(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ បានប្រតិកម្មចំពោះ ការរិះគន់របស់ មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​អាដហុក (ADHOC) លោក សឺន សែនករុណា ដែលបានរិះគន់ទៅលើចំណាត់ការផ្ទេរ និងតែងតាំង មន្រ្តីក្នុងស្ថាប័នតុលាការ។

អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានចាត់ទុកថា ការរិះគន់ចំពោះការចាត់ចែង​ តែងតាំង និង​ផ្លាស់ប្ដូរ​ព្រះរាជអាជ្ញា និង ព្រះរាជ​អាជ្ញា របស់ស្ថាប័នឧត្តមក្រុមប្រឹក្សាអង្គចៅក្រមរបស់មន្រ្តីសង្គមស៊ីវិលរូបនេះ គឺជាការប្រមាថព្រះចេស្តារព្រះមហាក្សត្រយ៉ាងជាក់ស្តែង។

លោក សុខ ឥសាន បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅពេលថ្មីៗនេះ​ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម​ បានសម្រេចដាក់ឲ្យចូលនិវត្តន៍ និងតែងតាំងមន្ត្រីតុលាការមួយចំនួន​។ ផ្អែកលើការសម្រេចនេះ​ មានជននៅក្នុងអង្គការសង្គមសុីវិលមួយចំនួននិយាយថា ការសម្រេចដាក់ឲ្យចូលនិវត្តន៍ និងតែងតាំងមន្ត្រីតុលាការទាំងនោះមិនមានតម្លាភាពឡើយ​ ដោយសារពួកគេមិនបានដឹង​ ដែលនាំឲ្យមានការសង្ស័យមួយចំនួន»​

លោកបានបន្តថា «ការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គវ​វ​ចៅក្រម​ បានប្រព្រឹត្តទៅក្នុងអង្គប្រជុំ​ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃអង្គព្រះមហាក្សត្រ​ ព្រះប្រធាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម​ ហេតុអ្វីបានជាថាគ្មានតម្លាភាព​? ការនិយាយបែបនេះ គឺជាការប្រមាថព្រះចេស្តារព្រះមហាក្សត្រយ៉ាងជាក់ស្តែង»

ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពី លោក សឺន សែនករុណា មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​អាដហុក (ADHOC) បានសម្តែងការព្រួយបារម្ភ​ អំពី​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់ ព្រមទាំងសម្តែងមន្ទិល​ក្នុង​ការផ្ទេរ និង ដំឡើង​តំណែង​មន្ត្រី​តុលាការនាថ្មីៗនេះ។

លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា កន្លងមក​អំណាច​អយ្យការ​នេះ មិនសូវ​បាន​ជួយ​ដល់​អ្នក​តស៊ូ​មតិ ជាពិសេស​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន និង សកម្មជន​ដីធ្លី​នោះ​ទេ។ លោក​ចង់​ឃើញ​ព្រះរាជអាជ្ញា ដើរ​តួនាទី​សកម្ម ក្នុង​ការ​ការពារ​ជន​ដែល​មាន​មនសិការ​ឈឺឆ្អាល​កិច្ចការ​សង្គម​ទាំងនោះ។ នេះបើតាមការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី។

លោក សុខ ឥសាន បានបញ្ជាក់ថា ស្ថាប័នរដ្ឋរបស់កម្ពុជា ធ្វើអ្វីមួយមិនចាំបាច់ត្រូវរាយការណ៍ឲ្យសង្គមសុីវិលនោះទេ។ លោកថ្លែងថា៖ «ឱ!​ បើអង្គការរដ្ឋធ្វើអីចាំបាច់ត្រូវរាយការណ៍សុំសង្គមសុីវិល ឬទើបបានត្រឹមត្រូវ និងមានតម្លាភាពនោះ​? បើយ៉ាងដូច្នោះ​ អង្គការសង្គមសុីវិល កំពុងតាំងខ្លួនឯងដ៏អស្ចារ្យ នៅពីលើអង្គការរដ្ឋដែលជាស្ថាប័នកើតចេញពីឆន្ទ:របស់ប្រជាជនកម្ពុជា​។ ឯអង្គការសង្គមសុីវិល​ គ្រាន់តែជាអង្គការដែលបង្កើតឡើងដោយមនុស្ស២-៣នាក់សោះ​ ហេតុម៉េចបានជាទាមទារ
សិទ្ធិអីធំសម្បើមម៉្លេះ​?»៕