(ប៉េកាំង)៖ រដ្ឋាភិបាលចិន កំពុងរៀបចំផែនការដើម្បីអនុវត្តវិធានការចម្រុះប្រភេទ ដើម្បីជំរុញលើកស្ទួយវិស័យវិនិយោគរបស់ក្រុមហ៊ុនឯកជន ជាបន្តបន្ទាប់។ នេះបើយោងតាមអ្នកនាំពាក្យស្ថាប័នរៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ចិន ដែលបានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍មុន នៅឯទីក្រុងប៉េកាំង។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការអភិវឌ្ឍនិងកំណែទម្រង់ចិន អ្នកស្រី មឹង វ័យ (Meng Wei) បាននិយាយថា ចាប់តាំងពីដើមឆ្នាំនេះមក ប្រទេសចិនបានឃើញថា មានកំណើនប្រាក់វិនិយោគពីវិស័យឯកជន។ ហើយដោយអត្រាកំណើននេះ កំពុងបន្តកើនឡើងកាន់តែខ្ពស់ជាងអត្រា នៃការវិនិយោគជារួម ការវិនិយោគពីវិស័យឯកជន ក៏បានក្លាយជាកម្លាំងគាំទ្រដ៏សំខាន់មួយ សម្រាប់រក្សាឱ្យបាននូវការវិនិយោគដែលមានស្ថិរភាព។
គណៈកម្មារធិការនេះ នឹងជំរុញលើកស្ទួយដល់ការវិនិយោគពីក្រុមហ៊ុនឯកជន តាមរយៈយន្តការការងារទាំងឡាយ ដែលបានធ្វើបច្ចុប្បន្នភាពរួច ការកាត់បន្ថយឧបសគ្គដែលគេមិនបានរំពឹងទុក និងការធ្វើឱ្យការវិនិយោគ កាន់តែងាយស្រួល។ នេះបើយោងតាមអ្នកស្រី មឹង។
អ្នកស្រី មឹង វ័យ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការអភិវឌ្ឍនិងកំណែទម្រង់ចិន និយាយថា «យើងនឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីលុបបំបាត់ឧបសគ្គដែលគេមិនបានរំពឹងទុក ដែលរារាំងមិនឱ្យក្រុមហ៊ុនឯកជនបណ្តាក់ទុនទៅក្នុងវិស័យសំខាន់ៗ កាត់បន្ថយនិងលុបបំបាត់លក្ខខណ្ឌបន្ថែមទាំងឡាយណា ដែលមិនសមហេតុផល ក្នុងគ្រប់ទម្រង់ ដែលរារាំងដល់ការវិនិយោគរបស់វិស័យឯកជន។ យើងក៏នឹងលើកទឹកចិត្តឱ្យរដ្ឋាភិបាលថ្នាក់តំបន់ បង្កើនជំនួយគាំទ្រផ្នែកថវិកាជូនដល់សហគ្រាសឯកជន តាមរយៈការបង្កើតយន្ដការផ្តល់សំណងលើហានិភ័យប្រាក់កម្ចី និងការទាក់ទងគ្នាទៅវិញទៅមក រវាងធនាគារនិងអង្គភាពពន្ធដារ ក្នុងន័យជួយបង្កើនជំនួយផ្នែកថវិកា សម្រាប់ជួយដល់សហគ្រាសឯកជន»។
អ្នកស្រី វ័យ ក៏បានឱ្យដឹងដែរ ថាគណៈកម្មាធិការនេះ នឹងបង្កើតយន្តការការងារមួយ ដើម្បីលើកស្ទួយឱ្យការវិនិយោគរបស់ក្រុមហ៊ុនឯកជន អាចរីកចម្រើនបានយ៉ាងល្អ ក៏ដូចជាដើម្បីបង្កើតប្រព័ន្ធការងារមួយដែលមានការឆ្លើយឆ្លងគ្នាល្អនិងច្បាស់លាស់ សម្រាប់សិក្សានិងដោះស្រាយបញ្ហាសំខាន់ៗ។ យន្តការនេះ នឹងជួយកាត់បន្ថយបានយ៉ាងទាន់ពេលវេលា នូវបញ្ហាទាំងឡាយ ដែលកើតមានចំពោះការអភិវឌ្ឍនៃការវិនិយោគពីក្រុមហ៊ុនឯកជន។ យន្តការនេះ ក៏នឹងជួយចង្អុលបង្ហាញផ្លូវដល់ភាគីពាក់ព័ន្ធ ឱ្យសម្រេចកិច្ចការរបស់ពួកគេបានយ៉ាងល្អ លើការងារវិនិយោគរបស់វិស័យឯកជន។
ស្របពេលនេះដែរ គណៈកម្មាធិការដដែល ក៏នឹងលើកស្ទួយជាច្រើនឆ្នាំ ឱ្យក្រុមហ៊ុនឯកជន បណ្តាក់ទុនមកក្នុងគម្រោងជាច្រើន ព្រមទាំងចេញផ្សាយឱ្យបានទៀងទាត់នូវបញ្ជីគម្រោងទាំងឡាយដែលក្រុមហ៊ុនឯកជនត្រូវបានលើកទឹកចិត្តឱ្យបណ្តាក់ទុន។ បញ្ជីនោះត្រូវបានរៀបចំឡើង ដោយផ្អែកលើការអនុម័ត និង ប្រព័ន្ធត្រួតពិនិត្យតាមអនឡាញ របស់គម្រោងវិនិយោគជាតិ។ នេះបើយោងតាមអ្នកស្រី មឹង។
គម្រោងថ្មីៗដែលគណៈកម្មាធិការនេះបានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនបណ្តាក់ទុន គឺមាននៅក្នុងវិស័យដឹកជញ្ជូន ថាមពល អេកូឡូហ្ស៊ី ការពារបរិស្ថាន និងវិស័យសង្គម។ បើគិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនឯកជនបានបណ្តាក់ទុនក្នុងវិស័យទាំងនេះ អស់ចំនួនទឹកប្រាក់៣៦០ពាន់លានដុល្លារមកហើយ៕ (សារព័ត៌មាន CCTV របស់ចិន)