(ភ្នំពេញ)៖ ទីបំផុត ! សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រចបន្ថែម៥ដុល្លារ លើតួលេខបោះឆ្នោតដោយក្រុមប្រឹក្សាការងារ ១៧៧ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់ កម្មករនិយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង កើនដល់១៨២ដុល្លារ សម្រាប់ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល Fresh News ទទួលបានពេលនេះ។
ការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីចំនួនប្រាក់ឈ្នួលអប្បបរមា ១៨២ដុល្លារសហរដ្ឋអាមេរិកដែលត្រូវបានដំឡើងជូនកម្មករនៅឆ្នាំក្រោយនេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មការប្រឹក្សាការងារ ដែលរួមមានរាជរដ្ឋាភិបាល សហជីព និងនិយោជក បើកកិច្ចប្រជុំចុងក្រោយមួយ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ដើម្បីបោះឆ្នោតជ្រើសរើសយកតួលេខមួយធ្វើជាគោល ក្នុងនោះសន្លឹកឆ្នោតភាគច្រើនបានបោះឆ្នោតជ្រើសរើសយកតួលេខ១៧៧ដុល្លារ ហើយបន្ទាប់មកសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសដោយបន្ថែម៥ដុល្លារទៀតជូនកម្មករ ដែលធ្វើឱ្យប្រាក់ឈ្នួលពួកគេកើនឡើង១៨២ដុល្លារ នៅឆ្នាំក្រោយនេះតែម្តង។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ ប្រាក់ឈ្នួលអប្បបរមា១៨២ដុល្លារនេះ នឹងចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩តទៅ។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងសម្រាប់ឆ្នាំ២០១៩នេះ មានការកើនឡើង១២ដុល្លារ បើធៀបនឹងឆ្នាំ២០១៨ ដែលប្រាក់ឈ្នួលរបស់កម្មករមានត្រឹម១៧០ដុល្លារប៉ុណ្ណោះ៕