(ចិន)៖ ចំការសារីមួយកន្លែង នៅខេត្តសានស៊ី ប៉ែកខាងជើងប្រទេសចិន គឺជាកសិដ្ឋានធំបំផុតដែលដាំផ្លែសារីក្រអូប យូលូ នៅក្នុងប្រទេសចិន។ កសិករនៅទីនេះ បានបង្កើតវិធីថ្មីៗសម្រាប់បង្កើតទីផ្សារលក់ផ្លែឈើរបស់ពួកគាត់ ដើម្បីអាចលក់វាបានកាន់តែច្រើន នៅទូទាំងប្រទេសចិនទាំងមូលតែម្តង។
ដោយសារមានបច្ចេកវិទ្យាថ្មី និងវិធីបង្កើតទីផ្សារតាមប្រព័ន្ធលក់ទំនិញតាមអ៊ីនធើណេត តម្លៃផ្លែសារីដែលដាំនៅទីនេះ បានឡើងថ្លៃជាងមុនពី ៣ទៅ៤ដង បើធៀបនឹងពីរបីសប្តាហ៍មុន នៅពេលដែលពិធីបុណ្យសែនព្រះខែ បានខិតចូលមកដល់ កាលពីថ្ងៃច័ន្ទកន្លងទៅ។
ចំការសារីទាំងនេះ មានគ្របសំណាញ់សម្រាប់ការពារផ្លែសារីពីធូលីដី ដែលហុយនារដូវក្តៅ។ ហើយដើម្បីការពារវាឱ្យកាន់តែល្អនោះ កសិករនៅទីនេះថែមទាំងពាក់ស្រោមដៃទៀតផង នៅពេលគេបេះវា ដើម្បីធានាថា គេមិនធ្វើឱ្យផ្លែឈើដ៏មានតម្លៃនេះ ត្រូវខូចខាតត្រង់ចំនុចណាមួយនោះទេ។
តំបន់ ស៊ីសៀន នៃខេត្តសានស៊ី ជាទីតាំងដ៏អំណោយផលសម្រាប់ដាំផ្លែសារី ដោយសារវាមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ និងមានសីតុណ្ហភាពដែលឡើងចុះខ្លាំង បើធៀបរវាងពេលថ្ងៃនិងពេលយប់ គួបផ្សំនឹងដីដែលសំបូរទៅដោយសារធាតុសរីរាង្គ។
ប៉ុន្តែ តំបន់នេះឧស្សាហ៍ជួបបញ្ហារាំងស្ងួតនិងព្យុះទឹកកកណាស់ ជាហេតុនាំឱ្យកសិករនៅទីនេះត្រូវប្រើឧបករណ៍រក្សាសីតុណ្ហភាពខ្នាតតូចជាច្រើន ដើម្បីតាមដានអាកាសធាតុនិងរក្សាសីតុណ្ហភាពទៅតាមការចាំបាច់។ ឧទាហរណ៍ គេអាចប្រើឧបករណ៍នេះ ដើម្បីបង្កើតទឹកភ្លៀវសិប្បនិម្មិតបាន។
គេល្បីថា សារីដែលដាំនៅទីនេះ មានរូបរាងល្អនិងរសជាតិឆ្ងាញ់ ហើយវាកាន់តែល្បីល្បាញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានគេផ្សព្វផ្សាយវាតាមបណ្តាញលក់ទំនិញតាមអនឡាញ។
កសិករនៅទីនេះ មិនពឹងលើឈ្មួញកណ្តាលទេ នៅពេលដែលគេចង់លក់ទិន្នផលដំណាំដែលគេប្រមូលបាន ពីព្រោះកសិករអាចលក់វាដោយផ្ទាល់ តាមអនឡាញតែម្តង។ បើប្រៀបធៀបនឹងតម្លៃលក់តាមមធ្យោបាយធម្មតា ផ្លែសារីដែលលក់តាមអនឡាញ អាចលក់បានថ្លៃជាងដល់ទៅ៣ដងឯណោះ។ ដូច្នេះវាផ្តល់ប្រាក់ចំនូលកាន់តែច្រើនសម្រាប់តំបន់នេះ ព្រមទាំងជួយឱ្យសារីយូលូ មានឈ្មោះកាន់តែល្បីនៅទូទាំងប្រទេសចិន និងនៅក្រៅប្រទេស ដូចជាអាមេរិក និង កាណាដា ទៀតផង៕ (សារព័ត៌មាន CCTV របស់ចិន)