(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលជួបលោក ផាន់យ៉ារ៉ាក់ ភូលថាប់ ក្នុងឱកាសដែលលោកត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាក្រកម្ពុជា។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍កែ គឹមយ៉ាន បានុស្វាគមន៍ និងបានលើកយកពីការគាំទ្រយ៉ាងពេញលេញ ពីភាគីដល់ការស្វែងរកសន្តិភាពរបស់កម្ពុជា និងក្រោយកម្ពុជាទទួលបាននូវសន្តិភាព នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស តែកម្ពុជានៅតែមិនអាចខ្វះបាន នូវកិច្ចសហការពីភាគីមិត្ត ក្នុងនាមជាប្រទេសជិតខាងជាបងប្អូន ដែលមានទំនាក់ទំនងជាមួយគ្នាលើគ្រប់វិស័យជាយូរលង់ណាស់មកហើយ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍កែ គឹមយ៉ាន ក៏បានមានជម្រាបជូនភ្ញៀវផងដែរ ពីលទ្ធផលកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន កម្ពុជា-ថៃ នាពេលកន្លងមកដូចជា មានជាអាទិ៍៖
*ទី១៖ ភាគីថៃបានជួយបណ្តុះបណ្តាលមន្រ្តីជំនាញ និងជួយកសាងមជ្ឈមណ្ឌលព្យាបាលលើថវិកាគាំទ្រជាង៥២លានបាត ពីឆ្នាំ២០១៤-២០១៨ (នៅឆ្នាំ២០១៧ បានជួយកសាងមជ្ឈមណ្ឌលព្យាបាលនៅខេត្តព្រះសីហនុ លើថវិកាជាង៤០លានបាត)
*ទី២៖ ជួយពង្រឹងសមត្ថភាពអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្តល់សម្ភារបច្ចេកទេសដល់មន្ទីរពិសោធន៍គ្រឿងញៀន
*ទី៣៖ ពង្រឹងដំណើរការការិយាល័យទំនាក់ទំនងព្រំដែន BLOក្នុងគោលដៅទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន។
ជាមួយនឹងលទ្ធផលខាងលើ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានជម្រាបជូនភ្ញៀវពីសភាពការណ៍គ្រឿងញៀនទាំងក្នុងក្របខ័ណ្ឌ អនុតំបន់ តំបន់ ពិភពលោក និងនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែង តស៊ូប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់សមត្ថកិច្ចក្រោមការគាំទ្រ ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ រយ:ពេល១១ខែចុងក្រោយនេះ ដោយបានធ្វើការបង្រ្កាបការជួញដូរគ្រឿងញៀន ជាច្រើនករណី ដកហូតបាននូវវត្ថុតាង និងមធ្យោបាយបម្រើដល់សកម្មភាពជួញដូរបានយ៉ាងច្រើនផងដែរ។
ទន្ទឹមនឹងនេះ សំដៅធានាប្រសិទ្ធភាពលើការងារត្រួតពិនិត្យគ្រឿងញៀន នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានស្នើសុំការជួយពីភាគីថៃ ដូចខាងក្រោម៖
*ទី១៖ ជួយពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀន ពង្រឹងសមត្ថភាព មន្រ្តីការិយាល័យទំនាក់ទំនងព្រំដែន BLO និងការអនុវត្តផែនការភូមិសគ្មានគ្រឿងញៀនសំដៅទប់ស្កាត់ការចរាចរណ៍ គ្រឿងញៀនឆ្លងកាត់ព្រំដែន ចំពោះការអនុវត្តផែនការភូមិសគ្មានគ្រឿងញៀនកម្ពុជា និងធ្វើជាសិក្ខាសាលាដកបទពិសោធន៍នៅខេត្តស្ទឹងត្រែង ក្រោមការដឹកនាំផ្ទាល់ពី ឧបនាយករដ្ឋមន្រ្តី
*ទី២៖ បន្តចូលរួមអនុវត្តគម្រោងសុវត្ថិភាពទន្លេមេគង្គ
*ទី៣៖ បន្តជួយលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលជាតិផ្តល់ សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍នៅខេត្តព្រះសីហនុ
*ទី៤៖ បន្តជួយពង្រឹងសមត្ថភាពអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពង្រឹងសមត្ថភាពមន្រ្តីជំនាញ និងផ្តល់ឧបករណ៍ដល់មន្ទីរពិសោធន៍គ្រឿងញៀន
*ទី៥៖ បន្តកម្មវិធីធ្វើទស្សនកិច្ចសិក្សាដកពិសោធន៍ការងារត្រួតពិនិត្យគ្រឿងញៀនដល់មន្រ្តីអនុវត្តច្បាប់កម្ពុជា
*ទី៦៖ ជួយគាំទ្រ និងការពារដល់ពលករកម្ពុជាដែលបាន និងកំពុងបំពេញការងារនៅប្រទេសថៃ។
ជាការកិច្ចឆ្លើយតប លោក ផាន់យ៉ារ៉ាក់ ភូលថាប់ អគ្គរាជទូតថៃ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរីកម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយទទួលបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ទន្ទឹមនឹងនេះ ភាគីថៃ បានឯកភាពទាំងស្រុងលើសភាពគ្រឿងញៀន ដែលបានលើកឡើងដោយ ឧបនាយរដ្ឋមន្រ្តី កែ គឹមយ៉ាន និងទទួលយកនូវរាល់សំណូមពរ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន៕