(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ បានជំរុញឱ្យក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ និងគណៈគ្រប់គ្រងនៃវិទ្យាល័យព្រះស៊ីសុវត្តិ ត្រូវពង្រឹងលើការគ្រប់គ្រងសំអាតសំរាម នៅក្នុងបរិវេណសាលា ដើម្បីបង្កើនសោភ័ណ្ឌភាព និងលើកកម្ពស់បរិស្ថាន។
ការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញប្រកាសសមាសភាពក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ និងគណៈគ្រប់គ្រងនៃវិទ្យាល័យព្រះស៊ីសុវត្តិ និងចុះត្រួតពិនិត្យការបង្រៀន ការសិក្សារបស់សិស្សានុសិស្ស នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យ៉ាងច្រើនកុះករផងដែរ ដើម្បីស្វែងយល់អំពីការអភិវឌ្ឍន៍ ការបង្រៀន និង រៀន បែបសតវត្សទី២១ និងឈានទៅអភិវឌ្ឍ សាលារៀន ដទៃនៅទូទាំងប្រទេស។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា រយៈពេល០៥ឆ្នាំមកនេះ ក្រសួងអប់រំ បានបង្កើនថវិកាជាច្រើន ដើម្បីពង្រឹងនៅតាមសាលារៀននីមួយៗ នៅទូទាំងប្រទេស ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព នៃការដឹកនាំ និងគ្រប់គ្រង ក្នុងន័យឈានទៅលើកកម្ពស់គុណភាព នៃការអប់រំ តាមរយៈការបង្កើតលទ្ធផលសិក្សារបស់សិស្ស។
លោករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះ៖ «ភារកិច្ចដំបូង គឺជួយសំអាតសាលា អញ្ចឹងតាំងពីថ្ងៃប្រជុំមកខ្ញុំងាកតាមមាត់បង្អួច ឃើញសំរាមច្រើនណាស់នៅខាងក្រោយនេះ អញ្ចឹងខ្ញុំបានឱ្យគេមកសំអាតហើយ អញ្ចឹងជាបឋមខ្ញុំជួយសំអាតបរិស្ថាន ខ្ញុំមិនលូកដៃចូលកិច្ចការងារបច្ចេកទេសទេ ប៉ុន្តែខ្ញុំជួយអភិវឌ្ឍសាលាបន្តទៀត»។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបន្ថែមទៀតថា ដូច្នេះត្រូវធ្វើយ៉ាងណាពិនិត្យថា តើធ្វើយ៉ាងម៉េចឱ្យសាលាស្អាតជាមុនសិន ហើយបន្ទាប់ពីការប្រកាស ក្រុមប្រឹក្សាភិបាលហើយ លោកនឹងស្នើសុំឱ្យគណៈគ្រប់គ្រងសាលាចុះត្រួតពិនិត្យតាមថ្នាក់រៀន ដើម្បីធ្វើយ៉ាងណាឱ្យបន្ទប់សិក្សារបស់សិស្ស មានផាសុខភាព ស្អាត ហើយកន្លែងណាដែលអាចរៀនបានត្រូវជួសជុលកែតម្រូវ និងដាក់ជាវិន័យដើម្បីឱ្យសិស្សានុសិស្សចូលរួមថែទាំសម្ភារៈ នៅក្នុងសាលារៀនទាំងអស់គ្នា។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាភិបាលតើត្រូវធ្វើដូចម្ត៉េច ដើម្បីឱ្យសាលារៀនព្រះស៊ីសុវត្ថិ ជាសាលារៀនគម្រូមួយដែលស្អាត និងមានសោភ័ណ្ឌភាពយ៉ាងដូចម្ត៉េច ប្រសិនបើយើងក្រឡេកទៅមើលនៅទស្សវត្សឆ្នាំ៥០ និង៦០ វិញ គឺជាសាលារៀនមួយមានអាយុ១០០ឆ្នាំជាង ដូច្នេះត្រូវធ្វើយ៉ាងណាឱ្យអ្នកចូលទស្សនា សិស្សានុសិស្សចូលក្នុងបរិវេណ មិនឃើញមានសំរាមបោះចោលពាសវាលពាសកាល ដែលសាកសមជាទីកន្លែងអប់រំ និងបណ្តុះបណ្តាលផងដែរ៕