(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ បានទទួលជួបពិភាក្សាការងារជាមួយលោក Phillippe BAUDRY ទីប្រឹក្សាសេដ្ឋកិច្ចនៃស្ថានទូតបារាំង ប្រចាំនៅកម្ពុជា ។
នាកិច្ចជំនួបពិភាក្សានេះ, អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោក Phillippe BAUDRY ក្នុងឱកាសដែលលោកទើប នឹងត្រូវបានតែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា។
ជាមួយគ្នានេះ, លោក Phillippe BAUDRY បានវាយតម្លៃខ្ពស់ និងអបអរសារទរ ចំពោះការអភិវឌ្ឍ និងការរីកចម្រើនលឿនរបស់កម្ពុជា ក្នុងបរិការណ៍បច្ចុប្បន្ន ជាពិសេសចំពោះកំណើនសេដ្ឋកិច្ចខ្ពស់ ដែលជាមធ្យមជាង៧% ដែលនាំឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ច រីកចម្រើនលឿននៅលើពិភពលោក។
អគ្គបណ្ឌិតសភាចារ្យក៏បានជម្រាបថា តាមការព្យាករណ៍ ក្នុងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៩ ខាងមុខនេះ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងបន្តសម្រេចបានក្នុងអត្រា៧.១% ដែលប្រហាក់ប្រហែលនឹងកំណើនឆ្នាំ២០១៨នេះ។ កំណើននេះ ត្រូវបានទ្រទ្រង់ដោយវិស័យសំខាន់ៗបីគឺ៖
១៖ កំណើននៃវិស័យ ឧស្សហកម្ម នៅបន្តរក្សាភាពរឹងមាំ ក្នុងអត្រាកំណើនប្រចាំឆ្នាំក្នុងរង្វង់១០% ដែលមានជាអាទិ៍សំខាន់ៗដូចជា វិស័យសំណង់, វិស័យកាត់ដេរ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ ទាំងសម្រាប់ការនាំចេញ និងបម្រើក្នុងស្រុកជាដើម។ល។,
២៖ វិស័យសេវាកម្ម នៅបន្តកំណើនក្នុងអត្រា៧% និង
៣៖ វិស័យកសិកម្ម ដែលអាចសម្រេចបាន កំណើនក្នុងរង្វង់១.៨%។
ជាមួយគ្នានេះ, ផ្អែកតាមការព្យាករណ៍ អត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំត្រូវប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា៣.១% សម្រាប់ឆ្នាំ២០១៩ ។ ជារួម, ផ្អែកតាមសួចនាករម៉ាក្រូសេដ្ឋកិច្ចកម្ពុជា នៅតែអាចបន្តសម្រេចបាននូវកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧% ទៅ៧.២% ក្នុងមួយឆ្នាំ នៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។
លោក Phillippe BAUDRY ក៏បានគូសបញ្ជាក់ថា នឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់គោលនយោបាយ និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយព្រមទាំងសន្យាថា នឹងប្រឹងប្រែងចែករំលែកនូវបទពិសោធន៍នានាពីឆាកអន្តរជាតិ បន្តការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស ដើម្បី ជួយជំរុញដល់ការអភិវឌ្ឍ និងវិនិយោគទាំងលើវិស័យសាធារណៈ ក៏ដូចជា វិស័យឯកជនឲ្យកាន់តែរីកចំរើនបន្ថែមទៀត នៅកម្ពុជា ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សូមថ្លែងអំណរគុណដល់លោក Phillippe BAUDRYចំពោះស្មារតីនៃកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលបារាំង និងបានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ទាំងកម្រិតនយោបាយ និងបច្ចេកទេស ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និតជាមួយរដ្ឋាភិបាលបារាំង ហើយសង្ឃឹមថា តាមរយៈបេសកកម្មការងាររបស់លោក Phillippe BAUDRY រដ្ឋាភិបាលទាំងពីរកម្ពុជា-បារាំង នឹងពង្រឹងបានថែមទៀត នូវទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជាច្រើនទៀត និងសូមជូនពរលោក Phillippe BAUDRY ទទួលបានជោគជ័យ ក្នុងការបំពេញភារកិច្ចនៅកម្ពុជា៕