(សៀមរាប)៖ ភាគច្រើនប្រាសាទភ្នំ គឺជាប្រាសាទរាជ្យដែលព្រះមហាក្សត្រសោយរាជ្យស្ថាបនាឡើងដើម្បីឧទ្ទិសថ្វាយព្រះអាទិទេពក្នុងសាសនារបស់រដ្ឋ ប៉ុន្តែតាំងពីដើមសម័យអាណាចក្រខ្មែរមក បុព្វបុរសខ្មែរយើងច្រើនតែស្ថាបនាប្រាសាទរាជ្យរបស់ក្សត្រនៅលើទីភ្នំតែម្ដង ប៉ុន្តែដោយសារមានការផ្លាស់រាជធានី ហើយទីតាំងរាជធានីថ្មីមិនមានភ្នំផងនោះ បុព្វបុរសក៏បានកសាងប្រាសាទរាជ្យជាទម្រង់ប្រាសាទនៅលើខឿនខ្ពស់ៗមានច្រើនជាន់ នោះហើយជាប្រាសាទភ្នំ។

ប្រាសាទភ្នំធំៗស្កឹមស្កៃនិងល្បីៗផងនោះ មានដូចជា ប្រាសាទអារាមរោងចិននៅលើភ្នំគូលែន ប្រាសាទបាគងនៅតំបន់រលួស ប្រាសាទភ្នំបាខែងនៅក្រុងអង្គរទី១ ប្រាសាទបក្សីចាំក្រុង ប្រាសាទធំនៅតំបន់ប្រាសាទកោះកេរ ប្រាសាទប្រែរូប ប្រាសាទតាកែវ ប្រាសាទភិមានអាកាស ប្រាសាទបាភួននៅក្នុងក្រុងអង្គរទី២ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន្តនៅក្រុងអង្គរទី៣ ឬក្រុងអង្គរធំជាដើម។ ប៉ុន្តែមានប្រាសាទភ្នំមួយទៀតដែលត្រូវបានស្ថាបនាឡើងមុនប្រាសាទភ្នំទាំងអស់នេះទៅទៀត ពោលគឺតាំងពីចុងសម័យចេនឡាមកម្ល៉េះ នោះគឺប្រាសាទអកយំ ដែលជាប្រាសាទរាជ្យរបស់ព្រះមហាក្សត្រចេនឡាខាងក្រោម ទំនងជាព្រះនាងជយទេវី (ជាព្រះរាជបុត្រីរបស់ព្រះបាទជយវម៌្មទី១ និងបានឡើងសោយរាជ្យបន្តពីព្រះបិតា) ដោយសារមានសំណង់ដំបូងគេសង់ឡើងតាមរចនាបថកំពង់ព្រះ។

ចំណុចពិសេសបំផុតមួយ គឺប្រាសាទអកយំ ធ្លាប់មានតួនាទីជាស្នូលនៃទីក្រុងបុរាណមួយនាចុងសម័យចេនឡា នោះគឺ «អមរេន្ទ្របុរៈ»។ នេះបើតាមប្រវត្តិវិទូបារាំង លោក Bernard Philippe Groslier។ ម្យ៉ាងទៀត ព្រះបាទជយវម៌្មទី២(៨០២-៨៥០) បន្ទាប់ពីច្បាំងបណ្ដេញពួកជ្វាឈ្លានពានពីប្រទេសកម្ពុជា ឬអតីតចេនឡាហើយនោះ ព្រះអង្គក៏បានបន្តបំពេញព្រះរាជបូជនីយកិច្ចបង្រួបបង្រួមជាតិ ដោយព្រះអង្គបានយាងទៅគង់នៅតាមទីក្រុងជាច្រើនដែលធ្លាប់មានការបែកបាក់គ្នា ត្រួតត្រាដោយស្ដេចត្រាញ់ប្រចាំតំបន់រៀងៗខ្លួន ក្នុងនោះព្រះបាទជយវម៌្មទី២ក៏បានយាងទៅអមរេន្ទ្របុរៈនេះផងដែរ មុនយាងទៅភ្នំគូលែនដើម្បីកសាងរាជធានីធំ «មហេន្ទ្របវ៌្វត»។

ប្រាសាទនេះមានខឿនបីជាន់ និងមានប្រាង្គចំនួន១២ និងព័ទ្ធដោយកំពែងជញ្ជាំងធ្វើអំពីឥដ្ឋ។ ប្រាសាទនេះកសាងឡើងដំបូងក្នុងសតវត្សទី៧ និងទី៨ និងបន្តសាងសង់បន្ថែមនៅដើមសតវត្សទី១១។ សិលាចារឹកដែលបានរកឃើញនៅលើសសរបញ្ជាក់ប្រាប់ពីកាលបរិច្ឆេទស្ថាបនាប្រាសាទអកយំ គឺនៅឆ្នាំ៦០៩ផង នៅឆ្នាំ៧០៤ និងឆ្នាំ១០០១។ ក្នុងពេលកសាងបារាយណ៍ខាងលិច ផ្នែកខ្លះនៃប្រាសាទនេះត្រូវបានកប់ដោយទំនប់ខាងត្បូង។ យោងតាមប្រភពសិលាចារឹក K.749 និង K.753 គួបផ្សំជាមួយលក្ខណៈសិល្បៈស្ថាបត្យកម្ម និងរូបសំណាកបុរាណមួយចំនួន ដូចជាក្បាច់ផ្តែរ និងរូបស្រីទេពអប្សរមួយនៅលើជញ្ជាំងខាងជើងនៃប្រាសាទមួយ ស្ថិតនៅទិសខាងត្បូងឆៀងខាងកើតនៃខឿនទី២ និងចម្លាក់តោពាក់ស្នែងជាដើម គេអាចដឹងយ៉ាងប្រាកដនូវចំណាស់នៃប្រាសាទអកយំ ស្ថិតនៅក្នុងរចនាបថព្រៃក្មេង។

នាសតវត្សទី១១ ប្រាសាទនេះត្រូវបានជួសជុលតុបតែងឡើងវិញ ដើម្បីទុកជាទីគោរពសក្ការៈ និងបានបន្សល់សិលាចារឹក K.753 និងចម្លាក់នព្វគ្រោះដែលជាទេវតារក្សាទិសទាំង៩នៃចក្រវាឡ ដែលគេបានប្រទះឃើញនៅខាងត្បូងនៃប្រាង្គនៅជ្រុងទិសខាងត្បូងឆៀងខាងលិចនៃប្រាសាទអកយំ។ បើនិយាយម៉្យាងទៀត មុនការស្ថាបនាបារាយ៍ទឹកថ្លា ដែលជាហេតុនាំឲ្យការលប់កប់បុរាណស្ថាននេះក្នុងដី ប្រាសាទអកយំ គឺជាបូជនីយដ្ឋានមួយយ៉ាងសំខាន់ ដែលគេឧទ្ទិសចំពោះព្រះសិវ «គម្ពីរេស្វរៈ»។ ព្រះអាទិទេពនាសម័យចេនឡានេះ នៅរក្សាបាននៅខេត្តសៀមរាបនូវនិមិត្តនាមរបស់ខ្លួនរហូតដល់ដើមសតវត្សទី១១ មុនការសាងសង់បារាយណ៍បន្តិច។

បច្ចុប្បន្ន ប្រាសាទអកយំមានទីតាំងស្ថិតនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ពោលគឺនៅចុងខាងត្បូងបំផុតនៃបារាយណ៍ខាងលិច ឬបារាយទឹកថ្លា (បារាយនេះកសាងក្រោយប្រាសាទអកយំខ្ទង់រយឆ្នាំ)។ វត្តមានប្រាសាទបុរាណនេះបានបង្ហាញឱ្យដឹងថា ក្នុងតំបន់អង្គរ-សៀមរាបបច្ចុប្បន្នគឺធ្លាប់មានសំណង់ស្ថាបត្យកម្មខ្លះដែរកាលពីមុនសម័យអង្គរ ប៉ុន្តែមកដល់សម័យអង្គរ ប្រាសាទនិងសំណង់ស្ថាបត្យកម្មទាំងនោះក៏ត្រូវបានបាក់ស្រុតលិចក្រោមដី និងត្រូវបានលុបដោយសំណង់ថ្មីៗនាសម័យអង្គរ តួយ៉ាងដូចជាផ្នែកមួយចំនួនក៏ត្រូវបានកប់ក្រោមដី កប់ក្រោមទំនប់ខាងត្បូងនៃបារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា ក្នុងពេលកសាងឡើងនារជ្ជកាលព្រះបាទឧទយាទិត្យវម៌្មទី២ (១០៥០-១០៦៦)។

គួរជម្រាបថា ប្រាសាទអកយំ ត្រូវបានរកឃើញដំបូងគេដោយជនជាតិបារាំងនៅឆ្នាំ១៩៣២ នាសម័យអាណានិគមបារាំង៕