(តូក្យូ, ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទៅកាន់ធុរកិច្ចជនជប៉ុនថា កម្ពុជាស្វាគមន៍រាល់ការវិនិយោគរបស់ជប៉ុន និងបានធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល និងជួយជំរុញដល់ការវិនិយោគ ពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ានប្រមាណបាន។
ការថ្លែងបង្ហាញពីការស្វាគមន៍ និងធានាដល់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងវេទិកាធុរកិច្ចមេគង្គ-ជប៉ុន ស្តីពី «តំបន់ប្រមូលផ្តំនៃខ្សែច្រវាក់តម្លៃរបស់អាស៊ី» នាទីក្រុងតូក្យូ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគទាំងអស់ ជាពិសេសអ្នកវិនិយោគជប៉ុន ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកវិនិយោគជប៉ុនដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ នៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីទាក់ទាញយកប្រយោជន៍ជាអតិបរមាពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលជប៉ុនបានជួយគាំទ្រដល់កម្ពុជា។
ទន្ទឹមនឹងការអំពាវនាវវិនិយោគិនជប៉ុនមករកស៊ីនៅកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញពីសក្តានុពល និងកាលានុវត្តភាពជាច្រើនជាអំណោយផលដល់ការវិនិយោគផងដែរ។ សក្តានុពល និងកាលានុវត្តភាព ដែលសម្តេចតេជោ បានលើកបង្ហាញនាពេលនោះរួមមាន៖
ទី១៖ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងសន្តិសុខពេញលេញក្នុងប្រទេស បានធ្វើឲ្យកម្ពុជាស្ថិតលើគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងអត្រាកំណើតសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ ៧% ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងទៅនេះ។ កាលពីសប្តាហ៍កន្លងទៅ មូលនីធិរូបិយវត្ថុអន្តរជាតិ (IMF) បានធ្វើការព្យាករថាសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានកំណើនក្នុងអត្រា ៧,២៥% ក្នុងឆ្នាំ២០១៨ ដែលអត្រាកំណើននេះ នឹងរក្សាបានក្នុងឆ្នាំខាងមុខ។ តាមរយៈកំណើនសេដ្ឋកិច្ចគួរឲ្យស្ញប់ស្ញែង និងកំណែទម្រង់មួយចំនួន កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅ រកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ទី២៖ កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា «រោងចក្រនៃអាស៊ី» ហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ជាងគេ។ ជាមួយគ្នានេះដែរ ការផ្លាស់ប្តុរទីប្រជុំទម្ងន់នៃកំណើនសេដ្ឋកិច្ចមកទ្វីបអាស៊ី ពិសេសអាស៊ីបូព៌ា បន្តនៅជា “ឱកាសមាស” សម្រាប់កម្ពុជាធ្វើការអភិវឌ្ឍ និងធ្វើទំនើបកម្ម ឧស្សាហកម្ម ផលិតកម្ម និងសេវាកម្ម ជាមួយបណ្តាប្រទេសក្នុងតំបន់។
ទី៣៖ កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុនោះប្រជាជនដែលមានអយុត្រឹម ៣៥ ឆ្នាំចុះមានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យម និងវណ្ណៈកណ្តាល នឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងការសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់សម្រាប់រយៈពេល ៣ទសវត្សរ៍ខាងមុខ។
ទី៤៖ កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើសរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។ យើងបានបើកចំហគ្រប់វិស័យ រួមទាំង វិស័យធនាគារ វិស័យធានារ៉ាប់រង និងវិស័យទូរគមនាគមន៍ ដែលជាទូទៅប្រទេសជាច្រើននៅក្នុងពិភពលោក មិនអនុញ្ញាតឲ្យអ្នកវិនិយោគ ១០០% ដោយគ្មានការចូលរយមពីសំណាក់អ្នកវិនិយគជាតិនៅវិស័យទាំងនោះឡើយ។ កម្ពុជានៅមានសក្តានុពលយ៉ាងច្រើនក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ រួមមានការបន្តបង្កើនភាពស៊ីជម្រៅនៃអន្តរការីកម្មហិរញ្ញវត្ថុ ការលើកម្ពស់វិស័យធានារ៉ាប់រង និងការអភិវឌ្ឍទីផ្សារមូលបត្រ។
ទី៥៖ ទំនិញផលិតនៅកម្ពុជា មិនមែនផ្គត់ផ្គងសម្រាប់តែទីផ្សាកម្ពុជាដែលមានប្រជាជនប្រមាណតែជាង ១៥ លាននាក់តែប៉ុណ្ណោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណ ២៥០ លាននាក់ទីផ្សារអាស៊ានដែលមានអតិថិជនប្រមាណ ៦៣០លាននាក់ និងទីផ្សារនៅក្នុងតំបន់នៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយតំបន់ (RECP) ដែលមានអតិថិជនប្រមាណ ៣ ប៊ីលាននាក់ព្រមទាំងលទ្ធភាពចូលទីផ្សារធំដទៃទៀតក្នុងពិភពលោក។
ទី៦៖ កម្ពុជាបាននិងកំពុងធ្វើសមាហរណកម្ម និងតភ្ជាប់តាមបោះប៉ូលសេដ្ឋកិច្ចសំខាន់ៗ នៅក្នុងប្រទេស និងនៅក្នុងតំបន់ ដែលនឹងបង្កើតនូវប្រព័ន្ធឡូជីស្ទីកដ៏រស់រវើក និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ ជាកត្តាជំរុញឲ្យកម្ពុជាបោះជំហាន់ទៅមុខកាន់តែលឿន និងដើរតួនាទីកាន់តែសំខាន់ក្នុងការចូលរួម និងបំពេញគ្នា ទៅវិញទៅមកក្មុងស្មារតីឈ្នះ-ឈ្នះ ជាមួយបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់មេគង្គ ដើម្បីធ្វើឲ្យតំបន់នេះក្លាយជាតំបន់ប្រមូលផ្តុំថ្មីនៃខ្សែច្រវាក់តម្លៃរបស់អាស៊ី ប្រកបដោយជវភាព។ លើសពិនេះទៅទៀត ជាងពេលណាៗទាំងអស់ ចាប់តាំងពីការចូលជាធរមាននៃសហគមន៍សេដ្ឋកិច្ចអាស៊ាននាខែធ្នូឆ្នាំ២០១៥ បណ្តាប្រទេសតំបន់មេគង្គបានធ្វើឲ្យសមាហរណ្ណកម្មកាន់តែស្និតស្នាលជាងមុន និងកំពុងតែប្រែក្លាយតំបន់ទៅជា «រោងចក្រអាស៊ីអាគ្នេយ៍»៕