(ចិន)៖ បើគិតចាប់ពីខែមករាមក ទីផ្សារហ៊ុនជារួមរបស់ប្រទេសចិន បានចុះខ្សោយ។ ប៉ុន្តែអ្នកវិភាគជាច្រើននាក់យល់ថា ទីផ្សារហ៊ុនចិនទាំងឡាយ នឹងងើបឡើងមកវិញ ដោយសារបច្ចុប្បន្ន ភាគហ៊ុនលំដាប់ A របស់ចិន កំពុងមានវត្តមាននៅលើផ្សារហ៊ុន អន្តរជាតិកាន់តែច្រើនកន្លែង សម្រាប់ឱ្យអ្នកវិនិយោគបរទេស អាចជួញដូរភាគហ៊ុនចិនបានកាន់តែច្រើន។
ចាប់តាំងពីខែមករាមក ផ្សារហ៊ុនសៀងហៃ បានធ្លាក់ចុះ១៧ភាគរយ ពី៣៣០០ពិន្ទុក មកសល់ត្រឹមប្រហែល២៨០០ពិន្ទុ។ ឯផ្សារហ៊ុន សិនជិន វិញក៏បានធ្លាក់ចុះជាង២៦ភាគរយដែរ ក្នុងអំឡុងពេលដូចគ្នានេះ។ ផ្សារហ៊ុនលំដាប់A ដែលលក់ភាគហ៊ុនជាប្រាក់ រឹនមឹនពិ ឬ ប្រាក់យ័នរបស់ចិន ក៏បានធ្លាក់ចុះ៣៤ភាគរយផងដែរ បើប្រៀបធៀបរវាង៩ខែដើមឆ្នាំនេះនិង៩ខែដើមឆ្នាំមុន។
ក្នុងអំឡុងពេល៩ខែដើមឆ្នាំនេះដែរ អាជ្ញាធរផ្សារហ៊ុនចិន ក៏បានរឹតបន្តឹងការគ្រប់គ្រងផ្សារហ៊ុនចិន ជាហេតុនាំឱ្យចំនួនភាគហ៊ុនដែលអាចដាក់លក់ជាសាធារណៈជាលើកដំបូងដែលបានទទួលការអនុម័ត បានថយចុះមកសល់ត្រឹមតែ៥៥ភាគរយប៉ុណ្ណោះ បើគិតត្រឹមដំណាច់ខែកញ្ញាឆ្នាំនេះ ខណៈដែលចំនួនដែលអាជ្ញាធរបានអនុម័តកាលពី៩ខែដើមឆ្នាំមុនវិញ គឺមានដល់ទៅជិត៨០ភាគរយឯណោះ។
លោក អាន់ថូនី វូ អ្នកដឹកនាំ ផ្សារហ៊ុនលំដាប់A នៃក្រុមការងារភាគហ៊ុនសាធារណៈថ្នាក់ជាតិ នៃក្រុមហ៊ុន Deloitte ប្រចាំប្រទេសចិន លើកឡើងថា «ហេតុផលទីមួយ គឺនៅត្រង់ថា បរិយាកាសសេដ្ឋកិច្ច មិនសូវជាល្អប៉ុន្មានទេ ហើយលំហូរសាច់ប្រាក់ ក៏មានលក្ខណៈតឹងដែរ។ ទីពីរ គឺដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិននិងអាមេរិក បានបញ្ចេញឥទ្ធិពលអវិជ្ជមាន។ ម្យ៉ាងទៀត ធនាគារកណ្តាលរបស់អាមេរិក ក៏បានដំឡើងអត្រាការប្រាក់របស់ខ្លួនដែរ ដែលនាំឱ្យមានគេបារម្ភនិងលែងសូវចង់វិនិយោគ»។
ប៉ុន្តែស្ថានភាពនេះ អាចនឹងវិវឌ្ឍមកជាល្អវិញនៅក្នុងត្រីមាសទីបួននេះ ដោយសារផ្សារហ៊ុនលំដាប់A កំពុងមានវត្តមានលើផ្សារហ៊ុនពិភពលោក កាន់តែច្រើនកន្លែង ដូចជាផ្សារហ៊ុន ហ្វ៊ុតស៊ី រ៉ាស់ស៊ល (FTSE Russell) ជាដើម។ ហើយស្ថាប័ន MSCI ក៏កំពុងពិចារណាដាក់បញ្ចូលភាគហ៊ុនលំដាប់Aរបស់ចិន ទៅក្នុងផ្សារហ៊ុនដែលកំពុងលូតលាស់ខ្លាំងរបស់ខ្លួនផងដែរ។
ម្យ៉ាងទៀត នៅចុងឆ្នាំនេះ ផ្សារហ៊ុនសៀងហៃ-ឡុងដុង ក៏នឹងចាប់ផ្តើមដំណើរការជាផ្លូវការ ដែលនឹងលើកស្ទួយដល់ការជួញដូរភាគហ៊ុនលំដាប់Aនេះដែរ។
លោក ឆាយ ជុនយី ប្រធានក្រុមអ្នកវិភាគ ក្រុមហ៊ុន Shanghai Securities និយាយថា «តាមរយៈអន្តរជាតិកម្មនៃភាគហ៊ុនលំដាប់A គួបផ្សំនឹងគោលនយោបាយផងនោះ ប្រាក់វិនិយោគរបស់បរទេស នឹងហូរចូលមកក្នុងផ្សារហ៊ុននេះ បន្តិចម្តងៗ។ ថាតើភាគហ៊ុនលំដាប់A នឹងងើបឡើងមកវិញសន្សឹមៗបានដែរឬអត់នោះ គឺអាស្រ័យទៅលើថាតើ ការអនុវត្តគោលនយោបាយនេះ នឹងផ្តល់ប្រយោជន៍យ៉ាងណាខ្លះ ដល់ផ្សារហ៊ុនលំដាប់A»។
គេរំពឹងថា អន្តរជាតិកម្មនៃផ្សារហ៊ុនលំដាប់A នឹងទាក់ទាញប្រាក់វិនិយោគបានច្រើន។ ក្នុងនោះ គេរំពឹងថាវត្តមានរបស់ភាគហ៊ុនលំដាប់ A នៅលើផ្សារហ៊ុន ហ្វ៊ុតស៊ី នឹងទាក់ទាញប្រាក់វិនិយោគបាន១ម៉ឺនលានដុល្លារអាមេរិក ឱ្យហូរចូលមកក្នុងផ្សារហ៊ុននានានៅចិនដីគោក។ ហើយវត្តមាននៅក្នុងផ្សារហ៊ុនរបស់ MSCI អាចនឹងទាក់ទាញប្រាក់វិនិយោគបានដល់ទៅ៦ម៉ឺន៦ពាន់លានដុល្លារអាមេរិកឯណោះ៕ (សារព័ត៌មាន CCTV របស់ចិន)