(ចិន)៖ ជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិក ដែលកំពុងកើតមាននាពេលសព្វថ្ងៃនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនចិនជាច្រើន។ ប៉ុន្តែក្រុមហ៊ុនចិនមួយចំនួន ដែលប្រកបអាជីកម្មផ្នែកផលិតសម្ភារ កំពុងបត់បែនទៅតាមកាលៈទេសៈនេះហើយ។
ដើម្បីបន្តឈរជើងក្នុងទីផ្សារ ក្រុមហ៊ុនចិនផលិតអំពូលមួយឈ្មោះថា អិលធីអេស ហ្គ្រុប (LTS Group) កំពុងកែសម្រួលអាជីវកម្មទាំងស្រុងរបស់ខ្លួនតែម្តង ដោយពិនិត្យមើលចំនួនប្រភេទផលិតផលដែលផលិត កាត់បន្ថយថ្លៃផលិត និងអភិវឌ្ឍគុណភាពផលិតផលដែលផលិតបាន។
ត្រឹមដំណាច់ឆ្នាំ២០១៨នេះ ក្រុមហ៊ុននឹងនៅសល់បុគ្គលិកតិចជាង១០០នាក់ សម្រាប់ធ្វើការ ខណៈដែលឆ្នាំមុន គេមានបុគ្គលិកប្រហែល១ពាន់នាក់។ មូលហេតុដែលចំនួនបុគ្គលិកចុះថយ គឺដោយសារតែផ្នែកផលិតកម្មរបស់ក្រុមហ៊ុន ត្រូវផ្លាស់ប្តូរទីតាំង ទៅកាន់ប្រទេសផ្សេងវិញ ដូចជាទៅកាន់ប្រទេសវៀតណាមជាដើម។
លោក ម៉ៃខល លូ អនុប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន LTS Group និយាយថា «អញ្ជឹង អ្វីដែលយើងឃើញនេះ គឺគ្រាន់តែជាការផ្លាស់ប្តូរប៉ុណ្ណោះ។ ត្រឹមដំណាច់ឆ្នាំនេះ យើងគ្រោងថានឹងផ្លាស់ប្តូរគ្រប់យ៉ាង ដោយងាកទៅប្រើប្រព័ន្ធផលិតស្វ័យប្រវត្តិវិញ»។
ក្រុមហ៊ុននឹងរក្សាស្នាក់ការធំឱ្យនៅទីក្រុងសិនជិនដដែល ដែលជាទីក្រុងប្រមូលផ្តុំក្រុមហ៊ុនបច្ចេកវិទ្យាប្រចាំប្រទេសចិន។ ការសម្រេចថា ប្តូររោងចក្រផលិតទៅបរទេសវិញនេះ បានធ្វើឡើងកាលពី៦ខែមុន នៅគ្រាដែលជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិក បានចាប់ផ្តើម។
លោក ម៉ៃខល លូ អនុប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន LTS Group និយាយថា «យើងត្រូវតែធ្វើបែបនេះ ដើម្បីឱ្យក្រុមហ៊ុនរបស់យើង អាចបន្តឈរជើងក្នុងទីផ្សារបាន។ សម្រាប់ពួកយើង កិច្ចការដំបូងដែលយើងបានសម្រេចថានឹងធ្វើ គឺត្រូវផ្លាស់ប្តូរ ត្រូវពន្លឿនការផ្លាស់ប្តូររបស់យើង ពីការផលិតសម្ភារដោយផ្អែកលើបុគ្គលិកដោយផ្តល់ប្រាក់ខែទាប មកជាការផលិតដែលផ្អែកលើរចនាបទ គុណតម្លៃខ្ពស់ និងផ្តោតសកម្មភាពវិញ»។
លោក ម៉ៃខល លូ និយាយទៀតថា «ខ្ញុំគិតថា បើយើងមើលជារួមទៅ វាគឺជារឿងល្អសម្រាប់ប្រទេសចិនទៅវិញទេ ពីព្រោះនៅពេលដែលយើងធ្វើបែបនេះ យើងកំពុងបោះជំហានឡើងលើ មួយកម្រិតទៀត នៅក្នុងប្រព័ន្ធបន្ថែមតម្លៃ។ កត្តានេះនឹងបង្ខំឱ្យយើងកាន់តែខំប្រឹង។ ក្រុមហ៊ុនទាំងឡាយដែលអាចស៊ូនឹងស្ថានភាពនេះរួច នឹងមានសមត្ថភាពពូកែស្មើនឹងក្រុមហ៊ុននៅលោកខាងលិចដែរ»។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតំបន់ជ្រោយទន្លេគុជ បានក្លាយជាបណ្តុំក្រុមហ៊ុនផលិតសម្ភារ។ ហើយឥឡូវ តំបន់នេះកំពុងស្វែងរកវិធីដើម្បីបោះជំហានឡើងលើមួយកម្រិតទៀត នៅក្នុងប្រព័ន្ធបន្ថែមតម្លៃ។
លោក ហួរ ជាំងគ័រ អតីតប្រធានបណ្ឌិតសភា សហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិចិន និយាយថា «នៅពេលប្រឈមនឹងសំពាធពីខាងក្រៅ យើងត្រូវតែរក្សាភាពរឹងមាំនៅលើទីផ្សាររបស់ក្រុមហ៊ុនចិន ពីព្រោះទំហំប្រាក់ចំណេញនៃអាជីវកម្មនីមួយៗ មានកម្រិតខុសគ្នា ទៅតាមប្រភេទទំនិញ និងសេវាកម្មដែលគេផ្តល់ជូន។ វិស័យព័ត៌មានវិទ្យានិងបច្ចេកវិទ្យាទំនើបៗ មានកម្រិតប្រាក់ចំណេញខ្ពស់ ហើយអាចស៊ូនឹងហានិភ័យបានល្អ។ ប៉ុន្តែក្រុមហ៊ុនទាំងនេះ ក៏ត្រូវត្រៀមខ្លួនទុកជាមុន ដើម្បីទប់ទល់នឹងឥទ្ធិពលមិនល្អ ដែលអូសបន្លាយពេលយូរ»៕ (សារព័ត៌មាន CCTV របស់ចិន)