(ភ្នំពេញ)៖ នៅវេលាម៉ោងជាង១១៖៣០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងហើយ លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ នេះបើតាមការបញ្ជាក់របស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News។
ការអនុវត្តថវិកាឆ្នាំ២០១៧ បានឆ្លើយតប និងផ្តល់ការគាំទ្រប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពដល់ការសម្រេចអាទិភាពគោលនយោបាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌថវិកា និងគោលនយោបាយថវិការបស់រាជរដ្ឋាភិបាល។ យាងណាក៏ដោយ នៅឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលនៅសល់ថវិកា ពីការអនុវត្តចំណាយថវិការជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ចំនួន១ ៦២៩ ៩៧៣,៨ លានរៀល ដែលប្រាក់ទាំងនេះ ត្រូវបានកត់ត្រានៅក្នុងគណនីលទ្ធផលដែលបានបើកនៅក្នុងលេខនានៃរតនាគារជាតិ។
ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ បានគ្រោងចំណូលក្នុងប្រទេសថវិការដ្ឋ ១៨,៦៦%នៃ ផ.ស.ស និងមានកំណើន១៥,៧% ធៀបនឹងច្បាប់ឆ្នាំ២០១៦។ ចំណូលចរន្តថវិការដ្ឋ (ថវិកាថ្នាក់ជាតិនិងថវិកាថ្នាក់ក្រោមជាតិ) ត្រូវសម្រេចឱ្យបាន១៨,៥០% នៃ ផ.ស.ស និងមានកំណើនចំនួន០,៧៩ពិន្ទុភាគរយនៃផ.ស.សធៀបនឹងច្បាប់ឆ្នាំ២០១៦ ខ្ពស់ជាងគោលដៅ០,៥០ពិន្ទុភាគរយនៃផ.ស.ស ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ២០១៤-២០១៨។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៧ នៅតែអាចសម្រេចបានកំណើនរឹងមាំក្នុងអត្រា៧% ដូចគ្នាទៅនឹងអត្រាកំណើនសេដ្ឋកិច្ចដែលបានព្យាករនាដើមឆ្នាំ២០១៧ ដែលគាំទ្រដោយកំណើនរឹងមាំ នៃវិស័យសំណង់ ការបន្តកំណើននៃវិស័យកាត់ដេរ និងវិស័យកសិកម្ម និងការងើបឡើងខ្លាំងនៃវិស័យសណ្ឋាគារនិងភោជនីយដ្ឋាននិងវិស័យលក់ដុំ លក់រាយ។
ផ.ស.ស សម្រាប់មនុស្សម្នាក់ៗបានកើនឡើងពី ១ ៣០៨ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦ ដល់ ១ ៤២៩ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ បានថយចុះបន្តិចពី ៣,០% ក្នុងឆ្នាំ២០១៦ មក២,៩% ក្នុងឆ្នាំ២០១៧ ដោយសារកំណើនយឺតនៃថ្លៃម្ហូបអាហារនៅកម្ពុជា ហើយអត្រាប្តូរប្រាក់ជាមធ្យមរក្សាបាន ៤ ០៤៥រៀល ក្នុងមួយដុល្លារអាមេរិក នៅឆ្នាំ២០១៧ ដែលតាមការគ្រោងទុកគឺក្នុងរង្វង់ ៤ ០៥០រៀល។
ចំណូលថវិការដ្ឋ (ថវិកាថ្នាក់ជាតិនិងថវិកាថ្នាក់ក្រោមជាតិ) ឆ្នាំ២០១៧ អនុវត្តបានចំនួន ២៣ ៤៤៦ ៦៧៨,២លានរៀល ស្មើនឹង២៦,១២% នៃផ.ស.ស គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ៧,៦% ដោយក្នុងនោះ៖ ចំណូលក្នុងប្រទេស អនុវត្តបានចំនួន១៨ ២៥៦ ៤២៧,៩លានរៀល ស្មើនឹង២០,៣៤% នៃផ.ស.ស គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ៩,៩% និងចំណូលមូលធនក្រៅប្រទេសអនុវត្តបានចំនួន៤ ៥៤៧ ០៥៣,៤លានរៀល ស្មើនឹង៥,០៦% នៃផ.ស.ស គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ០,១%។
ការអនុវត្តចំណាយថវិកា នៅក្នុងឆ្នាំ២០១៧ ចំណាយថវិការដ្ឋ (ថវិកាថ្នាក់ជាតិនិងថវិកាថ្នាក់ក្រោមជាតិ) អនុវត្តបានចំនួន ២១ ០៤៨ ២១៩,២លានរៀល ស្មើនឹង២៣,៤៥%នៃផ.ស.ស គឺទាបជាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៧ ចំនួន២,២%៕