វាកើតឡើងនៅពេលយើងមើលពីផែនដីទៅ គឺមួយតួខ្លួនព្រះចន្ទបាំងព្រះអាទិត្យមែន តែមិនជិតឈឹង ឬធ្វើឲ្យងងឹតតែម្តងដូច «សូរ្យគ្រាសពេញលេញ» នោះឡើយ គឺព្រះចន្ទមើលទៅរាងតូចជាងព្រះអាទិត្យ ដែលប្រការនេះបណ្តាលឲ្យសូរ្យគ្រាសនោះ មើលទៅដូចជាចិញ្ចៀនភ្លើងមួយយ៉ាងដូច្នោះ។

ដោយឡែក ប្រភេទបាតុចន្ទគ្រាស ក៏ត្រូវបានអ្នកវិទ្យាសាស្រ្តបែងចែកជា៣ដូចគ្នាដែរ រួមមានចន្ទគ្រាសពេញលេញ (Total Lunar Eclipse), ចន្ទគ្រាសមិនពេញលេញ (Partial Lunar Eclipse) និងចន្ទគ្រាសមានស្រមោលស្ទង់ៗ (Penumbral Lunar Eclipse)។ មុនពេលស្វែងយល់អំពីភាពខុសគ្នារវាងប្រភេទចន្ទគ្រាសទាំង៣ ជាដំបូងយើងត្រូវដឹងថា ផែនដីរបស់យើងជះស្រមោលបែបណា នៅពេលត្រូវពន្លឺព្រះអាទិត្យ។ ពោលគឺនៅពេលនោះ ភពយើងនឹងជះស្រមោល២ផ្សេងគ្នា ដោយ១ជាស្រមោលជះ ក្នុងលក្ខណៈរង្វាស់មុំធំមួយ ហៅថា Penumbra ខណៈស្រមោល១ទៀតជះក្នុងរង្វាស់មុំតូច ប៉ុន្តែងងឹតខ្លាំង ហៅថា Umbra។ តាមពិតទៅអំឡុងសូរ្យគ្រាស នៅពេលបាំងពន្លឺព្រះអាទិត្យ ព្រះចន្ទក៏ជះស្រមោល២ផ្សេងគ្នា Penumbra និង Umbra ដែរ។ កន្លែងលើផ្ទៃផែនដី ដែលត្រូវស្រមោល Penumbra របស់ព្រះចន្ទជះចំ មើលឃើញសូរ្យគ្រាសមិនពេញលេញ ខណៈ​កន្លែងដែលត្រូវចំស្រមោល Umbra គឺមើលឃើញបាតុភូតសូរ្យគ្រាសពេញលេញទាំងស្រុង។

១. ចន្ទគ្រាសមានស្រមោលស្ទង់ៗ៖ វាកើតឡើងនៅពេលព្រះចន្ទគោចរកាត់ត្រឹមស្រមោលធំមិនសូវងងឹត នៅខាងក្រៅស្រមោល Umbra របស់ផែនដី។ អំឡុង​ចន្ទគ្រាសប្រភេទនេះ យើងមើលសឹងតែគ្មានឃើញភាពខុសប្លែកអ្វីទាំងអស់ ចំពោះផ្ទៃព្រះចន្ទ សូម្បីតែនៅពេលប្រើតេឡេស្កូបក៏ដោយ។

២. ចន្ទគ្រាសមិនពេញលេញ៖ វាកើតឡើងនៅពេលដែលព្រះអាទិត្យ ផែនដី និងព្រះចន្ទ មិនស្ថិតនៅលើខ្សែបន្ទាត់ត្រួតស៉ីគ្នាល្អឥតខ្ចោះ ដោយមានតែផ្នែកខ្លះប៉ុណ្ណោះនៃព្រះចន្ទ ដែលគោចរចូលទៅក្នុងស្រមោល Umbra របស់ផែនដី ជាហេតុធ្វើឱ្យពួកយើងមើលឃើញ ផ្ទៃព្រះចន្ទ​តែមួយផ្នែកដែលងងឹត អំឡុងចន្ទគ្រាស។ ចន្ទគ្រាសមិនពេញលេញនេះ ពេលខ្លះផ្ទៃព្រះចន្ទអាចងងឹតត្រឹមតែមួយផ្នែកតូចចន្លោះ១០-៥០ភាគរយ ខណៈពេលខ្លះទៀត អាចងងឹតរហូតដល់៩០ភាគរយ ក៏មានដែរ។

៣. ចន្ទគ្រាសពេញលេញ៖ វាកើតឡើងនៅពេលព្រះអាទិត្យ ផែនដី និងព្រះចន្ទ ស្ថិតនៅលើខ្សែបន្ទាត់ត្រួតស៉ីគ្នាល្អឥតខ្ចោះ ដោយព្រះចន្ទ​គោចរកាត់ស្រមោល Umbra របស់ផែនដីទាំងស្រុង។ អំឡុងបាតុភូតចន្ទគ្រាសប្រភេទនេះ ផ្ទៃព្រះចន្ទទូទៅនឹងឡើងជាពណ៌ទឹកក្រូចឬ​ក្រហម ជាហេតុនាំឱ្យមនុស្សភាគច្រើន ដាក់រហស្សនាមថា បាតុភូតចន្ទគ្រាសលោហិត (Blood Moon)។ មូលហេតុដែលបណ្តាលឱ្យ​វាចេញពណ៌យ៉ាងដូច្នោះ គឺដោយសារតែការធ្វើអន្តរកម្មនៃពន្លឺព្រះអាទិត្យ ជាមួយស្រទាប់បរិយាកាសនៃភពរបស់យើង ដែលធ្វើឱ្យព្រះចន្ទឡើងផ្ទៃពណ៌ក្រហម ពេលស្ថិតនៅក្នុងតំបន់ស្រមោល Umbral ទាំងស្រុង៕