(ភ្នំពេញ)៖ លោក ហ៊ីដេហ៊ីសា ហូរីណូអុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសំណូមពរឲ្យប្រជាពលរដ្ឋ សាកល្បងជិះរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ពិសេសជិះរថយន្តដែលជប៉ុនផ្តល់ជំនួយឲ្យកម្ពុជា ដែលកំពុងបម្រើនៅរាជធានីភ្នំពេញ ព្រោះរថយន្តទាំងនេះ មានលក្ខណៈពិសេសយ៉ាងច្រើន។
តាមរយៈវីដេអូខ្លីមួយរបស់លោកឯកអគ្គរាជទូតបានបញ្ជាក់ថា រថយន្តក្រុងថ្មីជាជំនួយឥតសំណងរបស់ជប៉ុន បានដំណើរការតាំងពីខែតុលាមកម្ល៉េះ។ លោកបានបញ្ជាក់បន្ថែមថា រថយន្តក្រុងសាធារណៈកំពុងដឹកជញ្ជូនរាល់ថ្ងៃ មានចំនួនមនុស្សជិះច្រើនជាងឆ្នាំមុន ហើយអ្វីដែលពិសេសនោះ ការរៀបចំដំណើរការរថយន្តក្រុងនៅភ្នំពេញ ផ្អែកតាមបទពិសោធន៍គ្រប់គ្រង ដូចនៅប្រទេសជប៉ុនទាំងស្រុងផងដែរ។
បើតាមវីដេអូដដែលនេះ ការធ្វើដំណើរតាមរថយន្តក្រុង មានភាពងាយស្រួលខ្លាំង ដោយសារអ្នកដំណើរអាចបង់ប្រាក់តាម App ដែលមាននៅលើទូរស័ព្ទ។ ចំពោះរថយន្តក្រុងពណ៌ខៀវរបស់ជប៉ុន លោក ហ៊ីដេហ៊ីសា ហូរីណូអុជិ បញ្ជាក់ថា កំពុងរៀបចំប្រព័ន្ធ GPS ដើម្បីបង្ហាញចំណតចុះបន្ទាប់ ដោយស្វ័យប្រវត្តិ និងបញ្ជាក់ទីតាំងជាក់ស្ដែងតាម App។
សូមជម្រាបថា បច្ចុប្បន្នរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ មានចំនួន១៩០គ្រឿង និងកំពុងធ្វើដំណើរតាមផ្លូវចំនួន៧ខ្សែ ខណៈដែលចំនួនប្រជាពលរដ្ឋ ធ្វើដំណើរតាមរថយន្តក្រុងនេះ ក្នុងមួយថ្ងៃៗកើនដល់ជាង១ម៉ឺននាក់។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ បានសេចក្ដីជូនដំណឹង ពីការកែសម្រួលខ្សែរត់រថយន្តក្រុង ដែលមានស្រាប់ពីមុនចំនួន ៧ខ្សែ និងបន្ថែមខ្សែរត់ថ្មីដល់ទៅ៤ខ្សែទៀត សរុប១១ខ្សែ ដើម្បីពង្រីកវិសាលភាពនៃការដឹកជញ្ជូន របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក៏ដូចជាសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងរាជធានី។
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងដែរថា ការកែសម្រួលខ្សែរត់ចាស់ និងកែសម្រួលខ្សែរត់ខ្សែរត់ថ្មីនេះ ចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ដោយសារជប៉ុនបានផ្តល់ជំនួយរថយន្ត៤១គ្រឿង។ ជាមួយគ្នានេះ ចុងឆ្នាំ២០១៨ រថយន្តក្រុង៣៩គ្រឿងទៀត សរុប៨០គ្រឿង ដែលជាជំនួយរបស់ជប៉ុន នឹងយកមកដល់កម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា អ្នកដែលទទួលបានការជិះរថយន្តក្រុងដោយឥតគិតថ្លៃនោះ រួមមាន៖ កម្មករ កម្មការិនី, សិស្ស និស្សិត, ព្រះសង្ឃ, ជនពិការ, ចាស់ជរា, កីឡាករ កីឡាការិនី, និងកុមារកម្ពស់ក្រោម១ម៉ែត្រ។ ជាធម្មតាការជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ តម្លៃ១៥០០រៀលក្នុងម្នាក់៕