(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ឈប់មិនឲ្យសិក្សាលើគម្រោងបង្កើតខេត្តថ្មី ដែលគ្រោងកាត់ចេញពីខេត្តកណ្តាល និងខេត្តមណ្ឌលគិរី-រតនគិរីបន្តទៀតនោះឡើយ។
ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវា «គ្រូបង្រៀន ៥ តុលា» នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ នៅវិទ្យាស្ថានជាតិអប់រំ។ បើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ការសម្រេចលុបចោលគម្រោងសិក្សាបង្កើតខេត្តថ្មីនេះ ដោយសារតែព័ត៌មានស្តីពីគម្រោងនេះត្រូវបានបែកធ្លាយយ៉ាងខ្ចរខ្ចាយ ជាពិសេសមានអ្នកព្យាយាមរត់ការយកតំណែងគ្រប់គ្រងខេត្តថ្មីទាំងពីរនេះ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ «ឯងមិនទាន់ទាំងធ្វើអ្វីផង មិនទាន់ទាំងសម្រេចបង្កើត ឬមិនបង្កើតផង វាចែកគ្នាធ្វើចៅហ្វាយខេត្ត ធ្វើអនុខេត្តទៅហើយ។ [...] ឥឡូវឈប់នៅឲ្យស្ងៀមបានហើយ មហាផ្ទៃបិទកុំព្យូទ័រចោលឲ្យអស់ថ្ងៃនេះ កុំធ្វើអ្វីបន្តទៅទៀត ខ្ញុំគ្មានពេលស៊ីញ៉េ គ្មានពេលអីទៀតទេ»។
ភ្លាមៗបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ប្រកាសលុបចោលការសិក្សាបង្កើតថ្មីនេះហើយ ទីស្តីការគណៈរដ្ឋមន្ត្រីក៏បានចេញសេចក្តីជូនដំណឹងមួយទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ពីការបញ្ឈប់គម្រោងសិក្សាបង្កើតថ្មីនេះផងដែរ។
សូមបញ្ជាក់ថា សម្តេចក្រឡាហម ស ខេង កាលពីខែសីហា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ បានសរសេរសំណើមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន ស្នើសុំបង្កើតថ្មីចំនួនពីរទៀត ដោយខេត្តមួយបំបែកចេញពីខេត្តកណ្តាល និងខេត្តមួយទៀត បំបែកចេញពីខេត្តមណ្ឌលគិរី និងរតនគិរី។
បើតាមការបញ្ជាក់នៅក្នុងសំណើនោះការបង្កើតខេត្តថ្មីពីរនេះ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ការជំរុញអភិវឌ្ឍន៍នៅមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ជាមួយនឹងការប្រកាសលុបចោលគម្រោងសិក្សាបង្កើតខេត្តនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានហាមកុំឲ្យយកលេសបង្ខិតសេវាទៅកៀកប្រជាពលរដ្ឋ ដើម្បីសុំបង្កើតខេត្តនេះបន្តទៅទៀត។ សម្តេចលើកឡើងថា បច្ចុប្បន្នមានបច្ចេកវិទ្យាទំនើប ឲ្យតែមានឆន្ទៈការផ្តល់សេវាជូនប្រជាពលរដ្ឋមិនចោទជាបញ្ហានោះឡើយ៕