(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨ ក្រោមប្រធានបទ៖ «ទស្សនវិស័យវិនិយោគរបស់កម្ពុជា ក្នុងយុគសម័យសាកលភាវូបនីយកម្ម»។
ក្នុងវេទិកាដ៏មានអត្ថន័យនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបង្ហាញពីសក្តានុពល នៃការវិនិយោគរបស់ ជូនដល់បណ្តាមេដឹកនាំ និងអ្នកវិនិយោគមកពីប្រទេសនានាជុំវិញពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាគាំទ្រពេញទំហឹង និងផ្ដល់អាទិភាពខ្ពស់ ចំពោះគោលនយោបាយសាកលភាវូបនីយកម្ម ដែលប្រកាន់យក ដោយប្រទេសភាគច្រើន នៅក្នុងសាកលលោក។ ប៉ុន្ដែពិភពលោកបច្ចុប្បន្ន កំពុងប្រឈមបញ្ហាជាច្រើន ទាំងក្នុងទិដ្ឋភាពនយោបាយ, សេដ្ឋកិច្ច, សង្គម និងអន្ដោប្រវេសន៍ បណ្ដាមកពីការប្រែប្រួលភូមិសាស្រ្ដនយោបាយ ស្របគ្នានឹងនិន្នាការគាំពារនិយម ក្នុងបណ្ដាប្រទេសចម្រើនជឿនលឿនខ្លះ ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិយាកាសវិនិយោគសកល និងធ្វើឲ្យថមថយការវិនិយោគផ្ទាល់ពីបរទេស ទៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
សម្តេចតេជោបានថ្លែងទៀតថា ទោះស្ថិតក្នុងស្ថានភាពបែបណាក្ដី រាជរដ្ឋាភិបាលកម្ពុជា នូវតែបន្ដប្រកាន់ខ្ជាប់ គោលនយោបាយបើកចំហរ ដែលធ្លាប់បានរួមចំណែកដល់កំណើនសេដ្ឋកិច្ចខ្ពស់, ក្នុងរង្វង់៧%ក្នុង១ឆ្នាំ ក្នុងរយៈពេលជាង២ទស្សវត្សរ៍កន្លងមក។
ការវិនិយោគផ្ទាល់ពីបរទេសសម្រាប់កម្ពុជា មានការកើនឡើង១២% ក្នុងឆ្នាំ២០១៧ ដល់កម្រិតខ្ពស់បំផុតគឺ ២.៨ប៊ីលានដុល្លារអាមេរិក នៅក្នុងវិស័យហិរញ្ញវត្ថុ ទូរគមនាគមន៍ អចលនទ្រព្យ និងទំនិញកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលធ្វើឱ្យកម្ពុជា ស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច៥ប្រទេស លើពិភពលោក ទទួលបានកំណើននៃការវិនិយោគខ្ពស់ជាងគេ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងទៀតថា ការវិនិយោគផ្ទាល់ពីបរទេស ជាប្រភពហិរញ្ញវត្ថុដ៏សំខាន់ សម្រាប់ការកាត់បន្ថយភាពក្រីក្រ។ កម្ពុជាបានកាត់បន្ថយភាពក្រីក្រពី៥៣% នៅឆ្នាំ២០០៤ មកនៅត្រឹមប្រមាណ១៣.៥% នៅឆ្នាំ២០១៤។ សម្រាប់កម្ពុជា ការវិនិយោគផ្ទាល់ពីបរទេស ត្រូវបានចាត់ទុកថាជាកត្តាគន្លឹះមួយ ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs)។
បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងខិតខំរៀបចំចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត តាមរយៈការពង្រឹងមូលដ្ឋាលផលិតកម្ម ការកសាង ហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អប្រព័ន្ធដឹកជញ្ជូន ទាំងផ្នែកទន់ និងរឹងការកាត់បន្ថយថ្លៃអគ្គិសនី ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការកែទម្រង់ប្រព័ន្ធ និងស្ថាប័នគតិយុត្ត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញអនុវត្តយ៉ាងសកម្ម នូវនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ ដោយផ្តោតលើការកសាងមូលដ្ឋាន ផលិតកម្ម ដែលផ្ដល់តម្លៃបន្ថែមខ្ពស់ជាងមុន និងមានសមាហរណកម្មជាមួយនឹងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក។
សម្តេចតេជោបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលផ្ដល់សេវាកម្មប្រមូលផ្តុំប្រកបដោយប្រសិទ្ធភាព។ មកដល់ពេលបច្ចុប្បន្ន វិនិយោគបានស្នើសុំចុះ បញ្ជីបង្កើតតំបន់ សេដ្ឋកិច្ចពិសេសចំនួន ៤៧ទីតាំង ក្នុងនោះ ១៩ទីតាំង កំពុងដំណើរការផលិត និងនាំចេញ ហើយ១០ទីតាំង ផ្សេងទៀតកំពុងតែដំណើរការសាងសង់ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ចាំបាច់នានា។
ជាមួយនឹងសក្ដានុពលវិនិយោគលើគ្រប់វិស័យ គោលនយោបាយការពារ និងលើកទឹកចិត្តដល់ការវិនិយោគ ការអនុគ្រោះពន្ធលើកម្លាំងពលកម្ម ទីផ្សារធំទូលាយ ក៏ដូចជាអត្ថប្រយោជន៍ជាច្រើន ពីការផ្លាស់ប្ដូរទីតាំងរោងចក្រ ពីប្រទេសជិតខាងចូលមកកម្ពុជា ព្រមទាំងកំណើនលំហូរវិនិយោគផ្ទាល់ពីសេដ្ឋកិច្ចមួយចំនួន ដូចជា៖ ចិន ជប៉ុន និងកូរ៉េខាងត្បូងជាដើម កម្ពុជារំពឹងថានឹងបន្តទទួលបាននូវកំណើនខ្ពស់ នៃការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត។
ទាក់ទងនឹងការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចក្នុងក្របខណ្ឌសកលសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួល និងជំរុញប្រទេសជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក ឱ្យផ្ដល់ភាពអនុគ្រោះពន្ធគយ និងមិនជាប់កូតា សម្រួលដល់វិធានប្រភពដើមទំនិញ ផ្ដល់ភាពអនុគ្រោះក្នុងវិស័យសេវា និងផ្ដល់ជំនួយបច្ចេកទេសឱ្យបានច្រើន ដល់ប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងឡើងវិញនូវវិធានទាំងឡាយដែលមិនអំណោយផលដល់ការវិនិយោគ និងពាណិជ្ជកម្មសកល៕