(ភ្នំពេញ)៖ ស្ដ្រីម្នាក់ដែលយកស្កត់បិទមាត់កូន ហើយត្រូវបានគេយកវីដេអូមកបង្ហោះ ធ្វើឲ្យផ្ទុះការរិះគន់ពេញបណ្ដាញសង្គម Facebook នោះ ត្រូវបានសមត្ថកិច្ចស្គាល់អត្ដសញ្ញាណ និងបានហៅមកនាំ អប់រំធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើកូនបន្ដទៀត។
លោកអនុសេនីយ៍ឯក ឌួង វណ្ណៈ នាយប៉ុស្ដិ៍នគរបាលសង្កាត់គោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះថា បន្ទាប់ពីមហាជនសម្តែងការហួសចិត្ត លើរូបភាពដែលត្រូវបានគយកមកបង្ហោះពីសកម្មភាពស្រ្តីម្នាក់ យកស្កុតរុំមាត់កូន មើលទៅដូចជាធ្វើទារុណកម្មមកលើកូនដោយគ្មានក្តីមេត្តា ស្រឡាញ់អាណិតកូនខ្លួននោះទេ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ ត្រូវបានមកធ្វើការសាកសួរនៅប៉ុស្តិ៍គោកឃ្លាង ទើបដឹងរឿងពិតថា ជាការយល់ច្រឡំទេ ហើយកូននោះទៀតជាកូនស្រី មិនមែនកូនប្រុសទេ។
លោកនាយប៉ុស្តិ៍គោកឃ្លាង បានបញ្ជាក់ទៀតថា ក្នុងវត្តមានទាំងគ្រួសារ រួមទាំងកូនស្រីម្នាក់នោះផងដែរ ស្រ្តីជាម្តាយបានរៀបរាបក់ថា គាត់មានឈ្មោះ សុទ្ធ ធារី អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះមានប្តីឈ្មោះ ឈឹម វីរៈ អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិតំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានកូនចំនួន២នាក់។
ស្រ្តីជាម្តាយរូបនេះ បានបន្តទៀតថា កាលពីអំឡុងជាង៦ខែមុន គ្រាដែលកូនស្រីគាត់អាយុទើប១ខួប នាងជាក្មេងរពឹស ខណៈដែលក្រុមគ្រួសារនៅជុំគ្នាទាំងអស់ ដោយលេងជាមួយកូន គាត់ក៏បានយកស្កុតរុំមាត់ កូនស្រីពៅរបស់គាត់លេង មិនមែនកូនប្រុស ដូចអ្នកលេងបណ្តាញសង្គមឃើញរូប ហើយថានោះទេ ក្នុងចេតនាលេងជាមួយកូន នៅចំពោះមុខក្រុមគ្រួសារជុំគ្នាទាំងអស់ ហើយត្រូវបានប្អូនប្រុសបង្កើតឈ្មោះ សុទ្ធ មុន្នី អាយុ២៤ឆ្នាំ យកទូរស័ព្ទរបស់គាត់មកថតលេង ហើយក៏មិនបានបង្ហោះហ្វេសប៊ុកទៅណាដែរ ក៏ប៉ុន្តែបានប្រមាណជាកន្លះខែក្រោយ ប្អូនប្រុសជាអ្នកថតរូបភាពនោះ ជួបគ្រោះថ្នាក់ចរាចរណ៍ របួសបោកក្បាលដល់សន្លប់ បាត់បង់ទាំងលុយកាក់ បាត់ទាំងទូរស័ព្ទរបស់គាត់នោះទៀតផង ទើបតែក្នុងរយៈពេល២ទៅ៣ថ្ងៃនេះ ស្រាប់តែបែកធ្លាយ រូបដែលគាត់យកស្កុតរុំមាត់កូននោះ មកបង្ហោះលើបណ្តាញសង្គមព្រោងព្រាត ថែមទាំងមានមតិរិះគន់ផង។
លុះរហូតមកដល់ព្រលប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ មន្ដ្រីនគរបាលប៉ុស្តិ៍ ចុះទៅតាមហៅដល់ផ្ទះ សួរនាំរូបភាពខាងលើ ទើបភ្ញាក់ខ្លួនព្រើត មិននឹកស្មានថា រូបភាពតាំងពីជាង៦ខែមុន ហើយក្រោយពីបាត់ទូរស័ព្ទ ទើបមកបែកធ្លាយពេលនេះ។
ស្រដៀងគ្នានេះ ស្រ្តីជាម្តាយបង្កើតឈ្មោះ ហួន នឿន អាយុ៥៨ឆ្នាំ ដែលរស់នៅជាមួយគ្នា បានឲ្យដឹងថា ពេលដែលម្តាយលេងរុំស្កុតមាត់កូន ហើយត្រូវបានកូនប្រុសគាត់ម្នាក់ទៀត ថតលេងនោះ គាត់និងក្រុមគ្រួសារនៅជុំគ្នាទាំងអស់ ហើយសកម្មភាពលេងជាមួយកូននេះ មិនមែនម្តាយធ្វើទារុណកម្មកូនទេ គាត់ហ៊ានអះអាងចំពោះមុខសមត្ថកិច្ច។
ដោយយល់ឃើញថា ទាំងក្រុមគ្រួសារ បានអះអាងនៅចំពោះមុខសមត្ថកិច្ច ហើយស្រ្តីជាម្តាយ ក៏បានសម្តែងនូវការសូមទោសជាសាធារណៈ ទើបសមត្ថតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់រាល់ទង្វើនៃអំពើហិង្សាលើកុមារ មុនត្រូវបានអនុញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមិនឲ្យកើតរឿងហិង្សាបែបនេះម្តងទៀតឡើយ៕