(ភ្នំពេញ)៖ ក្រុមនិយោជកចម្ការកៅស៊ូវៀតណាមនៅកម្ពុជា បានបង្ហាញការព្រួយបារម្ភពីការអនុវត្តច្បាប់ការងារ និងលិខិតបទដ្ឋានគតិយុត្តនានា ចំពោះកម្មករចម្ការកៅស៊ូនៅកម្ពុជា ស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយមានការប្រែប្រួលការអនុវត្តមួយចំនួន។
ឆ្លើយតបនឹងការព្រួយបារម្ភនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានអះអាងប្រាប់ក្រុមនិយោជកចម្ការកៅស៊ូវៀតណាមនៅកម្ពុជាថា ការអនុវត្តច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្តនានា ចំពោះកម្មករក្នុងចម្ការកៅស៊ូនៅប្រទេសកម្ពុជា គឺស្របទៅនឹងការអនុវត្តចំពោះកម្មករនិយោជិតក្នុងរោងចក្រ សហគ្រាសដូចគ្នាដែរ។
ការពន្យល់បំភ្លឺបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី អ៉ិត សំហេង ទទួលជួបពិភាក្សាការងារជាមួយលោក ជឿង មិញជុង (TRUONG MINH TRUNG) នាយករងសម្ពន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រោយបញ្ចប់កិច្ចពិភាក្សាខាងលើ លោក ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា បន្ទាប់ពីភាគីវៀតណាមបង្ហាញការព្រួយបារម្ភខាងលើនោះរួចមក លោករដ្ឋមន្ត្រី អ៉ិត សំហេង បានអះអាងតបវិញថា ការអនុវត្តច្បាប់នាពេលបច្ចុប្បន្ននៅកម្ពុជា គឺគ្របដណ្ដប់ទាំងអស់ មិនថានៅក្នុងរោចងចក្រ ឬនៅក្នុងចម្ការកៅស៊ូនោះទេ ដូចជាការបើកប្រាក់ខែ២ដងក្នុងមួយខែ បើកប្រាក់អតីតភាព២ដងក្នុងមួយឆ្នាំ ការអនុវត្តការងារពាក់ព័ន្ធនឹងបេឡាជាតិរបបសន្តិសុខសង្គម ការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗទៀត។
រដ្ឋមន្ត្រីក្រសួងការងារ បានសង្កត់ធ្ងន់ថា ការប្រែប្រួលនូវការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានានេះ គឺធ្វើឡើងដើម្បីការពារផលប្រយោជន៍របស់កម្មករនិយោជិត និងការបង្កើនផលិតភាពការងារនៅតាមមូលដ្ឋានការងារឱ្យកាន់តែខ្ពស់។
ក្រោយពីទទួលបានការបកស្រាយពីសំណាក់លោករដ្ឋមន្ត្រី អ៉ិត សំហេង រួចមក តំណាងភាគីនិយោជកចម្ការកៅស៊ូវៀតណាមនៅកម្ពុជា ហាក់រសាយនូវក្ដីកង្វល់ ហើយបានជម្រាបបន្ថែមថា ប្រសិនបើមានបញ្ហាអ្វីផ្សេងទៀតពាក់ព័ន្ធវិស័យការងារនេះ ភាគីវៀតណាមនឹងទាក់ទងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្ទាល់។
លើសពីនេះ តំណាងនិយោជកចម្ការកៅស៊ូវៀតណាមនៅកម្ពុជា លោក ជឿង មិញជុង ក៏បានជម្រាបជូនលោករដ្ឋមន្ត្រី អ៉ិត សំហេង ដែរថា សមាគមចម្ការកៅស៊ូវៀតណាមនៅកម្ពុជា នឹងរៀបចំឱ្យសមាគមរបស់គេឱ្យស្របច្បាប់ពេញលេញ ពិសេសគឺការរៀបចំបែបបទចុះបញ្ជីនៅក្រសួងការងារ ដើម្បីងាយស្រួលក្នុងការអនុវត្តច្បាប់ជាមួយភាគីកម្ពុជា៕