(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានរដ្ឋសភាកម្ពុជា បានលើកឡើងថា តំណាងសភាកម្ពុជា នឹងធ្វើសេចក្តីថ្លែងការណ៍ផ្តោតសំខាន់ទៅលើវិវត្តន៍សង្គមកម្ពុជា បច្ចុប្បន្នលើស្ថិរភាពនយោបាយ ការីកចម្រើន ក្រោយការបោះឆ្នោតប្រាប់ទៅអាយភីយូ (IPU) ឱ្យយល់ថាឆន្ទៈរបស់ប្រជាពលរដ្ឋជាង៨៣ភាគរយ ដែលចូលរួមទៅបោះឆ្នោតកន្លងទៅ និងបញ្ជាក់ថាប្រជាពលរដ្ឋកម្ពុជា មានស្មារតីរឹងមាំខ្លាំង ក្នុងកិច្ចការទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ។
ការលើកឡើងរបស់លោក ឈាង វុន បានធ្វើឡើងនៅក្នុងឱកាសលោកបានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ មុននឹងអញ្ជើញទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដែលដឹកនាំដោយលោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃនយោបាយសភាស្ត្រី។
ជាមួយគ្នានេះដែរ លោក ឈាង វុន បានបន្តប្តេជ្ញាចិត្តថា សភាកម្ពុជា នឹងខិតខំប្រឹងប្រែងធ្វើការងារនេះ និងកិច្ចសហប្រតិបត្តិការល្អជាមួយសភា IPU ជាគឺខិតខំប្រឹងប្រែងបំពេញតួនាទីជាតំណាងរាស្ត្រ ដែលប្រជាពលរដ្ឋបានបោះឆ្នោតផ្តល់ការទុកចិត្តលើកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ឱ្យអស់ពីចិត្តអស់ពីថ្លើម។
នៅក្នុងឱកាសនោះ លោកនឹងដឹកនាំផ្នែកមួយ នៃគណៈប្រតិភូសភាកម្ពុជា ចូលជួបគណៈកម្មការសិទ្ធិមនុស្ស នៃសមាជិកសភារបស់ IPU ដើម្បីពន្យល់ឱ្យយល់ពីសភាពការណ៍នយោបាយនៅប្រទេសកម្ពុជា ឱ្យសភា IPU យល់កាន់តែច្បាប់ពីស្ថិរភាព សណ្តាប់ធ្នាប់ ការរីកចម្រើនផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសពន្យល់ដល់ IPU កុំឱ្យជឿលើការរិះគន់ពីណាក់ជនអគតិមួយចំនួន ដែលនាំគ្នាជាន់ពន្លិច លើការដឹកនាំនាវាកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះគណៈប្រតិភូសភាកម្ពុជា នឹងចូលរួមកិច្ចប្រជុំជាច្រើនក្នុងនោះមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣ របស់អាយភីយូ ដើម្បីអនុម័តសេចក្តីស្នើរបៀបវារៈបន្ទាន់លើបញ្ហារសើបមួយចំនួនរបស់សាកលលោកបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់អាយភីយូ ការចូលរួមផ្ដល់អនុសាសន៍អំពីសិទ្ធិមនុស្សការពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុ អាយភីយូ ការអនុម័តប្រតិទិនការងារសម្រាប់មហាសន្និបាតអាយភីយូលើកទី១៤០ នៅទីក្រុងប៊ូណូសអ៊ែរ៉េស នៃប្រទេសអាហ្សង់ទីន។
នៅក្នុងមហាសន្និបាតនេះគណៈប្រតិភូសភាកម្ពុជា ក៏នឹងចូលរួមបណ្ដាកិច្ចប្រជុំសំខាន់ៗ មួយចំនួនទៀតដែលមានដូចជា៖ កិច្ចប្រជុំអាស៊ានបូកបី កិច្ចប្រជុំសម្របសម្រួលរបស់សភាតំបន់អាស៊ី (APA) កិច្ចប្រជុំភូមិសាស្ត្រតំបន់អាស៊ីប៉ាស៊ីហ្វិច (APG) កិច្ចប្រជុំវេទិកាសមាជិកសភាស្ត្រី កិច្ចប្រជុំវេទិកាសមាជិកសភាវ័យក្មេង IPU និងចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទាំងបួនរបស់ IPU ស្តីពីសន្តិភាព-សន្តិសុខអន្តរជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព-ហិរញ្ញវត្ថុ-ពាណិជ្ជកម្ម-ប្រជាធិបតេយ្យ-សិទ្ធិមនុស្ស និងកិច្ចការអង្គការសហប្រជាជាតិផងដែរ៕