(ភ្នំពេញ)៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ថា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ទី១០ ខែតុលា ឆ្នាំ២០១៨ រថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ បានធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃប្រមាណជិត២ម៉ឺននាក់ ទៅកាន់ស្រុកកំណើត និងត្រលប់មកភ្នំពេញវិញ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
ការរៀបចំដឹកជញ្ជូនកម្មករ និងប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្រួលដល់កម្មករ និងប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន២១៥គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋចេញពីភ្នំពេញ ទៅបណ្តាខេត្តនានាដែលជាស្រុកកំណើត និងដឹកត្រឡប់ពីស្រុកកំណើតមកកាន់រាជធានីភ្នំពេញវិញ។
ការដឹកជញ្ជូនឥតគិតថ្លៃនេះ ចាប់ផ្តើមពីព្រឹកថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយអនុវត្តនៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨។ ជាមួយនោះដែរសាលារាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងចំនួន៩៥គ្រឿង ដើម្បីដឹកជញ្ជូនដោយមិនបង់ប្រាក់រយៈពេល០៣ថ្ងៃ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។
បើតាមការប៉ាន់ប្រមាណរបស់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ, រយៈពេល៦ថ្ងៃនេះ អាចមានប្រជាពលរដ្ឋមិនតិចជាង២៥,០០០នាក់ទេ ដែលបានទទួលសេវាដឹកជញ្ជូនប្រជាពលរដ្ឋមិនគិតថ្លៃ ដែលរៀបចំដោយរាជរដ្ឋាភិបាលនាពេលនេះ។ លោកនឹងបូកសរុបថែមទៀត បន្ទាប់ពីការដឹកជញ្ជូនឥតគិតថ្លៃបញ្ចប់។
សូមបញ្ជាក់ថា ក្រៅពីការផ្តល់កាដូឱ្យមានការដឹកជញ្ជូនប្រជាពលរដ្ឋទៅមកស្រុកកំណើតដោយឥតគិតថ្លៃនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសឱ្យ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តច្បាប់ស្តីពីការងារ អនុញ្ញាតឱ្យកម្មករនិយោជិត បានឈប់សម្រាក់ចំនួន៣ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយបើកប្រាក់ឈ្នួលមុនបុណ្យប្រពៃណីនេះផងដែរ។ ក្រៅពីនេះមន្រ្តីរាជការក៏ទទួលបានប្រាក់ឧបត្ថម្ភម្នាក់ៗ៥ម៉ឺនរៀល នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះថែមទៀត៕