(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានថ្លែងថា វត្តមានរបស់បងប្អូនជនរួមជាតិខ្មែរ នៅក្រៅស្រុកជាមួយសម្ដេចតេជោ ហ៊ុន សែន គឺជាសញ្ញានៃឯកភាពជាតិ ហើយជាសម្បត្តិមរតករបស់ជាតិខ្មែរ ដែលជាធាតុចូលរួមផ្សះផ្សាក្នុងកិច្ចការពារ និងកសាងជាតិ ដូចអ្វីដែលខ្មែរបានធ្វើ និងទទួលបានជោគជ័យ។
លោក ផៃ ស៊ីផាន បានលើកឡើងដូច្នេះ បន្ទាប់ពីមានប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកជាបន្តបន្ទាប់ បានប្រកាសអំពីភាពរីករាយ ចាំទទួលស្វាគមន៍ និងទទួលជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំឡុងកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ខាងមុខនេះ។
លោក ផៃ ស៊ីផាន បានលើកឡើងថា «កម្ពុជាបានបោះជំហ៊ានយ៉ាងធំប្រកបដោយ សក្ដានុពលភាព ថាមពល និងប្រសិទ្ធភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ។ គឺបរទេសទេដែលបំបែកយើង គេទេ! ដែលនាំយើងឲ្យបម្រើមនោគមវិជ្ជានៃផលប្រយោជន៍ ភូមិសាស្រ្ត នយោបាយ ក្នុងការប្រកួតប្រជែងអំណាច និងឥទ្ធិពលរបស់គេនោះ រាប់ទាំងអ្នកជិតខាង និងបរទេសឯនាយសមុទ្រផង។ នេះជាប្រវត្តិសាស្រ្ដមួយ ដ៏ឈឺចាប់បំផុត»។
លោកបានបន្តទៀតថា ខ្មែរយើងទេដែលបង្កើតបាននូវកិច្ចព្រមព្រៀងសន្ដិភាពពីសំណាក់ភាគីជម្លោះប្រដាប់អាវុធ នៅទីក្រុងប៉ារីស។ រថយន្ដទំនើបៗបានធ្វេីចរាចរណ៍ កកកុញពេញផ្ទៃប្រទេស ដែលជំនួសពី អតីតកាល ដែលមានរថយន្ដពណ៌ស ពាក់ស្លាកយូអិន (UN) និងប្រម៉ោយ អង់តែន ភ្ទុកដោយទាហាន និងសព្វាវុធ ចរាចរណ៏ ពាសពេញផ្ទៃប្រទេស របស់យើង។ យេីងទេដែលបានបញ្ចប់ ឧទ្ទាមកម្ម ដែលជាស្នាដៃខ្មែរ។ បច្ចុប្បន្នកាលកម្ពុជា ជាភាគីដៃគូ និងសហការជាមួយអង្គការសហប្រជាជាតិ នោះរួមទាំងការតស៊ូមតិ និងទទួលបានតំណែងដោយការបោះឆ្នោត ជាប្រធាន និងអនុប្រធាននៃអង្គការចាត់តាំងរបស់អង្គការកំពូល នេះ ។ មិនត្រឹមតែការតស៊ូមតិនោះទេ កម្ពុជាជាអ្នកសកម្មក្នុងកិច្ចការថែទាំសន្ដិភាព នៅក្នុងប្រទេស ដែលមានវិវាទប្រដាប់អាវុធ ។
លោកបានបន្ថែមថា ទោះបីជា យើងនៅដាច់ឆ្ងាយពីគ្នាពិតមែន រាជរដ្ឋាភិបាលតែងតែមេីលឃើញ បងប្អូនដែលរស់នៅឯនាយសមុទ្រ គឺជាកម្លាំងធាតុ និងសម្បត្តិជាតិ រួមគ្នាកសាងមាតុប្រទេសយើង ឲ្យចាកឆ្ងាយពីការញាំញី និងការជ្រៀតជ្រែកពី បរទេស ដែលយេីងយកកម្ពុជាជាអាទិភាពមុនអ្វីៗទាំងអស់។ នេះជាបំណងនៃការឯកភាព ដែលបងប្អូនបានបង្ហាញ វត្តមាននៅពេលនេះ ជាមួយនឹងសម្ដេចតេជោ នៅក្នុងបុរីញ៉ូយ៉ក (New York) ។
លោកបានបញ្ជាក់ទៀតថា ការជួបជុំគ្នានេះ គឺជាការបន្ដនូវកិច្ចប្ដេជ្ញាថា ខ្មែរតែមួយក្នុងន័យឯកភាព រក្សាបាននូវសន្ដិភាព និងការរីកចម្រើន ជូនដល់មាតុប្រទេស យេីងក៏ដូចជាកាតព្វកិច្ចរបស់យើង ដែលស្ថិតនៅក្នុងអត្ថន័យនៃចម្រៀងដែលបាន តាក់តែងឡើងដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត “ជនជាតិខ្មែរកើតនៅ លើដីខ្មែរ យើងត្រូវខំថែជាតិឲ្យបានរុងរឿង កេរ្តិ៍ឈ្មោះជាតិយើងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។ ទោះបីខ្មែររស់នៅប្រទេសណា ចូរកុំភ្លេចថាខ្លួន កើតមកជាខ្មែរ កុំឲ្យបរទេសវាមកបង្វែរ ឲ្យខ្មែរ និងខ្មែរបែកសាមគ្គីគ្នា ថ្វីបើ គេហ៊ានចំណាយ ប្រាក់កាក់ចាយហូរហៀរយ៉ាងណា ចូរកុំភ្លេចកេរ្តិ៏ឈ្មោះ ខេមរា រុងរឿងថ្លៃថ្លាតាំងពីបុរាណ ព្រលឹងជាតិនៅគង់វង្សបានយូរ ព្រោះតែ យើងស៊ូរួបរួមគ្នាគ្រប់ប្រាណ កសាងជាតិដោយក្តីក្លាហាន ទើបជាតិយើង បានស្គាល់ក្តីរុងរឿង។” ដែលជាបណ្ដាំរបស់លោក៕