(ភ្នំពេញ)៖ នាឱកាសទទួលជួបគណៈប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបង្ហាញនូវបទពិសោធន៍ និងផ្ដល់ព័ត៌មានជាច្រើនពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា ដើម្បីឱ្យក្រុមយុវជនខាងលើយកទៅផ្សព្វផ្សាយ និងចែករំលែកបន្តឱ្យបានទូលំទូលាយ ជាមួយក្រុមយុវជនប្រទេសដទៃ ដែលចូលរួមជាមួយគ្នា។
ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងចេញទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន រយៈពេល៥២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ។
លោករដ្ឋលេខាធិការ ទិត ចន្ថា បានបង្ហាញសុទិដ្ឋិនិយមថា ប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងយកព័ត៌មានល្អៗទាំងអស់នោះទៅផ្សព្វផ្សាយ និងចែករំលែកដល់ក្រុមយុវជននៃប្រទេសអាស៊ានដទៃ និងប្រទេសជប៉ុនផងដែរ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងចំណេះដឹងឱ្យគ្នាទៅវិញទៅមកឱ្យបានទូលំទូលាយ។
លោក ទិត ចន្ថា ក៏ជាអតីតយុវជនកម្ពុជាមួយរូប ធ្លាប់ចូលរួមជាមួយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននេះ កាលពីឆ្នាំ១៩៩២ ផងដែរ ហើយលោកក៏បានបង្ហាញពីភាពខុសគ្នារវាងកម្ពុជាកាលពីជំនាន់មុន ដែលពោរពេញទៅដោយសង្គ្រាម និងកម្ពុជានាពេលបច្ចុប្បន្ន ដែលពោរពេញទៅដោយការអភិវឌ្ឍលើគ្រប់វិស័យ ដល់ក្រុមក្រុមយុវជនខាងលើទៀត។
លោករដ្ឋលេខាធិការបានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសមានសង្គ្រាម និងវាលពិឃាដ ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រហូតក្លាយខ្លួនជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ប្រកបដោយភាពកក់ក្ដៅ ដែលមានទេសចរជាតិ-អន្តរជាតិមកទស្សនារាប់លាននាក់ ក្នុងមួយឆ្នាំៗ។
ក្នុងជំនួបខាងលើនោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ថែមទាំងបានបង្ហាញនូវបទពិសោធន៍ និងព័ត៌មានជាច្រើនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ជូនដល់ប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ពិសេសគឺគោលដៅទេសចរណ៍សំខាន់ៗជាច្រើននៅប្រទេសកម្ពុជា ក្នុងនោះមានទាំងអត្ថបទ រូបភាព វីដេអូ ឯកសារ ចម្រៀងទេសចរណ៍ រួមទាំងខ្លឹមសារពាក់ព័ន្ធជាច្រើន ដើម្បីចែករំលែកបន្តដល់មិត្តភក្តិមកពីប្រទេសដទៃនៅលើនាវា និងជជែកពិភាក្សាគ្នា ផ្លាស់ប្ដូរបទពិសោធន៍គ្នាបន្តទៀត។
សូមជម្រាបថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៥ ឆ្នាំ២០១៨នេះ ក្រុមយុវជននឹងចេញនាវាពីប្រទេសជប៉ុន ឆ្ពោះទៅព្រុយណេ ហ្វីលីពីន ថៃ និងវៀតណាម។ យុវជនអាស៊ាន និងជប៉ុនទាំងអស់ ៣៣០នាក់ នឹងត្រូវជួបគ្នាមុនដំបូងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធីបើកជាផ្លូវការ៕