(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យលោក ស្យង់ ព័រ ឯកអគ្គរដ្ឋទូតចិន ផុតអាណត្តិ ចូលជួបសម្តែងការគួរសម ជម្រាបលា នៅវិមានមិត្តភាព ក្នុងពេលដែលអគ្គរដ្ឋទូតប្រទេសមហាយក្សនេះ បានបញ្ចប់បេសកកម្ម នៅកម្ពុជា។
នៅក្នុងជំនួបនេះលោក ស្យង់ ព័រ បានលើកឡើងថា ក្នុងអាណត្តិរយៈពេល២ឆ្នាំរបស់លោកនៅកម្ពុជា លោកបានមើលឃើញពីភាព រីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសលោកពេញចិត្តយ៉ាងខ្លាំងណាស់ ដែលបានមកបំពេញបេសកកម្មនៅកម្ពុជាផងដែរ
លោក ស្យង់ ព័រ បានបន្តថា រយៈពេលកំពុងបំពេញបេសកកម្មនៅកម្ពុជា លោកបានពេញចិត្តដែលបានឃើញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះមហាក្សត្រកម្ពុជា ទៅប្រទេសចិន និងទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធបតីចិន និងលោក លី ខឺជាំង នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅបំពេញទស្សនកិច្ចប្រទេសចិន និងថ្នាក់ដឹកនាំប្រទេសទាំងពីរផងដែរ។
លោក ស្យង់ ព័រ បានបញ្ជាក់ថា លើសពីនេះទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន មានការរីកចម្រើនយ៉ាងខ្លាំងទាំងអស់លើគ្រប់វិស័យ ហើយរដ្ឋាភិបាលចិន និងបន្តប្តេជ្ញាចិត្តគាំទ្រកម្ពុជា ឱ្យមានការអភិវឌ្ឍរីកចម្រើនឱ្យកាន់តែធំធេងបន្ថែមទៀតផងដែរ។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងបានលលើកឡើងថា ក្នុងរយៈពេលដែលលោក ស្យង់ ព័រ បំពេញបេសកកម្មជាអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកបានខិតខំពង្រឹងពង្រីកវិសាលភាពនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ។ ជាមួយគ្នានេះនៅក្នុងឆ្នាំ២០១៧ មានការផ្តាស់ប្តូរដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅកាន់ប្រទេសចិន និងដំណើរទស្សនកិច្ចរបស់លោក លី ខឺជាំង នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាមានិតចិន មកកាន់កម្ពុជាផងដែរ។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា ក្នុងរយៈពេលដែលលោក ស្យង់ ព័រ បំពេញបេសកកម្មនៅកម្ពុជា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានកើនឡើងលើគ្របវិស័យ។ ពាណិជ្ជកម្មបានកើនឡើង៥.៨ប៊ីលានដុល្លារ ក្នុងឆ្នាំ២០១៧ ចំណែកឯវិនិយោគក្នុងរយៈពេល០៧ខែ ឆ្នាំ២០១៨នេះ មានចំនួន២.១ប៊ីលានដុល្លារ ជាពិសេសលើវិស័យសំណង់ និងហេដ្ឋរចនាសម្ព័ន្ធ ដំណើរភ្ញៀវទេសចរចិន បានមកទស្សនាកម្ពុជា ក្នុងឆ្នាំ២០១៧ មានចំនួន១.២លាននាក់។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បញ្ជាក់ថា ទន្ទឹមនឹងនេះ «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» ក៏បានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើងថែមទៀត ដូចជាការកសាងអាកាសយានដ្ឋានថ្មី នៅខេត្តសៀមរាប និងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ជាដើម។ ជាពិសេសទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន មានទិដ្ឋភាពធំធេងណាស់ដូចជា៖ ទ្វេរភាគី ខ្សែក្រវ៉ាត់ និងផ្លូវ មេគង្គ-ឡានចាង និងអាស៊ាន-ចិន៕