(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសគម្រោង DFID គាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា ដែលរៀបចំធ្វើឡើងនៅទីស្នាក់អង្គការហាឡូត្រាស់ ក្នុងខេត្តសៀមរាប។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ចំពោះជំនួយដ៏ថ្លៃថ្លា នៅក្នុងវិស័យសកម្មភាពមីន ដែលបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការបោសសម្អាតមីន ការជួយសង្គ្រោះអាយុជីវិតប្រជាជន និងការអភិវឌ្ឍន៍នៅកម្ពុជា។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើឲ្យប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ បន្តការផ្តល់ជំនួយនៅក្នុងវិស័យសកម្មភាពមីន ដើម្បីកម្ពុជាអាចសម្រេចបំណង ឆ្ពោះទៅរកកម្ពុជាមួយ ដែលគ្មានមីន នៅឆ្នាំ២០២៥។

នៅរសៀលថ្ងៃដដែល លោកស្រី Tina Redshaw និងលោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានជួបជាមួយមន្រ្តីបុគ្គលិក មកពីប្រតិបត្តិករសកម្មភាពមីន ទាំងបី (HALO Trust, MAG និង NPA) និងបានទស្សនាការធ្វើបទបង្ហាញ អំពីការបោសសម្អាតមីននៅស្រុកអូស្មាច់ ខេត្តឧត្តរមានជ័យ និងបានជួបជាមួយគ្រួសារអ្នកទទួលផល ពីការបោសសម្អាតមីន ដែលពេលនេះ អាចប្រើប្រាស់ដីរបស់ពួកគាត់ដោយសុវត្ថិភាព បន្ទាប់ពីការបោសសម្អាតមីន។

សូមជម្រាបថា ចាប់ពីឆ្នាំ២០១៨-២០២០ the UK Department for International Development បានផ្តល់នូវជំនួយថវិកា ប្រមាណជាង៧លានផោន ស្មើនឹងជាង៩,៥០០,០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់សកម្មភាពបោសសម្អាតមីន មនុស្សធម៌នៅកម្ពុជា៕