(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យ លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ដែលបង្ហាញជំហរគាំទ្រចំពោះការបោះឆ្នោតនៅកម្ពុជាអាណត្តិនេះ បន្តគាំទ្រនូវការបោះឆ្នោតជាតិ ក្នុងប្រទេសកម្ពុជា នៅអាណត្តិក្រោយៗទៀត ដោយសារតែការបោះឆ្នោតនៅកម្ពុជា មិនបានបញ្ចប់ត្រឹមឆ្នាំ២០១៨នេះទេ គឺត្រូវធ្វើតាមការកំណត់ថែមទៀត ក្នុងដំណើរការប្រជាធិបតេយ្យ។
សំណើផ្ទាល់មាត់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន និងលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានធ្វើសន្និសិទសារព័ត៌មានរួមគ្នា នៅទីស្តីការគណៈរដ្ឋមន្រ្តីរបស់ជប៉ុន នាទីក្រុងតូក្យូ ប្រទេសជប៉ុន។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ជាក់ស្តែងពេលនេះកម្ពុជាកំពុងដំណើរការចុះឈ្មោះបោះឆ្នោតរបស់ខ្លួនបន្តទៀត គឺជាការបន្តដំណើរការប្រជាធិបតេយ្យ។
សម្តេចតេជោ ហ៊ុន សែន សម្តែងការថ្លែងអំណរគុណចំពោះលោក អាបេ និងរីករាយមកទស្សនកិច្ចម្តងទៀត ជាមួយនឹងខួប៦៥ឆ្នាំ នៃការទូតកម្ពុជាជប៉ុន។ សម្តេចបានថ្លែងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ណាស់។
ក្នុងពេលមានវត្តមាននៅប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន និងលោក អាបេ បានពិភាក្សាគ្នាស៊ីជម្រៅ អំពីទំនាក់ទំនងអន្តរជាតិ បញ្ហាអន្តរជាតិ និងបញ្ហាក្នុងតំបន់។ សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចពេញចិត្ត នឹងអ្វីដែលអាបេ ដែលអញ្ជើញយុវជនមកពីគណបក្សនយោបាយនានា ស្ថាប័នយុត្តិធម៌ ធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីពិនិត្យមើលប្រជាធិបតេយ្យប្រទេសនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលគាំទ្របេក្ខជនកម្ពុជា ធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំអាស៊ីអឺរ៉ុប នៅឆ្នាំ២០២០ផងដែរ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នឹងមានការអនុម័តឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំអាស៊ីអឺរ៉ុប នៅឆ្នាំ២០២០ នៅពេលខាងមុខនេះ៕