(ប៉េកាំង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា «យើងមិនអាចធ្វើកិច្ចសហប្រតិបត្តិការ ក្នុងស្ថានភាពមួយដែល ដៃម្ខាងធ្វើកិច្ចសហប្រតិបត្តិការ ហើយដៃម្ខាងទៀតដាក់ទណ្ឌកម្ម ឬគំរាមកំហែងនោះទេ។ ជាការពិតណាស់ មានតែកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ប៉ុណ្ណោះ ដែលអាចឱ្យប្រទេសទាំងអស់ រស់នៅជាមួយគ្នាដោយសុខដុមរមនាបាន»។
ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលសម្តេច បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំវេទិកា «សៀងសាន» លើកទី៨ នៅក្នុងទីក្រុងប៉េកាំង ស្តីពី «បញ្ហាប្រឈម និងកិច្ចសហប្រតិបត្តិការរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ» ដោយមានការអញ្ជើញចូលរួម ពីប្រមុខថ្នាក់ដឹកនាំការពារជាតិ មន្ត្រីជាន់ខ្ពស់យោធា ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិនានា មកពីប្រទេសនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក អឺរុប អាហ្វ្រិក ប្រមាណ២៤ប្រទេស។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «យើងមិនអាចធ្វើកិច្ចសហប្រតិបត្តិការ ក្នុងស្ថានភាពមួយដែល ដៃម្ខាងធ្វើកិច្ចសហប្រតិបត្តិការ ហើយដៃម្ខាងទៀតដាក់ទណ្ឌកម្ម ឬគំរាមកំហែងនោះទេ។ ជាការពិតណាស់ មានតែកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ប៉ុណ្ណោះ ដែលអាចឱ្យប្រទេសទាំងអស់រស់នៅជាមួយគ្នាដោយសុខដុមរមនាបាន»។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបន្តថា នៅពេលឮពាក្យថា «ឈ្នះ-ឈ្នះ» និង «ការជឿទុកចិត្តគ្នាទៅវិញទៅមក» នេះ គឺបានធ្វើឱ្យនឹកឃើញដល់នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ហើយមួយផ្នែកនយោបាយឈ្នះឈ្នះ គឺផ្តោតលើការពង្រឹងការជឿទុកចិត្តគ្នានេះឯង។ ប្រទេសកម្ពុជាត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទាំ ដោយសារសង្រ្គាមអស់រយៈពេលជាង៣ទសវត្សរ៍ ហើយយើងទើបតែទទួលបានសន្តិភាពពេញលេញ នៅចុងឆ្នាំ១៩៩៨ប៉ុណ្ណោះ ដោយនយោបាយ ឈ្នះ ឈ្នះ។
តាមរយៈវេទិកាសៀងសាននេះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកយកបទពិសោធន៍ចំនួន៣ ដែលកម្ពុជា បានឆ្លងកាត់មកបញ្ជាក់ជូនកិច្ចប្រជុំរួមមាន៖
បទពិសោធន៍ទី១៖ គឺពេលខ្លះគេមិនអាចយកមធ្យោបាយយោធាតែមួយមុខទៅដោះស្រាយបញ្ហាបានឡើយ។ ពោលគឺគេមិនអាចយកសង្រ្គាម ទៅបញ្ចប់សង្រ្គាមទេ។ ប្រសិនបើភាគីទាំងអស់នៅតែរឹងត្អឹងទាមទារឱ្យមានឈ្នះ មានចាញ់នោះ សង្រ្គាមនឹងនៅតែបន្តទោះក្នុងទ្រង់ទ្រាយតូចក្តី ធំក្តី ប្រភេទជាឧទ្ទាមឬប្រែក្លាយទៅជាសកម្មភាពភេរវកម្មផងដែរ។ ទាល់តែមានស្ថានភាពឈ្នះ-ឈ្នះ ទើបសង្រ្គាមងាយនឹងបញ្ចប់ ហើយយើងអាចមានស្ថានភាពឈ្នះ-ឈ្នះ ទាល់តែមានភាពទុកចិត្តគ្នាទៅវិញទៅមក។
បទពិសោធន៍ទី២៖ ដោយសារតែកម្ពុជា បានឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃ យើងយល់ច្បាស់ណាស់អំពីការលំបាករបស់ប្រជាជន នៅក្នុងប្រទេសដែលមានសង្រ្គាម។ ដោយឈរលើមូលដ្ឋានមនុស្សធម៌ និងភាតរភាពខ្ពស់បំផុតនេះហើយទើបកម្ពុជា បានសម្រេចចិត្តបញ្ជូនកម្លាំង ទៅបរទេសក្នុងប្រតិបត្តិការ ថែរក្សាសន្តិភាពរបស់អ.ស.ប.។ ឆ្នាំ២០១៨នេះ គឺជាខួបលើកទី១២ នៃការបញ្ជូនកម្លាំងមួកខៀវកម្ពុជា ចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់ អ.ស.ប ដែលមានកម្លាំងសរុបចំនួន ៥.៥៧៨នាក់ (នារី២៦៧នាក់) លើជំនាញបោសសំអាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ អាវុធហត្ថ វិស្វកម្មសំណង់ វិស្វកម្មព្រលានយន្តហោះ នាយទាហានសេនាធិការនិងសង្កេតការណ៍។
បទពិសោធន៍ទី៣៖ ដែលដកស្រង់ពីបទពិសោធន៍កម្ពុជាគឺ ទំនាក់ទំនងរវាងប្រតិបត្តិការថែរក្សាសន្តិភាព និង ការប្រឆាំងភេរវកម្ម។ រឿងទាំងពីរនេះស្តាប់ទៅហាក់ដូចជាមិនទាក់ទងគ្នា។ ម្យ៉ាងទៀតមានមតិខ្លះគិតថាប្រតិបត្តិការថែរក្សាសន្តិភាពមិនមានប្រយោជន៍ខ្ជះខ្ជាយធនធាន រីឯអំពើភេរវកម្មគឺត្រូវយកកម្លាំងយោធាមកបង្រ្កាបទើបបាន។
ទន្ទឹមនឹងនេះសម្តេចពិជ័យសេនា បានបញ្ជាក់ថា ប៉ុន្តែប្រសិនបើគ្មានប្រតិបត្តិការថែរក្សាសន្តិភាពទេនោះ ប្រាកដជានឹងមិនមានស្ថិរភាព នយោបាយឡើយ ហើយស្ថានភាពបែបនេះ នឹងបង្កើតជាឱកាសឱ្យក្រុមភេរវករយកប្រទេសនោះ ធ្វើជាមូលដ្ឋានសុវត្ថិភាព និងវាយប្រហារ ទៅកាន់តំបន់ផ្សេងៗ ផងដែរ។
នៅក្នុងកិច្ចប្រជុំវេទិកាសៀងសានលើកទី៨ នេះ វាគ្មិនមកពីបណ្តាលប្រទេសដ៏ទែទៀតក៏បានចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ ដែលទាក់ទងទៅនឹង ប្រធានបទស្តីពី គំនិតថ្មីៗ និងយុទ្ធសាស្រ្តថ្មី សម្រាប់អភិបាលកិច្ចសន្តិសុខ ការគំរាមកំហែងដោយភេរវកម្ម និងវិធានការប្រឆាំង និងទស្សនវិស័យ ដែលទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការសន្តិសុខលំហរសមុទ្រផងដែរ៕