(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា បានបញ្ជាក់ថា ក្នុងពេលជួបប្រជុំជាមួយរូបលោក នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា មិនបានលើកយកប្រធានបទ លោក កឹម សុខា មកពិភាក្សានោះឡើយ។
លោក កែវ រ៉េមី បាននិយាយថា ក្នុងជំនួបនោះ អ្នកស្រីបានស្នើឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា យកចិត្តទុកដាក់ពិនិត្យ ទៅលើការធ្វើវិសោធនកម្មច្បាប់ផ្សេងៗ របស់ក្រសួង-ស្ថាប័ន ដើម្បីកុំឱ្យមានការប៉ះពាល់ ទៅលើការរំលោភសិទ្ធិមនុស្សផ្សេងៗ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «គាត់អត់មានលើក (ករណី លោក កឹម សុខា)ទេ ក៏ប៉ុន្តែបងបានជម្រាបជូនគាត់វិញថា ករណីដែលលោក កឹម សុខា មកនៅក្នុងផ្ទះគឺជាការប្រសើរមែនទែន [....] គណៈកម្មាធិការសិទ្ធិមនុស្សយើងខ្ញុំអបអរសប្បាយចិត្ត ដោយសារតែសុខភាពគាត់មិនល្អ ចឹងតាមការស្នើសុំ និងតាមឆន្ទានុសិទ្ធិរបស់ចៅក្រម គេអនុញ្ញាតឱ្យមកនៅក្នុងផ្ទះវាជាការប្រសើរដែលទទួល បានការថែទាំពីក្រុមគ្រួសារ។ ដោយសារតែជំងឺរបស់គាត់ ខ្ញុំថានេះជាចំណុចមួយសំខាន់ ក្នុងការគោរពសិទ្ធិមនុស្សហើយ»។
លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាព ជាមួយបរទេស។ លោក កឹម សុខា ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាលពីទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីជាប់ពន្ធនាគារជាង១ឆ្នាំ។
លោក កែវ រ៉េមី បានបន្ថែមទៀតថា ការជជែកពិភាក្សាការងារជាមួយលោកស្រី រ៉ូណា ស្មីត រយៈពេលជិត១ម៉ោងនេះ គឺមានភាពល្អប្រសើរមិនមានបញ្ហាអ្វីមួយខ្វែងគំនិតគ្នានោះទេ។ ប៉ុន្តែលោកស្រីជំរុញឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្តចុះពិនិត្យនៅតាមពន្ធនាគារផ្សេងៗទៀត ដើម្បីតាមដានពីស្ថានភាពរបស់គាត់នៅទីនោះផងដែរ។
លោកស្រី រ៉ូណា ស្មីត បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ច រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ច រយៈពេល១១ថ្ងៃនេះ អ្នកជំនាញរូបនេះ បានស្នើជួបប្រជុំជាមួយមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានាផងដែរ៕