(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា លោកបានជួបពិភាក្សាការងារ ជាមួយក្រុមជំនាញ នៃអង្គការប្រឆាំងការជួញដូរសុនខនៅកម្ពុជា ក្នុងគោលបំណងដើម្បីប្រឆាំងការជួញដូរ និងហូបសាច់សុនខនៅកម្ពុជា។
បើតាមលោក ហេង រតនា អង្គការប្រឆាំងការជួញដូរសុនខនៅកម្ពុជានេះ បានបំពេញការងារនៅកម្ពុជា ដើម្បីជួយផ្សព្វផ្សាយ ការប្រមូលសុនខអនាថា និងជួយព្យាបាលសុនខតាមទីវត្តអារាមជាដើម ព្រមទាំងជួយគិតគូរឲ្យអ្នករកស៊ីលក់សាច់សុនខ ប្តូរមុខរបរថ្មីជាដើម។
តាមរយៈ Facebook ផ្លូវការ លោក ហេង រតនា បានគូសបញ្ជាក់ថា ស្ថានភាពការជួញដូរ និងហូបសាច់សុនខកម្ពុជា អាចបង្កឲ្យមានបញ្ហា៤សំខាន់ៗ រួមមាន៖
ទី១៖ បាត់បង់វប្បធម៌ទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អរបស់ប្រជាជនខែ្មរ ដែលផ្តាំតកូនចៅដោយហាមមិនឲ្យបរិភោគសាច់សុនខឡើយ រហូតដល់យល់ថា ជាទង្វើនាំឲ្យចង្រៃដល់ខ្លួនឯង និងគ្រួសារ។ បើគ្មានវិធានការទេ ប្រពៃណី និងវប្បធម៌ដ៏ប្រពៃថ្លៃថ្នូរនេះ នឹងរលាយសាបសូន្យមិនខានឡើយ។
ទី២៖ ការបង្កអំពើចោរកម្ម និងបង្កបទល្មើសផេ្សងៗក្នុងសង្គម រួមទាំងទង្វើកាចសាហាវបង្កហិង្សាក្នុងគ្រួសារ។
ទី៣៖ មានផលប៉ះពាល់ដល់សុខភាពសាធារណៈ មានប្រភេទជំងឺឆ្លងផងដែរ (នេះបើយោងតាមការវាយតំលៃ មន្ត្រីជំនាញសុខភាពមកពីប្រទេសអូស្ត្រាលី ហើយអង្គភាពស៊ីម៉ាក់ នឹងសហការរយៈ២ឆ្នាំ២០១៩-២០២០ ជាមួយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យមែលប៊ន ដើម្បីតាមដានជំងឺសុនខ នៃអង្គភាពស៊ីម៉ាក់)
ទី៤៖ ភាពអសីលម៌ចំពោះគុណបំណាច់សុនខបម្រើមនុស្សជាតិ ជាពិសេសសុនខហិតមីន សុនខសន្តិសុខ (សម្រាប់សន្តិសុខគ្រួសារ និងសាធារណៈ) សុនខប្រឆាំងភេវរកម្ម សុនខប្រឆាំងគ្រឿងញៀន សុនខការពារព្រំដែនជាដើម។
បន្ថែមពីនេះ អគ្គនាយកស៊ីម៉ាក់ ក៏បានអំពាវនាវផងដែរថា ពេលនេះជាពេលវេលាយ៉ាងសមស្របសម្រាប់ប្រជាជនកម្ពុជា និងអ្នកអនុវត្តច្បាប់អាចចូលរួមលុបបំបាត់ភាពអសកម្មក្នុងសង្គមខែ្មរ និងរួមគ្នាលើកកម្ពស់ប្រពៃណី និងសីលធម៌សង្គមខែ្មរ៕