(សាន់ហ្វាន់ស៉ីស្កូ)៖ តុលាការកំពូលនៃរដ្ឋវ៉ាស៉ីនតោន បានសម្រេចទាត់ចោលច្បាប់ប្រហារជីវិតជាលើកទីបី ដោយប្រការនេះបានធ្វើឲ្យវ៉ាស៉ីនតោនក្លាយជារដ្ឋទី២០របស់សហរដ្ឋអាមេរិក ដែលបានហាមឃាត់មិនឲ្យមានការអនុវត្តច្បាប់ប្រហារជីវិត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។
តុលាការកំពូលនៃរដ្ឋវ៉ាស៉ីនតោន បានលើកឡើងថា ទោសប្រហារជីវិតពុំមានសុពលភាពឡើយ ដោយសារវាយោងទៅលើលក្ខណៈបែបតាមតែអំពើចិត្តនិងប្រកាន់ពូជសាសន៍ ហើយពុំមានប្រយោជន៍អ្វីសម្រាប់បម្រើគោលបំណងនៃការដាក់ពិន័យ ដែលស្របច្បាប់ណាមួយឡើយ។
សេចក្តីសម្រេចខាងលើត្រូវបានធ្វើឡើង នៅក្នុងសំណុំរឿងរបស់បុរសជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ (អាល់លែន យូជីន ហ្គ្រេហ្គោរី) Allen Eugene Gregory ដែលមានទោសពីបទរំលោភនិងសម្លាប់ស្រ្តីវ័យ៤៣ឆ្នាំម្នាក់ កាលពីឆ្នាំ១៩៩៦ ដោយលោក Gregory នឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិតជំនួសឲ្យទោសប្រហារជីវិតវិញ។
ទន្ទឹមនឹងនេះ អភិបាលរដ្ឋវ៉ាស៉ីនតោន លោក ជេ អ៉ីនស្លី (Jay Inslee) ក៏បានស្វាគមន៍ចំពោះការសម្រេចនេះផងដែរ ដោយសាទរថាការសម្រេចនៃតុលាការកំពូលរបស់រដ្ឋ បានបញ្ចប់ទោសប្រហារជីវិតនៅក្នុងរដ្ឋវ៉ាស៉ីនតោន ហើយវាជាជំហានដ៏សំខាន់មួយ ក្នុងផ្លូវឆ្ពោះទៅកាន់ការអនុវត្តន៍ប្រព័ន្ធយុត្តិធម៌ដែលប្រកបដោយសមភាពនិងតម្លាភាព៕