(ភ្នំពេញ)៖ របាយការណ៍បន្ថែមរបស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្នុងថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែតុលា នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរជាង១.៥លាននាក់ ដែលចេញដើរលេងកម្សាន្ដ នៅតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស។
បើតាមរបាយការណ៍បន្ថែមបានឲ្យដឹងថា ភ្ញៀវទេសចរបានចាប់ផ្តើមធ្វើដំណើរកំសាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០៦-១០ ខែតុលា ឆ្នាំ២០១៨ ដែលមានចំនួនសរុប ១,៥០៥,៤៩៥នាក់ កើនឡើង៤៣.៦៩% ក្នុងនោះ៖ ភ្ញៀវជាតិមានចំនួន១,៤៣៣,៥៩៥ នាក់ កើនឡើង៥១,២១% និងភ្ញៀវអន្តរជាតិមានចំនួន ៧១,៩០០នាក់ កើនឡើង៨៥,៦៣%។
ក្រសួងទេសចរណ៍ បន្ថែមថា ក្នុងចំណោមភ្ញៀវសរុបខាងលើ អាចបែងចែកជា២ប្រភេទផ្សេងគ្នា៖ ភ្ញៀវដែលបានចាប់ផ្តើមដើរកម្សាន្តមុនពិធីបុណ្យ (០៦-០៧ ខែតុលា) មានចំនួនសរុប ២៤៣,៨០៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២១៩,៩០៨ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២៣,៨៩៦នាក់ និងភ្ញៀវដែលដើរកម្សាន្តក្នុងពិធីបុណ្យ (០៨-១០ ខែតុលា) មានចំនួនសរុប១,២៦១,៦៩១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២១៣,៦៨៧នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៤៨,០០៤នាក់។
ដោយឡែកនៅតាមបណ្តាខេត្តមួយចំនួន ភ្ញៀវទេសចរនៅកំពុងដើរកំសាន្តរហូតដល់ចុងសប្តាហ៍នេះ។
សម្រាប់បញ្ហាសន្តិសុខសុវត្ថិភាពវិញ ក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ច ចាប់តាំងពីក្រុមការងារប្រចាំការ នៅតាមគោលដៅ ទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់នៅតាមតំបន់ដែលងាយរងគ្រោះ៕
រមណីយដ្ឋានអង្គរ ផាប់ស្ទ្រីត និងកំពង់ភ្លុក ខេត្តសៀមរាប
រមណីយដ្ឋានប្រាសាទព្រះវិហារ ខេត្តព្រះវិហារ
រមណីយដ្ឋានបឹងយក្សឡោម ខេត្តរតនគិរី
រមណីយដ្ឋានសមុទ្រឈើ និងប៊ូស្រា ខេត្តមណ្ឌលគិរី
រមណីយដ្ឋានទឹកធ្លាក់អូតាវ៉ៃ ខេត្តប៉ៃលិន
រមណីយដ្ឋានបូកគោ ខេត្តកំពត
សហគមន៍ទេសចរណ៍កោះទ្រង់ ខេត្តក្រចេះ
រមណីយដ្ឋានទឹកធ្លាក់ដាចំប៉ី ខេត្តឧត្តរមានជ័យ
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ខេត្តពោធិ៍សាត់
រមណីយដ្ឋានសួនស្នេហ៍ជនបទ ខេត្តបន្ទាយមានជ័យ
រមណីយដ្ឋានទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង
រមណីយដ្ឋានទឹកធ្លាក់ហោង ខេត្តត្បូងឃ្មុំ
រមណីយដ្ឋានជ្រោះផ្អោក ខេត្តតាកែវ
រមណីយដ្ឋានទេសចរណ៍ ខេត្តកំពង់ធំ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
រមណីយដ្ឋានទេសចរណ៍ ខេត្តកែប
រមណីយដ្ឋានឡូរីបាណន់ ខេត្តបាត់ដំបង