(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលរបស់ លោក ផៃ ស៉ីផាន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ បានចេញសេចក្តីបំភ្លឺបញ្ជាក់ថា កម្ពុជាមានបំណង និងទិសដៅ ដូចសហភាពសភាអន្តរជាតិ (IPU) ក្នុងការលើកស្ទួយ និងពង្រីក វប្បធម៌សន្ទនានយោបាយ ដែលនាំមុខគេ និងបង្កើតបានរួចហើយដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក៏ប៉ុន្តែកិច្ចសន្ទនានយោបាយនេះ គ្មានវិសាលភាពនៅលើច្បាប់រដ្ឋនោះឡើយ។
សេចក្តីបំភ្លឺដដែល បានបញ្ជាក់ទៀតថា កម្ពុជារក្ សានិងការពារអំណាចរាស្ត្រ ក្នុងការចូលរួមនយោបាយតាមរយៈ ការបោះឆ្នោតដោយទៀតទាត់ ប្រកបដោយគុណភាព និងការជឿជាក់។ ប្រជាធិបតេយ្យប្រកបដោយការអនុវត្តនីតិរដ្ឋ គឺជាកិច្ចធានានិងពង្រីកបន្ថែមទៀត មិនត្រឹមតែសិទ្ធិអំណាច និងសេរីភាពរបស់មហាជន ក្នុងកិច្ចធានាជោគវាសនារបស់ខ្លួនដោយខ្លួនឯង គឺសណ្តាប់ធ្នាប់នយោបាយ នៃតម្លៃប្រជាធិបតេយ្យ សេរីពហុបក្សកម្ពុជា ដែលមិនស្ថិតក្រោមការបង្គាប់បញ្ជាពីជនណា ក្រុមណា អង្គការណា ទោះជានៅក្នុង ឬក្រៅប្រទេសខ្មែរនោះទេ។
បើតាមសេចក្តីបំភ្លឺនេះ គុណភាព និងតម្លៃប្រជាធិបតេយ្យ គឺជាកិច្ចអភិវឌ្ឍន៍ជាប្រចាំ ឆ្លើយតបនឹងតម្លៃវប្បធម៌ និងប្រពៃណីដ៏បវររបស់ខ្លែរ ដែលភ្ជាប់ឲ្យបានជាដាច់ខាតនូវសន្តិភាព ឯករាជ្យ អធិបតេយ្យ និងវបុលភាព ជាអាទិភាព។ កម្ពុជារក្សាសិទ្ធិពេញលេញ និងគ្រប់ពេលវេលា ក្នុងកិច្ចដកបេក្ខភាពរបស់ខ្លួន ចេញពីអង្គការអន្តរជាតិណាមួយនោះ ប្រសិនបើមានការឈ្លានពាន ឬជ្រៀតជ្រែកធ្ងន់ធ្ងរណាមួយ ទៅលើដែនអធិបតេយ្យ និងផលប្រយោជន៍កម្ពុជា ក៏ដូចប្រជាជាតិអធិបតេយ្យមួយចំនួន ដែលបានប្រតិកម្មដកខ្លួនចេញពីអង្គការអន្តរជាតិមួយចំនួន ដែលគេយល់ឃើញថា ប្រឆាំងឈ្លានពាន លើដែនអធិបតេយ្យ និងផលប្រយោជន៍របស់គេ៕
ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖