(ភ្នំពេញ)៖ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរាណ៍ បានបញ្ជាក់ថា បច្ចុប្បន្នថ្នាំជក់សម្លាប់មនុស្សប្រមាណ៦លាននាក់ នៅទូទាំងពិភពលោក ក្នុងមួយឆ្នាំ ដែលគិតជាមធ្យមប្រមាណ១៦,៤៣៨នាក់ក្នុងមួយថ្ងៃ ក្នុងនោះមានអ្នកស្រូបផ្សែងបារី ពីអ្នកជក់ដោយមិនដឹងខ្លួន មានចំនួន៦សែននាក់។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ ក្រសួងទេសចរណ៍រូបនេះ បានធ្វើឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាស ដែលលោកបានអញ្ជើញចូលរួម ក្នុងកម្មវិធីប្រកួតនិយាយជាសាធារណៈវគ្គផ្ដាច់ព្រ័ត «ការអនុវត្តបរិស្ថានគ្មានផ្សេងបារី»។
លោក ហោ សារុន បានបញ្ជាក់យ៉ាងដូច្នេះ៖ «បច្ចុប្បន្នថ្នាំជក់សម្លាប់មនុស្សប្រមាណ៦លាននាក់ នៅទូទាំងពិភពលោក ក្នុងមួយឆ្នាំ ដែលគិតជាមធ្យមប្រមាណ១៦.៤៣៨នាក់ ក្នុងមួយថ្ងៃ ក្នុងនោះមានអ្នកស្រូបផ្សែងបារី ពីគេចំនួន៦សែននាក់»។
លោកបានបន្តថា ប្រសិនបើគ្មានវិធានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពទេ នៅឆ្នាំ២០៣០ខាងមុខ ថ្នាំជក់អាចនឹងសម្លាប់មនុស្ស៨លាននាក់ ក្នុង១ឆ្នាំ ដូច្នេះ៨០% នៃអ្នកស្លាប់ គឺស្ថិតនៅបណ្ដាប្រទេស កំពុងអភិវឌ្ឍន៍។ អ្នកស្លាប់ទាំងនោះ គឺបណ្ដាលមកពីជំងឺមហារីសួត ដាច់សរសៃឈាមខួរក្បាល មហារីកមាត់ គាំងបេះដូង ក្រិនសរសៃឈាម មហារីកក្រពះជាដើម។
លោកថា ចំពោះស្ដ្រីដែលមានគភ៌ ក៏អាចធ្វើឱ្យទារកកើតមកខ្វះទម្ងន់ និងមានរាងមិនគ្រប់លក្ខណៈផងដែរ។
នាយកប្រតិបត្តិ នៃអង្គការចលនា ដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ បានបង្ហាញឱ្យដឹងថា ការប្រកួតនិយាយជាសាធារណៈ ស្ដីពីបរិស្ថានគ្មានផ្សែងបារីនេះ ចែកចេញជាបីដំណាក់កាល រួមមាន ដំណាក់កាទី១ គឺជាការប្រឡងដោយសរសេរអត្ថបទ យ៉ាងច្រើនបីទំព័រ, ដំណាក់កាលទី២ ជាការឡើងនិយាយជាសាធារណៈ និងដំណាក់កាលទី៣ គឺជាការប្រឡងវគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវជំរុះយកជ័យលាភីតែ៣នាក់ តែប៉ុណ្ណោះ។
សូមរំលឹកថា បច្ចុប្បន្ននេះ ទោះបីជាច្បាប់ ស្តីពី ការត្រួតពិនិត្យថ្នាំជក់ ដែលមានគោលដៅ ហាមឃាត់គ្រប់ទម្រង់ មិនឱ្យផ្សាយពាណិជ្ជកម្ម លទ្ធផលថ្នាំជក់ បានចូលជាធរមាន តាំងពី ឆ្នាំ២០១៥មក ប៉ុន្តែសកម្មភាព នៃការឃោសនា ក៏ដូចជាផ្សព្វផ្សាយនៅ តាមភោជនីយដ្ឋាន និងហាងកាហ្វេនានា នៅទូទាំងប្រទេស នៅតែកើតមានឡើងជាដដែល ដោយក្រុមហ៊ុនថ្នាំជក់ទាំងនោះ គ្មានកោតខ្លាចញញើតអ្វីឡើយ ហើយវិធានការផាកពិន័យវិញ ត្រូវបាននាយកប្រតិបត្តិនៃអង្គការចលនា ដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ អះអាងថា គឺមិនទាន់មានការចាប់ផ្តើម នៅឡើយទេ៕