(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៩ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (ផ.ស.ស-GDP) នឹងកើនឡើងដល់ ២៧,២២២លានដុល្លារអាមេរិក ខណៈចំណូលសម្រាប់មនុស្សម្នាក់ៗនឹងកើនឡើងដល់១,៧០៦ដុល្លារអាមេរិក។ នេះបើយោងតាមខ្លឹមសារសង្ខេបប្រតិបត្តិស្តីពី សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។
សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៩ បានបញ្ជាក់យ៉ាងដូច្នេះថា «តាមការព្យាករណ៍ កំណើនសេដ្ឋកិច្ចកម្ពុជាបន្តសម្រេចបានក្នុងអត្រា៧.១% ដែលប្រហាក់ប្រហែលនឹងកំណើនឆ្នាំ២០១៨។ នៅក្នុងឆ្នាំ២០១៩, ផ.ស.ស ថ្លៃបច្ចុប្បន្នកើនឡើងដល់ ១០៩,៨៩៤,៩៤៩លានរៀល សមមូលនឹងប្រមាណ ២៧,២២២លានដុល្លារអាមេរិក ខណៈ ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១,៧០៦ដុល្លារអាមេរិក ធៀបនឹង១,៥៦៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨»។
កំណើននេះត្រូវបានទ្រទ្រង់ដោយ វិស័យ៣សំខាន់ៗ រួមមាន៖
ទី១៖ កំណើននៃវិស័យឧស្សាហកម្ម នៅបន្តរក្សាភាពរឹងមាំ ក្នុងអត្រាកំណើនប្រចាំឆ្នាំក្នុងរង្វង់១០,០% ដែលគាំទ្រដោយភាពរឹងមាំនៃវិស័យសំណង់ ការបន្តកំណើននៃវិស័យ កាត់ដេរស្របគ្នានឹងសន្ទុះកំណើនខ្ពស់ នៃវិស័យកម្មន្តសាលមិនមែនកាត់ដេរ ទាំងសម្រាប់នាំចេញ និងបម្រើទីផ្សារក្នុងស្រុក។ អនុវិស័យសំណង់គាំទ្រដោយសន្ទុះកំណើន នៃសំណង់ថ្លៃមធ្យម និងសមរម្យ តាមរយៈការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ និងភាពជឿជាក់ចំពោះការវិនិយោគនៅកម្ពុជា ដែលជួយប៉ះប៉ូវ ការធ្លាក់ចុះនៃសំណង់ថ្លៃខ្ពស់មួយផ្នែក។
វិស័យកាត់ដេរនៅបន្តកំណើនប្រហាក់ប្រហែលនឹងឆ្នាំមុន ដោយសារភាពល្អប្រសើរ នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ជាពិសេសសេដ្ឋកិច្ចនៃបណ្តាប្រទេសដៃគូពាណិជ្ជកម្មរបស់កម្ពុជា។ ទន្ទឹមនេះ អនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ដូចជាម្ហូបអាហារនិងភេសជ្ជៈ ឧស្សាហកម្មដំឡើងយានយន្ត គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបន្លាស់ គ្រឿងសង្ហារឹម កង់ និងស៊ីម៉ង់ត៍ជាដើម ទាំងសម្រាប់បម្រើឱ្យការនាំចេញ និងតម្រូវការទីផ្សារក្នុងស្រុក នឹងមានសន្ទុះកំណើនខ្ពស់ ទាំងការពង្រីក ការវិនិយោគដែលមានស្រាប់ និងការវិនិយោគថ្មី។
ទី២៖ វិស័យសេវាកម្មនៅបន្តកំណើនប្រមាណ៧,០% ដែលគាំទ្រដោយកំណើន នៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនខ្ពស់នៃចំនួនភ្ញៀវទេសចរអន្តរជាតិ ជាពិសេសមកពីតំបន់អាស៉ី ដោយសារការលើកទឹកចិត្តឱ្យមានការបើកជើងហោះហើរត្រង់កាន់តែច្រើន និងការដាក់ចេញនូវគោលនយោបាយនានា ក្នុងការទាក់ទាញភ្ញៀវទេសចរបន្ថែម។
អនុវិស័យលក់ដុំ-រាយ ក៏នៅរក្សាកំណើនល្អប្រសើរ ដែលគាំទ្រដោយកំណើននៃការប្រើប្រាស់ក្នុងស្រុក ដោយសារកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ អនុវិស័យអចលនទ្រព្យ ក៏ត្រូវបានរំពឹងថានឹងបន្ត កំណើនខ្ពស់ស្របតាមនិន្នាការនៃអនុវិស័យសំណង់ផងដែរ។ ដោយឡែក អនុវិស័យដឹកជញ្ជូន និងគមនាគមន៍ត្រូវបានរំពឹងថា នឹងបន្តរក្សាកំណើនប្រហាក់ប្រហែលនឹងឆ្នាំ២០១៨ ដែលជំរុញដោយការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ការបើកឱ្យដំណើរការឡើងវិញខ្សែផ្លូវរថភ្លើង ទិសខាងជើងពីភ្នំពេញទៅប៉ោយប៉ែត ការពង្រីកព្រលានយន្តហោះ និងកំពង់ផែ ព្រមទាំងផែនការវិនិយោគថ្មីៗលើបច្ចេកវិទ្យាជំនាន់ថ្មី (5G) លើការពង្រីកវិសាលភាពអ៊ិនធឺណិត ឱ្យគ្របដណ្តប់ដល់តំបន់ដាច់ស្រយាល។
ទី៣៖ វិស័យកសិកម្មអាចសម្រេចបានកំណើនក្នុងរង្វង់១,៨% ដែលទ្រទ្រង់ដោយអនុវិស័យដំណាំ និងជលផល។ អនុវិស័យដំណាំត្រូវបានរំពឹងថា នឹងមានកំណើនប្រហាក់ប្រហែលឆ្នាំមុន ដោយសារភាពអំណោយផល នៃកត្តាអាកាសធាតុ ភាពប្រសើរឡើងនៃប្រព័ន្ធធារាសាស្រ្ត និងការកើនឡើង នៃថ្លៃអង្ករនៅលើទីផ្សារអន្តរជាតិ ព្រមទាំងការកើនឡើង នៃដំណាំបម្រើឱ្យការនាំចេញផ្សេងទៀត ដូចជាកៅស៊ូ និងចេកជាដើម។
អនុវិស័យនេសាទត្រូវបានរំពឹងថា នឹងមានកំណើនល្អប្រសើរផងដែរ ដែលត្រូវបានជំរុញដោយការបន្តកំណើនខ្ពស់ នៃអនុវិស័យវារីវប្បកម្ម ស្របតាមនិន្នាការកើនឡើងនៃការវិនិយោគពីសំណាក់វិស័យ ឯកជន និងការចូលរួមពីដៃគូអភិវឌ្ឍន៍។ អនុវិស័យចិញ្ចឹមសត្វក៏ត្រូវបានព្យាករថានឹងមានកំណើនល្អ ដោយសារការបន្តកំណើននៃការចិញ្ចឹមគោ និងការចិញ្ចឹមមាន់តាមបែបធម្មជាតិ ក្នុងគោលដៅពាណិជ្ជកម្ម ព្រមទាំងកំណើនផលិតកម្មជ្រូក ដោយសារតែការងើបឡើងវិញនៃថ្លៃជ្រូករស់។
អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា៣.១% ក្នុងឆ្នាំ២០១៩ ស្របនឹងការរំពឹងទុក នៃកំណើនយឺតនៃថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងកំណើនយឺតជាងមុននៃថ្លៃម្ហូបអាហារ។ ចំណែកឯអត្រាប្តូរប្រាក់រៀល គឺនៅតែបន្តស្ថិតនៅក្នុងរង្វង់ ៤,០៥០រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករថានឹងស្ថិតក្នុងអត្រា ៧.១% នៃ GDP ក្នុងឆ្នាំ២០១៩។
ភាពល្អប្រសើរឡើងនៃគណនីចរន្តនេះនឹងឆ្លុះបញ្ចាំង តាមរយៈការរំពឹងទុកនៃភាពរួមតូចនៃឱនភាពសមតុល្យពាណិជ្ជកម្ម, ការកើនឡើងខ្ពស់នៃចំណូលពីភ្ញៀវទេសចរអន្តរជាតិ និងកំណើននៃប្រាក់បង្វែរឯកជនពីបរទេស (Remittances)។ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថានឹងបន្តកើនឡើងដល់ប្រមាណ ១១,០៥៩លានដុល្លារអាមេរិក ដែលធានាការនាំចូលបាន៦.៥ខែ នៅឆ្នាំ២០១៩។
ខ្លឹមសារសង្ខេបដដែលបញ្ជាក់ទៀតថា ជារួមផ្អែកលើសូចនាករម៉ាក្រូសេដ្ឋកិច្ចដូច ដែលបានកំណត់ខាងលើ យើងអាចនិយាយបានថា កម្ពុជានៅតែអាចបន្តសម្រេច បាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧.០% ក្នុងមួយឆ្នាំ នៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។ ទោះបីយ៉ាងនេះក្តី, កម្ពុជានឹងត្រូវបន្ដប្រឈមនឹងហានិភ័យ ដែលបណ្តាលមកពីកត្តាខាងក្រៅ និងកត្តាខាងក្នុងមួយចំនួនដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងដាក់ឱ្យអនុវត្តន៍នូវវិធានការ គោលនយោបាយមុតស្រួចមួយចំនួន ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់សំដៅជម្នះ និងដោះស្រាយចំពោះរាល់បញ្ហាប្រឈម និងហានិភ័យនានា ដើម្បីធានារក្សាបាននូវសិ្ថរភាពម៉ាក្រូសេដ្ឋកិច្ច និងសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយចីរភាព៕