(សេអ៊ូល, កូរ៉េខាងត្បូង)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ សិក្សា និងធ្វើការ នៅសាធារណរដ្ឋកូរ៉េឱ្យបានជ្រាបថា ក្នុងគោលបំណងចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូន ព្រមទាំងដើម្បីអនុវត្តយន្ដការបង្ខិតសេវាឱ្យគៀកជិតប្រជាពលរដ្ឋខ្មែរកាន់តែទូលំទូលាយ ស្ថានឯកអគ្គរាជទូតកម្ពុជា បានសហការជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុងអ៊ីនឆន់ នឹងចុះផ្ដល់សេវាពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ នៅថ្ងៃអាទិត្យទី២៨ ខែតុលា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតខ្មែរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ។

ពិធីនេះនឹងប្រារព្ធធ្វើឡើងនៅទីក្រុងអ៊ិនឆន់ ដែលមានអាសយដ្ឋាន 인천광역시 남동구 호구포로 220 명진프라자 ជាន់ទី១២ ចាប់ពីម៉ោង ១៣:០០ដល់ម៉ោង១៧:០០ រសៀល។

គួរបញ្ជាក់ដែរថា គិតត្រឹមខែតុលា ក្នុងឆ្នាំ២០១៨ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំកម្មវិធីចុះពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ និងប្រឹក្សាយោបល់លើច្បាប់ការងារ នៅនឹងកន្លែងជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅទីក្រុងនានា នៃសាធារណរដ្ឋកូរ៉េ បានចំនួន៧លើក ស្មើនឹងជាង១៣០០ លិខិតឆ្លងដែន ដោយពុំចាំបាច់ឱ្យប្រជាពលរដ្ឋ ពិបាកចំណាយថវិកា និងពេលវេលា ធ្វើដំណើរមកបន្ដនៅទីក្រុងសេអ៊ូល៕