(វ៉ាស៊ីនតោន)៖ កូនប្រុសរបស់​អ្នកកាសែត លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) បានអំពាវនាវឱ្យមានការប្រគល់​សាកសពឪពុកខ្លួន ត្រឡប់មកវិញ ដើម្បីយកទៅបញ្ចុះ​ក្នុងប្រទេស​អារ៉ាប៊ីសាអូឌីត ជាទឹកដីកំណើត។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងបទ​សម្ភាសន៍​ជាមួយ CNN កាលពីថ្ងៃអាទិត្យ កូនប្រុស​លោក Khashoggi គឺលោក សាឡាហ៍ (Salah) និងលោក អាប់ឌុលឡាហ៍ ខាសហូកជី (Abdullah Khashoggi) បានលើកឡើង​យ៉ាងដូច្នេះថា «វាមិនមែនជា​ស្ថានភាពធម្មតា​នោះទេ ហើយអំពើឃាតកម្មនេះ ​ក៏មិនមែនជារឿង​ធម្មតាដែរ... ប៉ុន្តែអ្វីដែល​យើងចង់បាននៅ​ពេលនេះ គឺចង់បញ្ចុះ​សពគាត់ (លោក Khashoggi) នៅឯទីបញ្ចុះ​សព អាល់បាគី (Al-Baqi) ក្នុងទីក្រុង មេឌីណា (Medina) ប្រទេសអារ៉ាប៊ីសាអូឌីត»។ លោក Salah Khashoggi បានបន្ថែមថា លោកបានពិភាក្សា​ពីរឿងជាមួយអាជ្ញាធរ​ទីក្រុង​រីយ៉ាដរួចហើយ ដូច្នេះលោក​សង្ឃឹមថា សាកសពឪពុកលោក​នឹងត្រូវប្រគល់មកវិញ​ក្នុងពេល​ឆាប់នេះ។

គួរបញ្ជាក់ថា លោក Jamal Khashoggi ជាអ្នករិះគន់លើគោលនយោបាយ​របស់រដ្ឋាភិបាល​​ទីក្រុងរីយ៉ាដ និងជាអ្នកកាសែត​ម្នាក់​មកពី​សារព័ត៌មានអាមេរិក Washington Post ត្រូវបានគេរាយការណ៍ថា ត្រូវបានគេសម្លាប់នៅ​ក្រោយចូលស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌិត ប្រចាំទីក្រុង​អ៉ីស្ដង់ប៊ូល ប្រទេសតួគកីកាលពីថ្ងៃទី០២ ខែតុលា។

ប៉ុន្តែមកទល់​នឹងពេលនេះ គេមិនទាន់ដឹងថា សាកសពរបស់​លោកនៅទីណា​នោះទេ ខណៈព្រះមហាក្សត្រ​សាល់ម៉ាន់ សន្យាថា នឹងចាប់អ្នកទទួល​ខុសត្រូវ ឬអ្នកមានជាប់ពាក់ព័ន្ធ​នឹងអំពើ ឃាតកម្មមកកាត់​ទោសតាម​ផ្លូវច្បាប់ ទោះបីជាតួកគីវិញ​ធ្លាប់បានអះអាងថា សាកសពរបស់លោក Khashoggi ត្រូវគេកាប់​ខ្ទេចខ្ទីទាំងកង់ៗ​ហើយ​យកទៅបោះចោល​បាត់ហើយ​ក៏ដោយ៕