(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់គ្រប់បណ្ដាគណបក្សនយោបាយទាំងអស់ ត្រូវតែអប់រំសមាជិករបស់ខ្លួន ឲ្យបញ្ឈប់វប្បធម៌ជេរបញ្ចោ និងលាបពណ៌ខ្មែរគ្នាឯង ព្រោះវប្បធម៌នេះមិនបានជួយឲ្យប្រទេសជាតិរីកចម្រើននោះទេ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ដែលធ្វើនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា វប្បធម៌លាបពណ៌ ឬវប្បធម៌ជេរបញ្ចោនេះហើយ ដែលធ្វើឲ្យខ្មែរបែកបាក់ពីមួយជំនាន់ទៅមួយជំនាន់ មិនចេះចប់ មិនចេះហើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងត្រូវបានផ្ដើមពីការរៀបចំគុណធម៌ សីលធម៌របស់មនុស្សគ្រប់រូប មិនថាក្មេងចាស់ ប្រុសស្រី ឬក៏អ្នកនយោបាយទេ បក្សនយោបាយមួយត្រូវអប់រំសមាជិកបក្សរបស់ខ្លួនឲ្យមានសីលធម៌។ ការជេរបញ្ចោលាបពណ៌ នោះហើយជាវប្បធម៌ដែលនាំឲ្យខ្មែរ បែកបាក់ពីជំនាន់មួយ មកកាន់ជំនាន់មួយ មិនចេះចប់មិនចេះហើយ»។
បើតាមប្រសាសន៍របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បច្ចុប្បន្ននេះវប្បធម៌ជេរបញ្ចោ និងវប្បធម៌លាបពណ ខ្មែរគ្នាឯងនេះ នៅតែបន្ដដោយមនុស្សមួយក្រុមតែប៉ុណ្ណោះ ដែលកំពុងតែនៅក្រៅច្បាប់របស់ប្រទេសកម្ពុជា ហើយតែងតែជេរប្រមាថសម្ដេច រហូតសម្ដេចមិនអាចទទួលយកបានទាល់តែសោះ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្មែរយើងបែកបាក់ដោយសារលាបពណ៌គ្នា ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ដ្រីម្នាក់ ទៅជេរខ្ញុំអាក្បត់ជាតិ តើនោះជាវប្បធម៌ដែលអ្នកឯងត្រូវទទួលទេ ហើយខ្ញុំអាចអត់ឱនឲ្យអ្នកឯងបានទេ បើអ្នកឯងបន្ដនយោបាយបែបហ្នឹង? តែខ្ញុំសង្ឃឹមមិនច្រើនទេ ជាមួយអត្ថចរិកដែលមិនអាចទទួលបាន ឬក៏មិនអាចអត់ឱនបានរបស់ពួកគេ»។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា សម្រាប់មេក្លោងដែលតែងញុះញង់ឲ្យខ្មែរដើរជេរប្រមាថគ្នានេះ គឺទណ្ឌិត សម រង្ស៊ីនោះសម្តេចមិនចុះហត្ថលេខាសុំលើកលែងទោស ឲ្យជាដាច់ខាត ដូចសម្តេចធ្លាប់បានសន្យាថា បើសម្តេចចុះហត្ថលេខាសុំលើកលែងទោសសម្តេចកាត់ដៃស្តាំចោល៕