(តួកគី)៖ នៅពេលបញ្ចប់ការចូលរួមប្រជុំអាស៊ី-អឺរ៉ុប លើកទី១២ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៉ិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពុំបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកប្រទេសកម្ពុជាភ្លាមទេ សម្តេចបានបន្តដំណើរដើម្បីបំពេញទស្សនកិច្ចនៅប្រទេសតួកគីរយៈពេល៣ថ្ងៃទៀត ពោលទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់២២ ខែតុលា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់រដ្ឋាភិបាលតួកគី។

 

 

សម្តេចតេជោ អញ្ជើញទៅដល់តួកគី

 

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា បានអញ្ជើញចាកចេញពីប្រទេសប៊ែលហ្ស៉ិកនៅម៉ោង៨៖០០ព្រឹក និងបានហោះទៅដល់ទីក្រុងអ៉ីស្តានប៊ុល ប្រទេសតួកគី នៅម៉ោងប្រមាណ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។ នៅទីក្រុងនេះសម្តេចតេជោ ហ៊ុន សែន បានស្នាក់នៅសណ្ឋាគារ ខនរ៉ាត(Cornrad)។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅតួកគី នៅវេលាម៉ោង២៖០០រសៀល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួប លោក ប៊ីណាលី យីឌីរីម ( Binary Yidimim) ប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្ត្រីតួកគី។ ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានសភាតួកគី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការជំរុញទំនាក់ទំនង លើវិស័យការទូត ការផ្លាស់ប្តូរយោបល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងនោះរួមទាំងការជំរុញឲ្យមាន ការហោះហើរត្រង់ពីតួកគី មកកាន់កម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។

 

សម្តេចជួបប្រធានរដ្ឋសភាតួកគី

 

លុះដល់វេលាម៉ោង៤៖០០នាទីរសៀលថ្ងៃដដែល សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមពិធីបើកវេទិកាធុរកិច្ចកម្ពុជា-តួកគី ដែលរៀបចំធ្វើឡើងនៅទីស្នាក់ការសភាពាណិជ្ជកម្ម តួកគី ប្រចាំទីក្រុងអ៉ីស្ដានប៊ុល។ មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចតេជោបានគត់សម្គាល់ថា ទំហំពាណិជ្ជកម្ម ចំនួនភ្ញៀវទេសចរ និងការវិនិយោគរបស់តួកគីនៅប្រទេសកម្ពុជា ហាក់មានកម្រិតតិចតួចនៅឡើយ ដែលទាមទារឲ្យមានការធ្វើសហប្រតិបត្តិការគ្នាឲ្យសកម្ម និងស្និទស្នាលថែមទៀត។ ដើម្បីជំរុញឲ្យការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគរបស់ តួកគីនៅកម្ពុជា សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យមានការហោះហើរត្រង់រវាងកម្ពុជា និងតួកគី ឲ្យបានឆាប់តាមលទ្ធភាពដែលអាចធ្វើទៅបាន។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា វេទិកាធុរកិច្ចកម្ពុជា-តួកគី ជាឱកាសដ៏ល្អបំផុតសម្រាប់អ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគតួកគី ដើម្បីជួបពិភាក្សា និងបំផុសបណ្តាញធុរកិច្ច និងវិនិយោគរវាងប្រទេសទាំង២។ សម្ដេចបញ្ជាក់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងពាណិជ្ជកម្មតំបន់ និងពិភពលោក ដែលទំហំពាណិជ្ជកម្មកម្ពុជា បានកើនឡើងជាលំដាប់ រហូតដល់ ២៥,៦០០លានដុល្លារអាមេរិក ស្មើនឹងប្រមាណ១១៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំ២០១៧កន្លងទៅ។ តែយ៉ាងទំហំពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីនៅមានកម្រិតតិចតួចនៅឡើយ។

 

សម្តេចថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-តួកគី

 

 

ថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-តួកគី

 

បន្ទាប់ពីបញ្ចប់វេទិកាធុរកិច្ចកម្ពុជា-តួកគី នៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ បានធ្វើដំណើរទស្សនាទីក្រុងអ៉ីស្ដានប៊ុល តាមនាវាទើបអញ្ជើញត្រឡប់ ទៅសណ្ឋាគារ ខនរ៉ាតវិញ និងបានអញ្ជើញពិសាអាហារពេលល្ងាចលក្ខណៈឯកជន។

នៅវេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាគមន៍និស្សិតខ្មែរសិក្សានៅប្រទេសតួកគី ដែលរៀបចំនៅសណ្ឋាគារ ខនរ៉ាត ផ្ទាល់តែម្ដង។ ក្នុងជំនួបនោះ​សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាល់ស្ថានទូតនៅក្រៅប្រទេសទាំងអស់ ប្រៀបដូចជាទ្រព្យសម្បត្តិរបស់កម្ពុជា នៅក្រៅប្រទេសផងដែរ ដូច្នេះហើយទើបកម្ពុជា សម្រេចទិញដីសម្រាប់បង្កើតស្ថានទូតនៅទីក្រុង អង់ការ៉ា ប្រទេសតួកគី ឆ្នាំ២០១៩ខាងមុខនេះ។ សម្ដេចក៏បានឲ្យដឹងដែរថា កម្ពុជា និងតួកគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៨ ដើម្បីគាំពារវិនិយោគ និងកិច្ចព្រមព្រៀងលើវិស័យមួយចំនួនទៀត ព្រមទាំងឈានទៅដល់កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរ។

 

សំណេះសំណាលជាមួយសមាគមនិស្សិតខ្មែរ សិក្សានៅ ប្រទេសតួកគី

 

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងផ្ដាំផ្ញើឲ្យនិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសតួកគី ត្រូវបន្ដយកចិត្តទុកខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកចំណេះវិជ្ជាទាំងអស់នោះ មកអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយត្រូវតែគោពច្បាប់ទម្លាប់របស់ប្រទេសតួកគីឲ្យបានល្អប្រសើរ។ សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាល ក៏បានថ្លែងនូវសារនយោបាយមួយចំនួនផងដែរ ដោយប្រកាសខ្លាំងៗថា ដរាបណានៅតែមានក្រុមពួកបំផ្លាញជាតិ ដែលបូករួមទាំងក្រុមមនុស្សចង្រៃដូចទណ្ឌិត សម រង្ស៊ី គឺសម្តេចតេជោ នៅតែបន្តដឹកនាំនាវាកម្ពុជា រក្សាឲ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ មិនអនុញ្ញាតឲ្យក្រុមបំផ្លាញជាតិទាំងនោះ សម្រេចនូវមហិច្ឆតារបស់ពួកគេឡើយ។​

រហូតដល់ម៉ោង០២៖០០នាទីរសៀល សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយ លោក រ៉េជីប ថាយយ៉ឹប អែដូហ្គាន ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ដោយកម្ពុជា-តួកគី បានឯកភាពគ្នាក្នុងការជំរុញ កំណើនពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា-តួកគី ឲ្យឈានដល់១ពាន់លានដុល្លារ នៅក្នុងពេលដ៏ខ្លីខាងមុខ។

 

 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន

 

ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការប្រារព្វរៀបចំខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងកា​រទូត របស់ប្រទេសទាំងពីរ នៅឆ្នាំ២០២០ តាមរយៈការរៀបចំនូវសកម្មភាពនានា ដើម្បីឲ្យប្រជាជននៃប្រទេសទាំងពីរ បានស្គាល់ពីប្រទេសយើងទៅវិញទៅមក។ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-តួកគី បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហាទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ការគាំទ្រពីគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌអន្តរជាតិ ពិសេសធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងប្រយុទ្ធប្រឆាំងទៅនិងបណ្តាញអង្គការភេរវកម្មអន្តរជាតិ។

ក្រៅពីកិច្ចព្រមព្រៀងចំនួន៨ ដែលចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ច របស់សម្តេចនៅពេលនេះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានធ្វើការយ៉ាងយកចិត្តទុកដាក់ ទៅលើការពិភាក្សាទៅលើការមិនពន្ធត្រួតគ្នា នៃប្រទេសទាំងពីរ។ ដោយសារតែប្រទេសតួកគី បានបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួន ក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៣ (ចំណែកទំនាក់ទំនងការទូតតាំងពី១៩៩៤) សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ជ្រាបជូន លោកប្រធានាធិបតីថា កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូត របស់ព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ក្នុងឆ្នាំ២០១៩ខាងមុខ តាមរយៈការទិញដីសាងសង់ស្ថានទូតដោយផ្ទាល់ ដើម្បីបញ្ជាក់ពីឆន្ទះរបស់កម្ពុជាលើមូលដ្ឋាន នៃទំនាក់ទំនងយូរអង្វែងនៃប្រទេសទាំងពីរ។

លុះដល់ម៉ោង៤៖០០នាទីរសៀលថ្ងៃដដែល សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចេញពីសណ្ឋាគារ ខនរ៉ាត ឆ្ពោះទៅកាន់​ រាជវាំង តុបកាពី និងបានអញ្ជើញទស្សនារាជវាំង តុបកាពី។ បន្ទាប់មកទៀត សម្ដេចបានអញ្ជើញចូលរួមពិសាបាយពេលល្ងាច ដែលរៀបចំដោយអភិបាលក្រុងអ៊ីស្ដានប៊ុល។

 

 

រាជរដ្ឋាភិបាលកម្ពុជា និងតួកគី ចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងអនុស្សារណៈសំខាន់ៗចំនួន៨

 

នៅក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តយសនោះដែរ លោកអភិបាលក្រុងអីស្តានប៊ុល បានប្រសិទ្ធពរជ័យបវរមហាប្រសើរជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ដែលបានជ្រើសរើសយកទីក្រុងអីស្តានប៊ុល សម្រាប់ដំណើរបំពេញទស្សនកិច្ចការងារ ជាប្រវត្តិសាស្រ្តលើកដំបូងបំផុត នៅលើទឹកដីនៃ សាធារណរដ្ឋតួកគី។

 

គណៈប្រតិភូបានអញ្ជើញចូលរួម ក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តិយស ដែលរៀបចំឡើងដោយលោកអភិបាលក្រុងអីស្តានប៊ុល

 

លោកអភិបាលក្រុងបន្តថា ថ្នាក់ដឹកនាំនិងប្រជាជនតួកគី ក្នុងទីក្រុងអីស្តានប៊ុល សូមចារឹកទុកក្នុងដួងចិត្តក៏ដូចជាទំព័រប្រវត្តិសាស្រ្ត ចំពោះដំណើរបំពេញទស្សនកិច្ចការងារ ជាលើកដំបូងនិងមិនធ្លាប់មាន សម្រាប់មេដឹកនាំជាន់ខ្ពស់ របស់ប្រទេសកម្ពុជា ដែលបានអញ្ជើញ មកដល់សាធារណរដ្ឋតួកគី ក្នុងបេសកកម្មដ៏ថ្លៃថ្លាបំផុតនេះ។

នៅវេលាម៉ោង០៧៖២០នាទី ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា បានចាកចេញពីសណ្ឋាគារ ខនរ៉ាត ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្ដរជាតិអាតាទួក ទីក្រុងអ៊ីស្ដានប៊ុល រួចអញ្ជើញចាកចេញពីប្រទេសតួកគី ឆ្ពោះទៅកាន់ប្រទេសស្វីស តាមយន្ដហោះពិសេស ដើម្បី​ចូលរួម​ «សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី​២២ ដល់ទី២៤ ខែតុលា ឆ្នាំ​២០១៨ ក្រោមមូលបទរួម «ការវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព»

 

 

ចាកចេញពីតួកគីទៅដល់ស្វីស