(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា ដោយសារតែគោលនយោបាយលើកទឹកចិត្តផ្នែកឯកជន និងការវិនិយោគប្រកបដោយលក្ខណៈអំណោយផលដែលធ្វើឱ្យកម្ពុជា ក្លាយជាទិសដៅសំខាន់សម្រាប់វិនិយោគពីសំណាក់ក្រុមហ៊ុនបរទេស។
ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅព្រលប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រីបានអញ្ជើញជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវេទិកា បូអាវ «BOAO» សម្រាប់អាស៊ីអាស៊ី-សន្និសីទ ភ្នំពេញ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ដំបូងបង្អស់នៅកម្ពុជា ខាងភាគីចិន តំណាងដោយលោក លី បាវដុង (Li Bao dong) អគ្គលេខាធិកានៃវេទិការបូអាវអាស៊ី (Boao Forum for Asia) ព្រមជាមួយអ្នកវិនិយោគគិនចិន ប្រមាណ៣៤នាក់ផងដែរ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
ឧបនាយករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មកម្ពុជា និងវេទិកាបូអាវ «BOAO» សម្រាប់អាស៊ី ដែលបានសហការរៀបចំវេទិកានេះ នៅលើទឹកដីនៃកម្ពុជា ក្រោមប្រធានបទ «ស្វែង រកការអភិវឌ្ឍន៍រួមនិងឈ្នះ-ឈ្នះ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា ចូលទៅក្នុងសម័យថ្មី» សន្និសីទថ្ងៃនេះ ក្រោមមូលបទខាងលើនេះ ពិតជានឹងជួយពង្រឹង នូវទំនាក់ទំនងធុរកិច្ចកម្ពុជា-ចិន ឱ្យកាន់តែទ្វេឡើង។
ឧបនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ «ការវិនិយោគផ្ទាល់ពីប្រទេសនានា ក៏មាននិន្នាការកើនឡើងជាប្រចាំ ដែលមានក្រុមហ៊ុនល្បីៗ លើពិភពលោកកំពុងតែមានវត្តមាននៅកម្ពុជា។ ទាំងអស់នេះគឺ ដោយសារមានគោលនយោបាយ លើកទឹកចិត្តផ្នែកឯកជន និងការវិនិយោគប្រកបដោយលក្ខណៈអំណោយផល ដែលបានធ្វើឱ្យកម្ពុជាក្លាយជាទិសដៅសំខាន់សម្រាប់វិនិយោគ»។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្ថែមទៀតថា ចិន គឺជាមិត្តដ៏ជិតស្និទ្ធ និងទុកចិត្តបំផុតរបស់កម្ពុជា។ តាមរយៈជំនួយឥតសំណងហិរញ្ញប្បទាន ជាកម្ចីឥតការប្រាក់ ឬការប្រាក់ទាប ព្រមទាំងការវិនិយោគយ៉ាងច្រើន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា។ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានកំណើនយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ២០១៧ កន្លងទៅទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បានកើនដល់៥,៨ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ ហើយរំពឹងថាកំណើនពាណិជ្ជកម្ម និងវិនិយោគចិននឹង ឡើងដល់៦០០០លានដុល្លារ។ ប៉ុន្ដែឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា នឹងឡើងលើសពី៦០០០លានដុល្លានេះ។ ចិនបាននឹងកំពុងវិនិយោគនៅកម្ពុជា លើវិស័យជាច្រើន រួមមានដូចជា៖ សំណង់, ទូរគមនាគមន៍, វាយនភ័ណ្ឌ, កសិកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, វារីអគ្គិសនី និងតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងព្រះសីហនុ។ល។ ការវិនិយោគរបស់ចិន ជាប់ចំណាត់ថ្នាក់លេខ១ នៅកម្ពុជាចាប់តាំងពីឆ្នាំ២០១១ រហូតមក។
ឧបនាយករដ្ឋមន្ត្រីហោ ណាំហុង មានការជឿជាក់ថា វេទិកា «BOAO» សម្រាប់អាស៊ី-សន្និសីទភ្នំពេញនាថ្ងៃនេះ ពិតជានឹងរួមចំណែក យ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិនចិន និងផ្តល់ព័ត៌មានពិតប្រាកដដល់វិនិយោគិនប្រទេសផ្សេង ទៀតឱ្យយល់កាន់តែច្បាស់អំពីសក្ដានុ ពលនៃការធ្វើវិនិយោគនៅកម្ពុជា ហើយក៏ជាផ្នែកមួយដែលរួមចំណែកដល់ការអនុវត្ដន៍ ភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជា ដែលជាកម្រិតខ្ពស់បំផុត នៃសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ។ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ផ្លូវសូត្រសេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សទី២១ ដែលជាគំនិតផ្ដួចផ្ដើមដ៏វិសេសវិសាលរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បាននឹងកំពុងពង្រឹងពង្រីកលើច្រើន វិស័យនៅកម្ពុជា ដូចជា៖ វិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងកសិកម្ម។ ការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) គឺជាគំនិតផ្តួចផ្តើមដ៏ធំធេងមួយទៀតរបស់លោក ស៊ី ជីនពីង ក្នុងគោលបំណងគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់អាស៊ី។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លើកឡើងទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបាននូវការរីកចម្រើនគួរឱ្យកត់សម្គាល់ កំណើនផលិតផលក្នុងស្រុកសរុបជាមធ្យមប្រមាណ ៧.៥% ក្នុងមួយឆ្នាំ។ ជោគជ័យនៃកំណើនសេដ្ឋកិច្ចដែលគេចាត់ទុកជាប្រទេសទី៦ ក្នុងលោក គឺដោយសារកម្ពុជា មានសន្ដិភាពពេញលេញ ស្ថេរភាព នយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជារដ្ឋបុរសដែលមានទេពកោសល្យ នយោបាយខ្ពស់។ ក៏ប៉ុន្ដែជោគជ័យដ៏ធំធេងនេះ ក៏មានការរួមចំណែកពីជំនួយដ៏ធំធេងរបស់ចិនដែរ ព្រមទាំងការវិនិយោគទាំងក្នុងស្រុកនិងពីបរទេស ជាពិសេសការវិនិយោគពីមិត្តចិន។ ការវិនិយោគផ្ទាល់ពីប្រទេសនានា ក៏មាននិន្នាការកើនឡើង ជាប្រចាំដែលមានក្រុមហ៊ុនល្បីៗ លើពិភពលោកកំពុងតែមានវត្តមាននៅកម្ពុជា។ ទាំងអស់នេះ គឺដោយសារមានគោលនយោបាយ លើកទឹកចិត្តផ្នែកឯកជន និងការវិនិយោគប្រកបដោយលក្ខណៈអំណោយផល ដែលបានធ្វើឱ្យកម្ពុជាក្លាយជាទិសដៅសំខាន់សម្រាប់វិនិយោគ។
ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា វេទិកា BOAO សម្រាប់អាស៊ី បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំនូវវេទិកា BOAO សន្និសីទភ្នំពេញ ដ៏សំខាន់នេះ បញ្ជាក់ឱ្យឃើញថាកម្ពុជា ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ដែលបានប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសចំណូលមធ្យម កម្រិតទាប និងក្លាយទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ថ្មីៗនេះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថាកម្ពុជា នឹងក្លាយជាខ្លាសេដ្ឋកិច្ចនៅអាស៊ី។
ឆ្លៀតនាឱកាសនោះដែរនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ សូមមកបន្ដវិនិយោគនៅកម្ពុជា និងចាប់យកវិសាលភាព និងសក្តានុពលនានាដែលកម្ពុជាមាន។ នៅក្នុងសហគមន៍អាស៊ាន (ASEAN) ដែលជាតំបន់ដែលមានសេដ្ឋ កិច្ចរីកចម្រើនឆាប់រហ័ស និងមានប្រជា ជនប្រមាណ៦២៥លាននាក់។ ទំហំពាណិជ្ជកម្ម អាស៊ាន មានប្រមាណ២.៣ទ្រីលានដុល្លារ ($2.3 trillion) ដែលក្នុងនោះ ចិនគឺជាដៃគូពាណិជ្ជកម្ម ដ៏ធំជាងគេរបស់អាស៊ាន។ ដោយអាស៊ានជាសហគមន៍សេដ្ឋកិច្ចមួយដ៏ សំខាន់នៅអាស៊ី និងជាមូលដ្ឋានផលិតកម្មរួមចិន អាចបង្កើតមូលដ្ឋាន ផលិតកម្មនៅកម្ពុជា និងនាំផលិតផលសម្រេចទៅកាន់ទីផ្សារអាស៊ាន ឬក៏អឺរ៉ុប អាមេរិក ឬនាំទៅចិនវិញក៏បាន។
សូមបញ្ជាក់ថា វេទិកាបូអាវសម្រាប់អាស៊ី គឺជាវេទិកាលំដាប់ខ្ពស់មួយសម្រាប់កិច្ចសន្ទនារវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាមួយថ្នាក់ ដឹកនាំវិស័យឧស្សាហកម្ម និងធុរកិច្ច និងអ្នកស្រាវជ្រាវនៃបណ្តាទ្វីបអាស៊ី និងទ្វីបដទៃទៀត ដែលធ្វើការសន្ទនាគ្នាអំពីបញ្ហាសំខាន់ៗ នៅទ្វីបអាស៊ី និងពិភពលោកទាំងមូល។ វេទិកាបូអាវសម្រាប់អាស៊ី មានគោលដៅលើកកម្ពស់បណ្តាប្រទេសអាស៊ី ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួមតាមរយៈ ការបន្តធ្វើសមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់។ ក្នុងចំណោមបណ្តាប្រទេសទាំង២៩ ដែលបានផ្តួចផ្តើមវេទិកាបូអាវសម្រាប់អាស៊ី ប្រទេសកម្ពុជា ទទួលបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ក្នុងរយៈពេល២ទសវត្សរ៍ និងស្ថិតក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់ឆាប់រហ័សជាងគេនៅអាស៊ី។
គោលបំណងសំខាន់នៃវេទិកានេះ គឺដើម្បីជួយដល់កិច្ចសហគ្រិនចិន មកកាន់កម្ពុជា យល់អំពីបរិយាកាសធុរកិច្ច និងគោលនយោបាយពាក់ព័ន្ធ របស់ប្រទេសកម្ពុជា ឱ្យបានកាន់តែច្បាស់ជាងមុន និងឆ្លៀតក្នុងឱកាសនេះធ្វើការណែនាំអំពីវេទិកា «បូអាវ» សម្រាប់អាស៊ី ដល់រដ្ឋាភិបាល និងសហគមន៍ពាណិជ្ជកម្ម នៅកម្ពុជាផងដែរ៕