(ចិន)៖ នៅក្នុងពិព័រណ៍នាំចូលអន្តរជាតិចិនដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ គេរំពឹងថា នឹងមានផលិតផលថ្មីៗជាង៥ពាន់មុខ មកតាំងបង្ហាញ។

ពិព័រណ៍នាំចូលអន្តរជាតិចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ទី១០ វិច្ឆិកា នៅទីក្រុងសៀងហៃ នឹងជួយឱ្យប្រទេសទាំងឡាយ អាចបង្ហាញផលិតផលរបស់ខ្លួនទៅកាន់អតិថិជន។ ពិព័រណ៍នេះ ក៏ដើរតួជាវេទិកាបើកទូលាយមួយ សម្រាប់ឱ្យក្រុមហ៊ុនបរទេសទាំងឡាយ អាចធ្វើសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មអន្តរជាតិផងដែរ។ នេះបើយោងតាមលោក ហ្វ៊ូ ជឺយីង ដែលជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ដែលបានថ្លែងនៅក្នុងសន្និសិតសារព័ត៌មានមួយ នាទីក្រុងប៉េកាំង កាលពីថ្ងៃច័ន្ទ។

ផលិតផលដែលតាំងបង្ហាញ មានចាប់ពីផលិតផលកសិកម្ម និងចំនីអាហារដែលមានគុណភាពខ្ពស់ រហូតដល់ផលិតផលឱសថទំនើបៗ និងថ្នាំការពារជំងឺមហារីកថ្មីៗផងដែរ។

លោក ហ្វ៊ូ ជឺយីង អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និងអ្នកតំណាងផ្នែកពាណិជ្ជកម្មអន្តរជាតិចិន និយាយថា «ផលិតផលថ្មីៗ បច្ចេកវិទ្យាថ្មីៗ និងផលិតផលដែលមានគុណភាពខ្ពស់ មកពីទូទាំងពិភពលោក នឹងត្រូវបានយកមកតាំងបង្ហាញនៅក្នុងពិព័រណ៍នេះ។ វានឹងក្លាយជាការតាំងពិព័រណ៍ដ៏ធំបំផុតរបស់ប្រទេសចិន បើគិតទៅលើបរិមាណនិងតម្លៃនៃផលិតផលដែលនាំចូល។ ពិព័រណ៍នាំចូលនេះ នឹងជួយឱ្យបរទេសអាចទាញយកអត្ថប្រយោជន៍ ពីការអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់ប្រទេសចិន ព្រមទាំងជួយបង្កើតវេទិកាសាធារណៈមួយ សម្រាប់ឱ្យគេធ្វើសហប្រតិបត្តិការ ផ្នែកពាណិជ្ជកម្មជាមួយប្រទេសដទៃទៀតផងដែរ»

លោកអនុរដ្ឋមន្ត្រីបានបន្ថែមថា ប្រទេសនិងអង្គការអន្តរជាតិសរុបចំនួន៨២ នឹងមកតាំងបង្ហាញផលិតផល ដែលជាស្នាដៃដែលពួកគេផលិតបាន នៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមជាមួយនឹងផលិតផលនៅតាមតូបចំនួន៧១កន្លែងទៀត ដែលលាតសន្ធឹងលើផ្ទៃដីទំហំជិត៣ម៉ឺនម៉ែតការ៉េ។ ក្នុងនោះ ជាង៣ពាន់ក្រុមហ៊ុនមកពីជាង១៣០ប្រទេស បានបញ្ជាក់ថាពួកគេនឹងមកចូលរួមតាំងបង្ហាញផលិតផលក្នុងពិព័រណ៍នេះ។

លោក ហ្វ៊ូ ជឺយីង ថ្លែងថា «ពិព័រណ៍នេះ នឹងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំអង្គការអន្តរជាតិ សហគ្រិនល្បីៗ និងបញ្ញាវ័នជាង២ពាន់នាក់ មកពីជាង១៣០ប្រទេសនិងតំបន់»៕ (សារព័ត៌មាន CCTV របស់ចិន)