(កណ្តាល)៖ បន្ទាប់ពីទើបតែបានបញ្ចប់ការបំពេញបេសកកម្មជាបន្តបន្ទាប់នៅក្រៅប្រទេស មិនទាន់បានប៉ុន្មានថ្ងៃផងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា អាទិត្យក្រោយនេះពោលថ្ងៃទី១២ ដល់ ១៥ ខែវិច្ឆិកា ខាងមុខនេះ សម្តេចនឹងត្រូវអញ្ជើញចេញដំណើរទៅប្រទេសសិង្ហបុរី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានបន្តទៀតហើយ។

បើតាមប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី, សម្តេចមិនបានបញ្ជាក់ថា នឹងអញ្ជើញចេញដំណើរនៅថ្ងៃណានោះទេ ហើយចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ២០១៨ សម្តេចអាចបំពេញបេសកកម្ម នៅក្រៅប្រទេសបានចំនួន៣ដងទៀត។

សម្តេចតេជោបានបង្ហើបបែបនេះ ក្នុងឱកាសអញ្ជើញបន្តចុះជួបសំណេះសំណាល ជាមួយកម្មករនិយោជិតជាង៦៧០០នាក់​ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ។ កម្មករទាំងនោះមកពីរោងចក្រ សហគ្រាសចំនួន៤ នៅក្នុងស្រុកមុខកំពូល។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅចុងខែវិច្ឆិកា ខាងមុខនេះ សម្តេចក៏នឹងត្រូវធ្វើទស្សនកិច្ច នៅប្រទេសនេប៉ាល់ និងត្រូវចូលរួមកិច្ចប្រជុំនៅប្រទេសឡាវផងដែរ។ សម្តេចបានថ្លែង នៅចំពោះមុខកម្មករនិយោជិតជាង៦ពាន់នាក់ថា នេះហើយជាតួនាទីនិងការងារ ដែលធ្វើជានាយករដ្ឋមន្ត្រី។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ពិតហើយ ក៏សូមបញ្ជាក់ជូនក្មួយៗ និងជូនចំពោះប្រជាពលរដ្ឋទូទាំងប្រទេសឲ្យបានជ្រាបថា អាទិត្យនេះគឺមានវត្តមាននិយាយជាមួយក្មួយៗនៅទីនេះ តែអាទិត្យក្រោយនេះ​​ ត្រូវចេញទៅសាំងហ្កាពួរ ប្រជុំអាស៊ានទៀតហើយ។ នៅចេញក្រៅប្រទេសពីនេះ (ចាប់ពីថ្ងៃនេះ) ទៅដល់ចុងឆ្នាំ អាចចេញយ៉ាងតិច៣ដងទៀត»

សម្តេចបានបញ្ជាក់បន្តថា «ទី១ ទៅប្រជុំអាស៊ាននៅសាំងហ្កាពួរ​ ទី២ ត្រូវទស្សនកិច្ច នេប៉ាល់ និងការប្រជុំអន្តរជាតិនៅនេប៉ាល់ នៅចុងខែវិច្ឆិកានេះ និងទី៣​ មានទស្សនកិច្ចផ្លូវការ និងការប្រជុំនៅឯវៀងចាន់ (ប្រទេសឡាវ) និងមិនទាន់គិតការបញ្ចូលបន្ថែម អាចទស្សនកិច្ចនៅប្រទេសខ្លះទៀត។ នោះហើយ គឺជាកិច្ចការរបស់នាយករដ្ឋមន្ត្រីត្រូវធ្វើ ធ្វើការក្នុងប្រទេសផង ក្រៅប្រទេសផង»

</p