(ជប៉ុន)៖ លោក ហ៊ីរ៉ូយូគី អ៊ីស្សីហ្គេ ប្រធាននិងជានាយកប្រតិបត្តិការ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានកោតសរសើរកម្ពុជាថា ជាប្រទេសដែលមានបរិយាកាសវិនិយោគល្អ ហើយមិនមានការបែងចែករវាងសហគ្រាសបរទេស និងក្នុងស្រុកនោះទេ។
លោកប្រធាននិងជានាយកប្រតិបត្តិការ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានកោតសរសើរបែបនេះ ក្នុងឱកាសដែលលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ។
លោក ហ៊ីរ៉ូយូគី អ៊ីស្សីហ្គេ បានលើកឡើងថា នៅកម្ពុជាពិតជាមានបរិយាកាសវិនិយោគល្អ ដោយមិនមានការបែងចែករវាងសហគ្រាសបរទេស និងក្នុងស្រុក។ លោកថា អ្នកវិនិយោគជប៉ុន មានចរិកលក្ខណៈផ្សារភ្ជាប់ទៅនិង តំបន់ មានចក្ខុវិស័យវែងឆ្ងាយ និងបណ្តុះបណ្តាលធនធានមនុស្ស។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍វាយតម្លៃខ្ពស់ និងចាត់ទុកថា អង្គការ JETRO បានដើរតួនាទីយ៉ាងខ្លាំងក្នុងការគៀងគរវិនិយោគជប៉ុនមកកម្ពុជាក្នុងពេលកន្លងមក។ សម្តេចបន្តថា ជាមួយនឹងការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនអាណា គឺពិតជាបានរួមចំណែកជួយនាំយកនូវអ្នកវិនិយោគជប៉ុន និងអ្នកទេសចរជប៉ុន មកកាន់កម្ពុជា។
សម្តេចតេជោបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពិសេសបន្តពិនិត្យមើលថែមទៀត លើគ្រប់លទ្ធភាពក្នុងការជួយសម្រួលដោយអ្នកវិនិយោគិនជប៉ុននៅកម្ពុជា ក្នុងនោះរួមទាំងការបង្កើតឡើងនូវវេទិការពិសេសវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងស្ថានឯកអគ្គរាជទូតជប៉ុន ដោយមិនចាំបាច់រង់ចាំវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។
សម្តេចតេជោបានបន្តថា សម្តេចមានយុទ្ធសាស្រ្ត គឺទាក់ទាញវិនិយោគមកកម្ពុជា គឺធ្វើយ៉ាងណាឲ្យអ្នកវិនិយោគទាំង អស់បន្ត និងពង្រីកសកម្មភាពរបស់ខ្លួននៅកម្ពុជា និងទាក់ទាញវិនិយោគជប៉ុនថែមទៀតមកកម្ពុជា។ សម្តេចតេជោបន្តថា ពីមុនមានអ្នវិនោយគជប៉ុនតែប្រមាណ២០ក្រុមហ៊ុនទេ តែមកដល់ពេលនេះ មានក្រុមហ៊ុនជប៉ុនប្រមាណជាង២០០ក្រុមហ៊ុន នៅកម្ពុជា៕