(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ដ៏ពិសេសមួយឆ្លើយតបទៅនឹងសហភាពអឺរ៉ុប ស្តីពីការអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA) សម្រាប់ទំនិញរបស់កម្ពុជា ហើយបានចាត់ទុកជាការសម្រេចដ៏អយុត្តិធម៌បំផុត។
នៅក្នុងសេចក្តីថ្លែងការណ៍នេះរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការសម្រេចចិត្តនេះ ថាជាភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុបបានបដិសេធដោយចំហរ អំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែលប្រទេស កម្ពុជាសម្រេចបាន ទោះបីរងគ្រោះដោយសោកនាដកម្មកន្លងមកថ្មីៗនេះយ៉ាងណាក៏ដោយ ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិជាច្រើន ដែលត្រូវបានផ្សារភ្ជាប់នឹងកម្មវិធីនេះ ជាពិសេសនៅក្នុងវិស័យសិទ្ធិការងារ និងសិទ្ធិដីធ្លី។
រាជរដ្ឋាភិបាលសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយឈរលើមូលដ្ឋាននៃរបាយការណ៍បេសកកម្មរបស់សហភាពអឺរ៉ុប កាលពីខែកក្កដាកន្លងទៅ។ រាជរដ្ឋាភិបាលមានការខកចិត្តចំពោះកង្វះតម្លាភាពរបស់សហភាពអឺរ៉ុប ដែលមិនបានបង្ហាញនូវខ្លឹមសារនៃរបាយការណ៍នោះ ដែលសហភាពអឺរ៉ុបបានយកធ្វើជាមូលដ្ឋាននៃសេចក្តីសម្រេចចិត្តលំអៀងរបស់ខ្លួន។
ព័ត៌មានលំអិតសូមអានសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖