(ភ្នំពេញ)៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានលើកឡើងថា ប្រសិនបើមានការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបសម្រាប់ទំនិញពីកម្ពុជាមែននោះ ក៏មិនធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាស្លាប់នោះឡើយ ពីព្រោះដោយស្វ័យប្រវត្តិកម្ពុជានឹងបាត់បង់ភាពអនុគ្រោះពន្ធ EBAនេះ នៅអំឡុងឆ្នាំ២០២១ ឬ២០២៣ ដោយសារកម្ពុជាបានក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមហើយ។ ការអនុគ្រោះពន្ធរបស់សហគមន៍អ៊ឺរ៉ុបគឺផ្តល់ទៅដល់បណ្តាប្រទេស ដែលមានចំណូលទាបតែប៉ុណ្ណោះ។
ការអះអាងរបស់លោក ហេង សួរ បានធ្វើឡើងបន្ទាប់ពីគណៈកម្មការសហភាពអឺរ៉ុប បានប្រកាសថា ខ្លួនកំពុងនឹងបន្តនីតិវិធីរបស់ខ្លួនលើការដកប្រព័ន្ធអនុគ្រោះពន្ធលើ ទំនិញរបស់កម្ពុជា ក្រោមលេសថាកម្ពុជាបានរំលោភលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាដើមនោះ ដែលជាអង្គហេតុមួយប្រាសចាកពីមូលដ្ឋានបច្ចេកទេសនៃលក្ខខណ្ឌ និងស្ថានភាពជាក់ស្តែងនៅកម្ពុជា។
លោក ហេង សួរ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះថា គ្រប់ស្ថាប័នរាជរដ្ឋាភិបាលទាំងអស់ មានយន្តការរួមក្នុងការគ្រប់គ្រង លើហានិភ័យដែលអាចកើតមានឡើងទាំងស្រុង ប្រសិនជាសហភាពអ៉ឺរ៉ុបធ្វើការសម្រេចចិត្តឈប់ផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជា មុនកាលកំណត់បន្តិចដោយខ្វះសុភវិនិច្ឆ័យ ខ្វះវិជ្ជាជីវៈ ខ្វះការប្រៀបធៀបចំណុចប្រសើរ ដែលកម្ពុជាមាន ធៀបជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ ជាពិសេស គឺការមើលមិនឃើញការឈានមុខគេរបស់កម្ពុជាក្នុងការផ្តល់ និងអនុវត្តអនុសញ្ញាអន្តរជាតិស្នូលខាងការងារទាំង៨ ការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើររបស់អអ្គការ ILO (ILO-BFC) គម្រោង «គំនិតផ្តួចផ្តើមសកល Global Deal Initiative» របស់ប្រទេសស៊ុយអ៊ែត កម្មវិធីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនៅកម្រិតរោងចក្រសហគ្រាស របស់អង្គការ GIZ ។ល។ ដែលលទ្ធផលនៃការអនុវត្តគម្រោង និងកម្មវិធីទាំងអស់នេះត្រូវបានសាមីដើមប្រទេស ឬអង្គការ ជ្រើសរើសយកកម្ពុជាធ្វើជាម៉ូឌែល លើកទឹកចិត្តឱ្យបណ្តាប្រទេសដទៃផ្សេងទៀតធ្វើតាម។
លោក ហេង សួរ បានគូសបញ្ជាក់ថា «ការសម្រេចចិត្តរបស់សហភាពអ៊ឺរ៉ុប អាចនិងធ្វើឱ្យតួនាទីអង្គការ ILO និងគម្រោងជាច្រើនរបស់ដៃគូនានាមកពីសហភាពអ៊ឺរ៉ុបពាក់ព័ន្ធ នឹងវិស័យការងារធាក់ថយក្រោយ ហើយប្រទេសផ្សេងទៀតអាចនឹងងាកចេញពីការចូលរួមគម្រោងទាំងអស់នេះពីព្រោះសហគមន៍អ៊ឺរ៉ុបមិនយកលទ្ធផល និងភាពជាក់ស្តែងនៃការប្រសើរឡើងនៃលក្ខខណ្ឌការងារជាគោលនោះទេ គឺយកនយោបាយជ្រៀតជ្រែកអធិបតេយ្យភាពជាតិសាសន៍ដទៃជាធំវិញ»។
ការបង្ហាញជំហររបស់សហភាពអ៊ឺរ៉ុប នឹងធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ កាន់តែមានសាមគ្គីភាព និងវិញជាធ្លុងមួយ តាមរយៈការពង្រឹងស្ថាប័នសាធារណៈ ពង្រឹងផលិតភាព និងធនធានមនុស្ស ព្រមទាំងកាត់បន្ថយរនាំងរដ្ឋបាលមិនចាំបាច់មួយចំនួន ដែលការកែសម្រួលទាំងអស់នេះគឺជាមូលដ្ឋានពិតប្រាកដនៃភាពប្រកួតប្រជែងយូរអង្វែងរបស់កម្ពុជា។
អ្នកនាំពាក្យរូបនេះ ក៏បានអះអាងដែរថា សហភាពអឺរ៉ុបត្រូវការពេលវេលាលើសពី១ឆ្នាំ ដើម្បីបញ្ចប់នីតិវិធី នៃការឈប់ផ្តល់ការអនុគ្រោះពន្ធនេះដល់កម្ពុជានេះ ពីព្រោះសហភាពអ៊ឺរ៉ុប ត្រូវបំពេញនីតិវិធីជាច្រើន រួមទាំងការត្រូវពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលនៃប្រទេសជាសមាជិករបស់ខ្លួនពេលអនុវត្តផងដែរ។ កម្ពុជានឹងផ្តល់ព័ត៌មានបន្ថែម ដល់មន្រ្តីបច្ចេកទេស ជាន់ខ្ពស់របស់សហភាពអឺរ៉ុបដើម្បីជជែកទៅលើបញ្ហានេះ។ ក្នុងចំណោមបណ្តាប្រទេសជាសមាជិកសហភាពអ៊ឺរ៉ុបទាំងអស់គឺប្រទេសអង់គ្លេស ស៊ុយអ៊ែត អាល្លឺម៉ង់ និងបារាំងគឺជាអ្នកបញ្ជាទិញសំខាន់ៗពីកម្ពុជា។
លោក ហេង សួរ ក៏បានផ្តាំទៅអ្នកព័ត៌មាន និងក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ត្រូវប្រយ័ត្នប្រយែងក្នុងការវិភាគ និងអត្ថាធិប្បាយរបស់ពួកគេលើបញ្ជា EBA នេះ ពីព្រោះអាចធ្វើឲ្យកម្មករ និយោជិតខឹងអ្នកទាំងនោះថា ជាអ្នកហួចហៅខ្យល់ពេលទើបតែមានផ្សែង។ លោកបានបញ្ជាក់ថា បើក្រុមប្រឆាំងមានឧត្តមគតិជាតិ និងស្រឡាញ់ប្រជាជនខ្មែរ មិនគួរណាទៅក្រាបអោនសុំឲ្យអ៊ឺរ៉ុបធ្វើបាបកម្មករនិយោជិត និងក្រុមគ្រួសារពួកគាត់នោះទេ ពីព្រោះផលប្រយោជន៍នៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើងទៅ
សហភាពអ៊ឺរ៉ុប គឺបានចូលទៅហោប៉ាវរបស់បងប្អូនកម្មករ និយោជិត និងក្រុមគ្រួសាររបស់ពួកគាត់ដោយផ្ទាល់តែម្តង។ រាជរដ្ឋាភិបាលបានលើកលែងពន្ធជាច្រើនដល់វិស័យកាត់ដេរ កាត់បន្ថយថ្លៃអគ្គីសនី ដើម្បីបានដំឡើងប្រាក់បៀវត្សអប្បបរមាបន្ថែមជូនបងប្អូនកម្មករនិយោជិត ហើយក៏មិនបានយកពន្ធលើប្រាក់បៀវត្សអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់បងប្អូនកម្មករនិយោជិតនោះទេ។
សូមបញ្ជាក់ថា ចំពោះមុខការគំរាមរបស់របស់សហភាពអឺរ៉ុបនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ ដោយមិនចុះញមជាមួយការគំរាមនេះជាថ្នូរនឹង ការលះបង់អធិបតេយ្យជាតិ លះបង់ការអនុវត្តន៍ច្បាប់របស់ប្រទេសនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងកិច្ចសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅប្រទេសជប៉ុនកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ បានបញ្ជាក់យ៉ាងដាច់ណាត់ យ៉ាងដូច្នេះថា «ខ្ញុំនិយាយហើយនិយាយទៀតកុំយកអធិបតេយ្យជាតិទៅដូរជាមួយជំនួយ កុំយកសន្តិភាពរបស់ប្រទេសទៅដូរជាមួយជំនួយ។ ឥឡូវចង់នរណាចាត់ការកម្ពុជាតាម វិធីណាចាត់ការចុះ ប៉ុន្តែកម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ការពារអធិបតេយ្យ ឯករាជ្យជាតិរបស់ខ្លួន។ បើកម្ពុជាអនុវត្តន៍ច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើកម្ពុជាធ្វើអី ចាំបាច់ធ្វើប្រទេសមួយធ្វើអី»។
ការរក្សាជំហរដ៏ម៉ឹងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន គឺទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីគ្រប់ក្រសួងស្ថាប័ន កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរ។
ជាមួយគ្នានេះក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ក៏បានឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់សហភាពអឺរ៉ុបផងដែរ ដោយចាត់ទុកការសម្រេចនេះ ធ្វើឡើងទាំងអយុត្តិធម៌ ដោយមិនសិក្សាពីតថភាពពិតរបស់សង្គមកម្ពុជា និងមិនទទួលស្គាល់ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ដ៏មានតម្លៃអស់រយៈពេល២០ឆ្នាំកន្លងមកនេះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមជួយទាញមនុស្សប្រុសស្រីរាប់លាននាក់ឲ្យរួចផុតពីភាពក្រីក្រ។
រាជរដ្ឋាភិបាលបានបង្ហាញជំហរដ៏រឹងមាំរបស់ខ្លួនថា ប្រសិនបើស្ថាប័នអឺរ៉ុបសម្រេចដាក់ទណ្ឌកម្មមកលើកម្ពុជា នឹងធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាតាំងចិត្តកាន់តែមុតមាំថែមទៀត ក្នុងការការពារ និងរក្សាសកម្មភាពត្រឹមត្រូវ និងស្របច្បាប់របស់ខ្លួន។
ក្រសួងបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្តកសាងរដ្ឋប្រជាធិបតេយ្យមួយ ដោយគោរពសិទ្ធិប្រជាពលរដ្ឋ ទាំងអស់ស្របតាមគុណតម្លៃ និងប្រពៃណីរបស់ខ្លួន ប៉ុន្តែនៅក្នុងក្របខណ្ឌនៃនីតិរដ្ឋដែលគ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់បានឡើយ ទោះបីជាសកម្មជននយោបាយក្តី ឬជាសមាជិកនៃក្រុមសង្គម ស៊ីវិលក្តី៕