(ជប៉ុន)៖ នៅរាត្រីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីជប៉ុន ស៊ុនហ្សូ អាបេ និងភរិយា បានប្រារព្វរៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ជូនបណ្តាមេដឹកនាំ នៃប្រទេសមេគង្គ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ នៅទីក្រុង ប្រទេសជប៉ុន។

បណ្តាមេដឹកនាំនៃប្រទេសមេគង្គដែលអញ្ជើញចូលរួមក្នុងពិធី លៀងសាយភោជន៍ជាមហាកិត្តិយសនោះរួមមាន៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, លោកបណ្ឌិត ថងលួន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ, លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសហភាពមីយ៉ាន់ម៉ា, លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃថៃ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម និងភរិយា។

ថ្លែងសុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍ ដែលជាមហាកិត្តិយសនោះ, នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ជូនចំពោះបណ្តាមេដឹកនាំនៃ ប្រទេសមេគង្គ ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃបំផុត ឆ្លើយតបតាមអញ្ជើញរបស់លោក អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ លោកនាយករដ្ឋមន្រ្តីបន្តថា យើងពិតជាមានការរីករាយចំពោះកិច្ចប្រជុំរបស់យើងក្នុងឆ្នាំ២០១៨នេះ ដែលប្រព្រឹត្តធ្វើឡើងស្របពេល និងខួប១០ឆ្នាំ នៃកិច្ចប្រជុំកំពូលមេគង្គ ជប៉ុនរបស់យើង។

នាយករដ្ឋមន្រ្តីជប៉ុន អាបេ បានបន្តថា នៅក្នុងកិច្ចប្រជុំកំពូលរបស់យើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ យើងនិងធ្វើការពិភាក្សា និងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឲ្យ ប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោតសារៈសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត៕