(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឡានឆាង-មេគង្គ (Lancang-Mekong Vocational Education Training Center) និងរោងជាងកម្ពុជាលូនបាន ដែលជាផ្លែផ្កាដ៏ថ្មីស្រឡាងមួយ នៃកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា និងចិន លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
ពិធីនេះក៏មានវត្តមានចូលរួមពីលោក Li Hongzhong សមាជិកការិយាល័យនយោបាយគណៈមជ្ឈិមបក្សគណបក្សកុម្មុយនីស្តចិន រួមនិងលោកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ព្រមទាំងលោកអគ្គរាជទូត អគ្គរដ្ឋទូត នៃបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គផងដែរ។
លោករដ្ឋមន្ត្រីបានបង្ហាញការជឿជាក់ថា មជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឡានឆាង-មេគង្គនេះ និងរោងជាងកម្ពុជាលូនបាន នឹងដើរតួនាទីជាសសរស្តម្ភមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ទាំងមូល ស្របតាមពាក្យស្លោក សហគមន៍ដែលមានជោគវាសនារួម។
លោកបានបញ្ជាក់ថា បើយើងសាកល្បងសម្លឹងមើលអំពីសាវតានៃការអភិវឌ្ឍគម្រោងសាងសង់មជ្ឈមណ្ឌលនេះ គឺមានកិច្ចប្រឹងប្រែង និងចូលរួមពីតួអង្គពាក់ព័ន្ធជាច្រើន ដែលធ្វើឱ្យគម្រោងអាចដាក់ឱ្យដំណើរការបានជាផ្លូវការនាពេលនេះ រួមទាំងការកសាង និងបំពាក់សម្ភារៈ បរិក្ខារ ក្នុងអគារមជ្ឈមណ្ឌលដ៏ស្រស់ត្រកាលមួយនេះផងដែរ។
លើកម្រិតនយោបាយ គម្រោងនេះបានផុសឡើងតាមរយៈការផ្គួបគ្នារវាងសេចក្តីផ្តើមគំនិត វិថីមួយខ្សែក្រវ៉ាត់មួយ របស់សាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។
កាលពីឆ្នាំ២០១៣ កន្លងមក ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានលើកឡើងអំពីគំនិតជោគវាសនារួម និងអនាគតថ្មីសម្រាប់សហគមន៍អាស៊ីនៅក្នុងទស្សនកិច្ចផ្លូវរដ្ឋ និងសន្និសីទថ្នាក់កំពូលជាច្រើន។
នៅក្នុងកិច្ចប្រជុំលើកទីមួយ ថ្នាក់ដឹកនាំប្រទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ នៅខែមីនា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានលើកឡើងអំពីគំនិត នៃការកសាងមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈនៅប្រទេសឡានឆាង-មេគង្គ។
តាមរយៈលទ្ធផលនៃកិច្ចប្រជុំនេះ បានបើកផ្លូវឈានទៅកិច្ចសហប្រតិបត្តិការរវាងទីក្រុងធានជីង ដែលមានសាកលវិទ្យាល័យ Tianjin Sino-German University of Applied Sciences (TSGUAS) ជាតំណាង និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដែលមានវិទ្យាស្ថានជាតិពហុ-បច្ចេកទេសកម្ពុជាជាតំណាង បន្តសិក្សាកិច្ចការលម្អិតលើគម្រោងសាងសង់ មជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈនេះ។
បើយោងតាមរបាយការណ៍របស់ លោកនាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឡានឆាង-មេគង្គ និងរោងជាងកម្ពុជាលូនបាននេះត្រូវបានបំពាក់ដោយសម្ភារៈ បរិក្ខារ ទំនើបៗ ដែលមានតម្លៃប្រមាណ ២លានដុល្លាអាមេរិក សម្រាប់បណ្តុះបណ្តាលលើមុខជំនាញចំនួន ៣ (បី) រួមមាន:1) Mechanical Processing, 2) Electricity and 3) Telecommunication, ដែលជាអំណោយផ្ទាល់ពីសាធារណរដ្ឋប្រជាមានិតចិន។
មជ្ឈមណ្ឌលនេះនឹងដើរតួនាទីដ៏សំខាន់ក្នុង វិស័យអប់រំបណ្តុះបណ្តាល-បច្ចេកទេស និងវិជ្ជាជីវៈ និងការផ្ទេរនូវបច្ចេកវិទ្យាទំនើបឈានមុខគេដល់យុវជនកម្ពុជា ដែលនឹងចូលរួមបង្កើននូវផលិតភាពការងារ និងសមត្ថភាពរកប្រាក់ចំណូលរបស់ពួកគេ ព្រមទាំងចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាផងដែរ។
តាមផែនការដែលបានគ្រោងទុកបន្ទាប់ពីការដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលគ្រោងនឹងជ្រើសរើសសិស្ស-និស្សិត ពីបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គមកសិក្សានៅទីនេះផងដែរ៕