(ភ្នំពេញ)៖ រយៈពេល១៥ថ្ងៃនៃថ្ងៃកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ គ្រោះអគ្គិភ័យនៅទូទាំងប្រទេសកើតឡើង មានចំនួន១៨លើក សម្លាប់មនុស្សម្នាក់ និងរបួស៦នាក់។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃក្រសួងមហាផ្ទៃ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ទោ នេត វន្ថា បានបញ្ជាក់ថា អគ្គិភ័យដែលកើតឡើងទាំង១៨លើកនេះ ក្រៅពីសម្លាប់មនុស្សម្នាក់ និងរបួស៦នាក់ហើយនោះ ក៏បានបំផ្លាញផ្ទះ២ខ្នង, រថយន្ដ២គ្រឿង, ឡចំហុយក្នុងរោងចក្រ១លើក និងកុដិលោក៣ខ្នង។ មូលហេតុបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី១០លើក, ភ្លើងទៀនធូក១លើក, មនុស្សដុត១លើក, ចង្ក្រានហ្គាស១លើក និងក្ដាប់មិនបា១លើក។
ដោយឡែករយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយគិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើងចំនួន៣លើក ដោយបានបំផ្លាញផ្ទះចំនួន៤ខ្នង និងអគារខុនដូកំពុងសាងសង់បន្ដិចបន្ទួច។ អគ្គិភ័យទាំង៣លើកនេះ នៅខេត្តព្រៃវែង១លើក ឆេះផ្ទះអស់ចំនួន២ខ្នង ក្នុងនោះសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួនពីរឡាន, ខេត្តតាកែវ១លើក ឆេះផ្ទះអស់ចំនួន២ខ្នង ក្នុងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន។
នៅរាជធានីភ្នំពេញកើតឡើង១លើក ដោយឆេះអាគារខុនដូកំពុងសាងសង់មួយកន្លែង ហើយសមត្ថកិច្ចប្រើប្រាស់រថយន្តសរុបចំនួន២៥គ្រឿង ក្នុងនោះ ស្នងការនគរបាលរាជធានីភ្នំពេញចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២ឡាន, ក្រសួងមហាផ្ទៃចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន និងក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន១គ្រឿង មិនបានប្រើប្រាស់ទឹកទេ។
លោកប្រធាននាយកដ្ឋានរូបនេះ ក៏បានគូសបញ្ជាក់ថា ករណីអគ្គិភយ័ទាំង៣លើកខាងលើនេះ មិនបណ្ដាលឲ្យរងគ្រោះដល់មនុស្សឡើយ ប៉ុន្ដែបើគិតដូចគ្នាឆ្នាំ២០១៧ គឺមានកាកើនឡើងចំនួន១លើក៕