(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា សព្វថ្ងៃបើពិនិត្យមើលអំពីនិន្នាការយុវជនខ្មែរ ក្នុងការចូលរួមសកម្មភាពគំាទ្របក្សនយោបាយ គឺជាជំហរភាពវិជ្ជមានមួយ របស់យុវជនហើយ។ប៉ុន្ដែទន្ទឹមនឹងនេះដែរ ចំពោះសកម្មភាពរបស់យុវជនទំាងនេះ ក៏អាចឲ្យស្មារតីផ្សះផ្សាជាតិកាន់តែឃ្លាតឆ្ងាយផងដែរ ប្រសិនបើយុវជនខ្លះនំាគ្នាប្រកាន់ជំហរ បែបជ្រុលនិយម ដោយយល់ថាគ្មានភាគីបក្សនយោបាយណាល្អជាងក្រុមខ្លួន ឬអស្ចារ្យជាងបក្សខ្លួននោះ។ បានន័យថា «បើយុវជនណាមានទស្សនបែបជាតិនិយមដោយអះអាង ឬទាមទារយកគុណសម្បត្ដិតែឯង ឬក្រុមខ្លួនតែឯងនោះ គឺជាចំណុចចាប់ផ្ដើមនៃការបែកបាក់ជាតិ»

ចំពោះមូលហេតុទង្វើនឹងការគិតបណ្ដាឲ្យបែកបាក់ជាតិបែបនោះ គឺមិនថាសង្គមជាតិណា ឬជាតិសាសន៍ណានោះទេ។ ពីព្រោះទស្សនបែបនេះ បានធ្វើឲ្យបាត់បង់នូវស្មារតីបង្រួបបង្រួមជាតិ, ស្មារតីរស់នៅក្នុងសង្គមតែមួយក្នុងនាមបងប្អូនជាពូជសាសន៍តែមួយ, បាត់ស្មារតីស្វែងរកហេតុនិងផល, បាត់បង់គោលការណ៍កណ្ដាលនិយម ពិសេសបាត់បង់នូវការគោរព និងផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក រហូតឈានដល់ការបាត់បង់ទំនប់ចិត្ដចំពោះគ្នានិងគ្នាទៀតផង។ ដែលកត្ដាទំាងអស់នេះ ជាបញ្ហាធ្វើឲ្យពិបាកក្នុងការផ្សះផ្សាជាតិខ្លំាងណាស់ នៅពេលបុគ្គលម្នាក់ៗបង្កើតការគិតអវិជ្ជមាន, បង្កើតនូវការសង្ស័យ, ការស្មាននិងការវាយតម្លៃគ្នាដោយគ្មានអ្វីជាមូលដ្ឋានច្បាស់លាស់នោះ។

លោក រត្ន័ សណ្ដាប់ បន្ដថាបើដូច្នេះដើម្បីដោះស្រាយបញ្ហាទំាងនេះ វិធីគឺយុវជនខ្មែរត្រូវមានទស្សនជាតិនិយម ដោយរក្សាកេរ្ដិ៍ឈ្មោះក្នុងនាមជាយុវជនស្អាតស្អំ តាមមាគ៌ាកណ្ដាលនិយម បែបព្រះពុទ្ធសាសនា ដោយប្រកាន់ជំហរហេតុនិងផល ឃើញខុសថាខុស ឃើញត្រូវថាត្រូវ ពិសេសត្រូវនំាគ្នាទប់ចិត្ដខ្លួនឯងឲ្យបាននូវចេតនាជ្រុលនិយម។ ដោយក្នុងនោះ ត្រូវចាប់ផ្ដើមទ្បើងវិញពីបេសកកម្មបណ្ដុះស្មារតីជាតិ ស្មារតីសាសនា ស្មារតីគ្រួសារដោយព្យាយាមអំណត់អត់ធ្មត់ ចូលរួមចំណែករៀបចំសង្គមផ្សះផ្សាជាតិខ្មែរតែមួយ ដោយចាត់ទុកខ្មែរគឺជាសាច់សាលោហិតឈាមតែមួយ។ បើដូច្នេះ«បើយុវជនខ្មែរមានទស្សនជាតិនិយមបែបនេះទើបជាមូលដ្ឋាននំាទៅដល់ស្មារតីជ្រោងជាតិឲ្យខ្លំាងក្លាបានរឹងមំា»៕