(ភ្នំពេញ)៖ លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយ័តករ ទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមាន ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តចំនួន៧, ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទអចល័តចំនួន៧, ផ្តល់សេវាអ៊ីនធឺណិតចល័តចំនួន៧ និងផ្តល់សេវាអ៊ីនធឺំណិតអចល័តចំនួន៣៧ ដែលសរុបអ្នកប្រើប្រាស់ទូរស័ព្ទជិត២០លានស៊ីមកាត និងអ្នកប្រើអ៊ីនធើណិត១២លាននាក់។
លោកថ្លែងបែបនេះ ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ដែលជាកម្មវិធីថ្មីរបស់ទូរទស្សន៍ Fresh News, នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងកម្មវិធី «ការធ្វើធុរកិច្ចក្នុងវិស័យទូរគមនាគមន៍នៅកម្ពុជា»។
លោក អ៊ឹម វុត្ថា បញ្ជាក់ថា «យោងតាមស្ថិតិនៃការប្រើប្រាស់សេវា ទូរគមនាគមន៍គ្រប់ប្រភេទគិតមកត្រឹមខែតុលា ឆ្នាំ២០១៨នេះ មានអ្នកប្រើប្រាស់ទូរស័ព្ទចល័តចំនួន១៩,១៧៥,៥៣៦នាក់ ស្នើនឹង១១៨% បើធៀបជាមួយប្រជាជនសរុប កើនឡើងចំនួន៣.២៤% បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។ សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ អចល័តមានចំនួន១០៣,៣៤០នាក់ ស្នើនឹង០.៨៤% បើធៀបជាមួយប្រជាជនសរុប ថយចុះ២២.២៤% បើធៀបនឹងចុងតួលេខចុងឆ្នាំ២០១៧»។
លោកបន្ដទៀតថា សម្រាប់អ្នកប្រើប្រាស់អ៊ីនធើណេតទាំងចល័ត និងអចល័តមានចំនួន១២,៤៧៩,៣៧៣នាក់ ស្នើនឹង៧៦.៨២% បើធៀបជាមួយប្រជាជនសរុប ក្នុងនោះមានអ៊ីនធើណេតចល័តចំនួន១២,៣៤៤,២២៦នាក់ ត្រូវនឹង៧៥.៩៨% បើធៀបជាមួយប្រជាជនសរុប និងអ៊ីនធើណេតអចល័តមានចំនួនតែ១៣៥,១៤៧នាក់ប៉ុណ្ណោះ ត្រូវនឹង០.៨៣%។ ជារួមមានការកើនឡើង១៧.១៨% បើធៀបនឹងតួលេខចុងឆ្នាំ២០១៧។
លោកបានឲ្យដឹងទៀតថា បើប្រៀបធៀបទៅប៉ុន្មានឆ្នាំមុនឃើញថា ចំនួនក្រុមហ៊ុនទូរស័ព្ទចល័តមានការថយចុះ ដោយខ្លះបានរួមគ្នាជាក្រុមហ៊ុនតែមួយជាដើម ប៉ុន្ដែក្រៅពីការការបូកបញ្ចូលគ្នារវាងក្រុមហ៊ុន Smart Latelz និង Hello Axiata ទៅជាក្រុមហ៊ុន Smart Axiata នៅចុងឆ្នាំ២០១២ ការដួលរំលំរបស់ក្រុមហ៊ុន Mfone នៅក្នុងឆ្នាំ២០១៣ ការផ្ទេររបស់ក្រុមហ៊ុន Beeline ទៅឱ្យក្រុមហ៊ុនមិត្តហ្វូន ក្នុងឆ្នាំ២០១៥ និងការផ្តូរនាមករណ៍ពីក្រុមហ៊ុន GT-TELL ទៅជា Seatel ក្នុងឆ្នាំ២០១៤ មិនមានក្រុមហ៊ុនធ្វើការបូកបញ្ចូលគ្នា ឬផ្ទេរទៀតទេ។
លោកបញ្ជាក់ទៀតថា ការបូកបញ្ចូលគ្នានេះមានសារសំខាន់ ដល់ក្រុមហ៊ុននោះក្នុងការបង្កើនទុន និងធនធានសម្រាប់ការវិនិយោគទៅលើបច្ចេកវិទ្យាថ្មីៗបន្តទៀត និងបង្កើតថាមពលរបស់ខ្លួនក្នុងការប្រកួតប្រជែងគ្នា ក្នុងទីផ្សារនៃវិស័យនេះ៕