(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ បានដាក់បង្ហាញនូវរូបគម្រូខ្លោងរបារកាត់ទទឹងផ្លូវចំនួន៥ជម្រើស ឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ធ្វើការបោះឆ្នោតគាំទ្រ ដើម្បីយកដាក់តាំងបង្ហាញនៅតាមផ្លូវសាធារណចំនួន៤គោលដៅ សម្រាប់អបអរសាទរព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៨ ខាងមុខនេះ។
តាមរយៈទំព័រ Facebook ផ្លូវការរបស់សាលារាជធានីភ្នំពេញ ដែលមានឈ្មោះថា «រដ្ឋបាលរាជធានីភ្នំពេញ» បានបញ្ជាក់ថា រូបគំរូចំនួន៥សន្លឹកនេះ គឺជាស្នាដៃរបស់បេក្ខជន ដែលបានជ្រើសរើសដោយគណៈកម្មការវាយតម្លៃ ចេញពីរូបភាពចំនួន៤៥រូបភាព ដែលមានបេក្ខជនចំនួន២៩នាក់ បានផ្ញើមកដើម្បីចូលរួមប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ រូបទាំង៥ដែលដាក់ឲ្យបោះឆ្នោតនេះ សុទ្ធតែមានអត្ថន័យខ្លឹមសារព្រះរាជពិធី រចនាបថខ្មែរ លក្ខណៈបច្ចេកទេស នៃការសាងសង់ និងការរចនាភ្លើងឲ្យអាចទទួលយកបានទាំងពេលថ្ងៃ និងពេលយប់ ទើបគណៈកម្មការវាយតម្លៃ សម្រេចជ្រើសរើសបានរូបភាពទាំង៥នេះតែម្ដង ហើយរូបភាពដែលទទួលបានការ Like គាំទ្រ ច្រើនជាងគេចំនួន៤រូបភាព នឹងត្រូវយកទៅដំឡើងនៅតាមគោលដៅទាំង៤ ដែលបានត្រៀមរួចជាស្រេច។
ការបោះឆ្នោតជ្រើសរើសការគាំទ្រនេះ នឹងត្រូវបញ្ចប់នៅវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ដូច្នេះសូមអ្នកប្រើប្រាស់ Facebook ចូលរួមបោះឆ្នោតទាំងអស់គ្នា៕